ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹងព្រែកត្នោត​ហក់ឡើងខ្លាំង​ជន់លិច​ច្រើន​សង្កាត់​​​​ក្នុង​ខណ្ឌដង្កោ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​បន្ត​កើនឡើង​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​កម្រិត​ប្រកាស​អាសន្ន ដោយ​បាន​ហៀរ​ច្រាំង​ហូរ​កាត់​ផ្លូវ​ទំនប់​សណ្ដរ​ស្ទឹង​ដ៏​សំខាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ រួម​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​កង​នគរបាល កងរាជអាវុធហត្ថ កងយោធា​តាម​បណ្ដា​អង្គភាព​នានា​រួម​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​និង​ប្រជា​ការពារ​បាន​ចេញ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​និង​ទប់ទឹក​យ៉ាង​សកម្ម​បំផុត​។ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ​៖ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​បន្ត​កើនឡើង​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​កម្រិត​ប្រកាស​អាសន្ន ដោយ​បាន​ហៀរ​ច្រាំង​ហូរ​កាត់​ផ្លូវ​ទំនប់​សណ្ដរ​ស្ទឹង​ដ៏​សំខាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ រួម​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​កង​នគរបាល កងរាជអាវុធហត្ថ កងយោធា​តាម​បណ្ដា​អង្គភាព​នានា​រួម​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​និង​ប្រជា​ការពារ​បាន​ចេញ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​និង​ទប់ទឹក​យ៉ាង​សកម្ម​បំផុត​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទឹកបាន​ឡើង​ខ្លាំង​បណ្ដាល​ឲ្យ​ហៀរហូរ​លើ​ផ្លូវ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ប្រវែង​ជា​ច្រើន​ម៉ែត្រ ដែល​ស្ថិត​ក្នុងភូមិ​ថ្ម សង្កាត់​ទៀន ខណ្ឌដង្កោ តាំ​ពី វេលា​យប់​ថ្ងៃ​ទី​១៣ ខែតុលា ម្ល៉េះ ដែល​ជា​ហេតុ​ប​បណ្ដាល​ឲ្យ​មានការ​ប្រមូលផ្ដុំ​កម្លាំង​ទាំង​យប់​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ទប់​ទាំង​យប់ ព្រោះតែ​មានការ​ព្រួយបារម្ភ​ខ្លាច​លិច​ភូមិ​លង់​ឋាន​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​។ នៅ​ក្នុង​គ្រោះ​ជំនន់​ទឹក​​ស្ទឹង​នេះ​បាន​បង្ក​ឡើង​ដោយសារ​តែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​មិន​ឈប់​ទាំង​នៅ​ក្នុ​ង​មូលដ្ឋាន​ខណ្ឌដង្កោ​ផង នៅ​តំបន់​ផ្សេង​ៗ​ផង​និង​ជា​ពិសេស​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ផង ហើយ​ទឹកបាន​ហូរ​ចាក់​ពី​ក្នុង​ខេត្តកំពង់ស្ពឺ​នោះ​ចូល​មក​ស្ទឹង​ព្រែក​ត្នោត​នេះ​យ៉ាង​គំហុក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹកស្ទឹង​ហក់​ឡើង​លឿន​និង​ខ្លាំង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​ក្នុង​សង្កាត់​ចំនួន​៤​របស់​ខណ្ឌ​ដែល​កំពុង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ពី​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ​ ក្នុង​នោះ​រួម​មាន​ ១-​សង្កាត់​ទៀន ចំនួន​៤៧​គ្រួសារ ស្មើនឹង​៣៣​ខ្នង​ផ្ទះ​, ២-​សង្កាត់​សាក់​សំពៅ ចំនួន​១០៧​គ្រួសារ​ស្មើនឹង​៦៦​ខ្នង​ផ្ទះ​, ៣-​សង្កាត់​ស្ពានថ្ម ចំនួន​៥៤​គ្រួសារ ស្មើ​នឹង​២៧​ខ្នង​ផ្ទះ និង​៤-​សង្កាត់​គង​ន​យ ចំនួន​១១៣​គ្រួសារ ស្មើរ​១០៦​ខ្នង​ផ្ទះ​។

​ទោះបីជា​បែប​ណា​ មិន​ទាន់​បណ្ដាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​នោះ​ឡើយ ពួក​គាត់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​រាជធានី​ភ្នំពេញ អាជ្ញាធ​និង​កងកម្លាំងប្រដាប់អាវុធ​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង សហ​ការណ៍​ជាមួយ​កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ កំណើន​ទឹកស្ទឹង​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​កាត់​លើ​ផ្លូវ​លេខ​១២០​អា ស្ថិត​នៅ​ក្នុងភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គាត់​ ។​

ព្រោះ​ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ​ផ្លូវ​អាច​និង​ត្រូវ​កាត់​ផ្ដាច់​ដោយ​កម្លាំង​ទឹក​បុក​ខ្លាំង ហើយ​ទឹក​និង​ជន់​លិច​ផ្ទះសម្បែង​រាប់​ពាន់​ខ្នង​និង​ដីស្រែ​រាប់រយ​ហិច​តា​នៅ​ខាងក្រោម​ប៉ែក​ខាងត្បូង ហើយ​មិន​ត្រឹមតែ​លិច​នៅ​ខណ្ឌដង្កោ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​និង​បណ្ដាល​ឲ្យ​លិចលង់​ដល់​ភូមិសាស្ត្រ​ខេត្តកណ្ដាល​ថែម​ទៀត​ផង​ ។

​បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​រួម​ជាមួយ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​ខាងលើ​បាន​យក​លូ​ដាក់​ទប់ទឹក​ត្រង់​ចំណុច​ដែល​ហូរ​កាត់​ផ្លូវ​នោះ​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​ការ​ព្រួយបារម្ភ​នៅ​តែ​មាន ព្រោះ​ទឹក​នៅ​តែ​បន្ត​កើនឡើង​ហើយ​ផ្លូវ​ទំនប់​សណ្ដរ​ស្ទឹង​ខាងលើ​នៅ​តែ​ទទួល​រង​ការ​គម្រាមកំហែង​ជា​ច្រើន​កន្លែង​ទៀត​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ពួក​គាត់​មិន​អាច​យក​របស់របរ​ចេញពី​ក្នុងផ្ទះ​បាន​ទាំង​អស់នោះ​ទេ គឺ​យក​ចេញ​បាន​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​ហើយ​របស់​ខ្លះ​ត្រូវ​បាន​អណ្ដែត​ទៅ​តាម​ទឹក​ហូរ​បាត់​អស់ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ទឹកជំនន់​មាន​កម្រិត​ខ្លាំង​ជាង​កាលពី​អំឡុង​ឆ្នាំ​២០០០​ទៅ​ទៀត ដោយ​ទឹកបាន​ជន់​ឡើង​យ៉ាង​គំហុក​ដោយ​មិន​និង​ស្មាន​ដល់​។​ទោះបី​បែប​ណា​អ្នក​ដែល​មានផ្ទះ​ខ្ពស់​លិច​តែ​ខាងក្រោម​មិន​បាន​ចាក​ចេញពីផ្ទះ​នោះ​ទេ នៅ​តែ​បន្ត​រស់នៅ​លើ​ផ្ទះ​ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ផ្ទះ​ត្រូវ​ទឹក​ទាំងស្រុង​នោះ​គឺ​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទទួល​សុវត្ថិភាព​ហើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ