ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​ការបរទេស​កម្ពុជា ច្រានចោល​​ការប្រកាស​​របស់​​​អ្នកនាំពាក្យ​​ក្រសួង​​ការ​បរទេស​​ឥណ្ឌូណេស៊ី

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​​​ក្រសួងការបរទេស​​ និងសហ​ប្រតិបត្តិការ​​អន្តរជាតិ​កម្ពុជា​ បាន​ធ្វើការ​​បំភ្លឺ​​ចំពោះព័ត៌​មាន​​​ទាក់ទង​នឹង​​ការ​ប្រកាស​របស់​​អ្នក​នាំពាក្យ​​​ក្រសួង​ការបរទេស​​​ឥណ្ឌូណេស៊ី នៅថ្ងៃទី​​២៤ មីនា ​​​តាម​រយៈ​ការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ AFP ​ដែលនិយាយ​​ថា កម្ពុជា និងថៃ ​មិន​ទាន់​យល់ព្រម​​អំពីការ​​ដាក់​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូ​ណេស៊ី​នៅតាមព្រំដែន​​នោះ គឺផ្ទុយ​ពី​​ការ​ពិត​​​ទាំង​ស្រុង ។ ​សេចក្តីថ្លែង​ការណ៍​​បានបញ្ជាក់​ថា ​កម្ពុជា​​​បានយល់ព្រម​​​ភ្លាម​ៗ​​​អំពីការ​ដាក់​​​អ្នក​សង្កេត​​ការណ៍​​មក​ខាង​កម្ពុជា ​ព្រមទាំង​​បាន​បង្ហាញ​ពី​​ចំណុចដែល​​​អ្នកសង្កេត​ការណ៍​​ឈរជើង​​ទៀត​ផង ។ ​ផ្ទុយទៅវិញ ភាគីថៃទេ ​ដែល​​ទាត់​ចោល​​​អ្នកសង្កេតការណ៍​​មិន​ឱ្យ​​មានលើ​ទឹកដី​របស់ខ្លួន ​។​

អ្នកនាំពាក្យ​​​ក្រសួងការបរទេស​​កម្ពុជា​បាន​​ប្រកាស​ទាត់ចោល​​យ៉ាង​ដាច់ខាត​​នូវការ​ប្រកាស​​ដ៏អកុសល​​របស់អ្នកនាំពាក្យ​​​ក្រសួងការ​បរទេស​ឥណ្ឌូណេស៊ីនេះ ។​ លោកកុយ គួង ​​អ្នកនាំពាក្យ​​ក្រសួង​ការ​​បរទេស​​​បានមាន​ប្រសាសន៍​​កាល​ពី​​ព្រឹក​ថ្ងៃទី​២៥ មីនា ២០១១ ​​ថា ក្រសួង​ការ​បរទេស​​​កម្ពុជា​រហូត​ដល់​​ពេលនេះ​​នៅ​មិនទាន់​ទទួល​ព័ត៌មាន​​​​ពី​វត្តមាន​របស់​មន្ត្រី​នៃ​ក្រុម​​អ្នក​សង្កេត​ការណ៍​​​របស់​ឥណ្ឌូណេស៊ី​​មក​កាន់​​ប្រទេស​កម្ពុជា ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​​នៅ​តាម​ព្រំដែន​កម្ពុជា​-­ថៃ​នៅឡើយទេ ។​ លោក​បានថ្លែង​​​ប្រាប់​កោះសន្តិភាព​តា​ម​ទូរស័ព្ទ​​​បន្តទៀត​​ថា លោ​ក​មិន​​បាន​ទទួលព័ត៌​មាន​អ្វី​ជា​ផ្លូវការ​​​ពីបញ្ហា​វត្ត​មាន​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​​ថា តើ​​ពួកគេ​នឹង​មក​ដល់​​កម្ពុជា​នៅ​ពេល​ណា​នោះ​​ទេ ។ ​ទោះបី​យ៉ាងណា ​លោក​មិន​​បាន​បញ្ជាក់​​​ពីមូលហេតុ​​​ឱ្យ​បាន​ច្បាស់លាស់នៅឡើយ​ទេ ​ដោយគ្រាន់តែ​​បញ្ជាក់​​​យ៉ាង​ខ្លី​ថា ក្រសួង​​ការបរទេស​​នៅ​មិន​ទាន់​​​បានទទួល​ព័ត៌​មាន​​​ជា​ផ្លូវ​ការ​​ទេ ។

ក្រុម​អ្នក​​វិភាគ​​បានកត់សម្គាល់​​​ថា ​បញ្ហា​​​អ្នក​សង្កេត​ការណ៍ឥណ្ឌូណេស៊ី​​​អាច​ត្រូវ​ជាប់គាំង​ដោយ​សារ​​តែ​​ភាគី​សៀម​ក្រឡិច​ក្រឡុច​ហើយ​​​បានធ្វើ​ការ​ប្រកាស​មិន​​ទទួល​យក​​អ្នក​សង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​ និង​បាន​ហាម​មិន​​ឱ្យ​​អ្នក​​​សង្កេត​​ការណ៍​ចូលទៅកាន់​តំបន់​​​ដែលសៀម​អះ​អាង​​​ថា ជា​ដី​៤,៦​គីឡូម៉ែត្រ ​នៅ​តំបន់​ប្រា​សាទ​ព្រះវិហារ​ផងដែរ ។​ គួររំឭក​​ថា កាលពីថ្ងៃទី​​​២២ កុម្ភៈ ​ឆ្នាំ​​​២០១១ ​​មានការ​កោះប្រជុំ​​​ថ្នាក់​​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​អាស៊ាន​​ជា​បន្ទាន់​មួយ​នៅ​ទីក្រុង​​ហ្សាការ​តា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ រដ្ឋ​មន្ត្រី​​ការបរទេស​ឥណ្ឌូណេស៊ី​​​ដែល​ជា​ប្រធាន​​​អាស៊ាន និង​ប្រធាន​​កិច្ចប្រជុំ​​បាន​អះអាង​ថា ​អាស៊ាន​​គ្រោងនឹង​​បញ្ជូន​​អ្នកសង្កេត​ការណ៍​​អាស៊ាន​​មកកាន់​តំបន់ដែល​មានការប៉ះទង្គិច​​គ្នា​រវាង​​ប្រទេស​​កម្ពុជា និ​ងថៃ ។ ​ការបញ្ជូននេះ​ត្រូវ​បាន​​គេអះអាង​ថា ​អ្នក​សង្កេត​ការណ៍​​​ទាំង​នោះ​គ្រោងនឹង​បញ្ជូន​​មកដល់​កម្ពុជា​​​នៅថ្ងៃទី​​២៥ កុម្ភៈ ​ឆ្នាំ​២០១១ កន្លងទៅនោះ ប៉ុន្តែ​​​រហូត​មក​ដល់​ពេល​នេះគេ​នៅ​​មិនទាន់បាន​ឃើញ​​វត្តមាន​អ្នក​​ទាំង​នោះ​ទេ ៕​