ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណី​ត្បាញ​ហូល​ «​ព្រៃកប្បាស​»​កំពុង​ប្រឈម​បាត់បង់​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ ជីវិត​ជា​អ្នក​តម្បាញ​ហូល​នៅ​ស្រុក​ព្រៃកប្បាស ដែល​បាន​ធ្វើ​ឡើង​រាប់​ជំនាន់​មក​ហើយ​នោះ ក៏​កំពុង​តែ​បាត់បង់​ជា​បណ្តើរ​ៗ ដោយសារ​តែ​ជួប​ការ​លំបាក​គ្មាន​ទីផ្សារ គ្មាន​ការ​ពេញ​និយម តើ​ធ្វើ​យ៉ាងណា​បើ​មុខរបរ​ដូនតា​ត្រូវ​ប្រជាពលរដ្ឋ​បំភ្លេច គេ​ងាក​ទៅ​ចាប់​របរ​ផ្សេង​ៗ ដូច​ជា​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស…

ខេត្តតាកែវ ៖ ជីវិត​ជា​អ្នក​តម្បាញ​ហូល​នៅ​ស្រុក​ព្រៃកប្បាស ដែល​បាន​ធ្វើ​ឡើង​រាប់​ជំនាន់​មក​ហើយ​នោះ ក៏​កំពុង​តែ​បាត់បង់​ជា​បណ្តើរ​ៗ ដោយសារ​តែ​ជួប​ការ​លំបាក​គ្មាន​ទីផ្សារ គ្មាន​ការ​ពេញ​និយម តើ​ធ្វើ​យ៉ាងណា​បើ​មុខរបរ​ដូនតា​ត្រូវ​ប្រជាពលរដ្ឋ​បំភ្លេច គេ​ងាក​ទៅ​ចាប់​របរ​ផ្សេង​ៗ ដូច​ជា​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ឬ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ។

នៅ​ពេល​នេះ​អ្នក​ភូមិ​មួយ​ដែល​ធ្លាប់​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ បែរជា​ស្ងាត់បាត់​គ្នា ។ ការងារ​ត្បាញ​នេះ​ទោះ​វា​លំបាក តែ​អ្នកស្រុក​នៅ​តែ​ចង់​ប្រកប​របរ​នេះ ។ កាលពីមុន​កូនស្រី​តែងតែ​អង្គុយ​ត្បាញ​នៅ​ក្រោមផ្ទះ ចំណែក​ឪពុក​ម្តាយ​បងប្អូន ឬ​មិត្ត​ជិតខាង​មក​អង្គុយ​ចង​គៀត ខាល់​សូត្រ បិត​ខ្នា​ល់ រំ​គៀត អន្ទង​សូត្រ បណ្តើរ​និយាយ​គ្នា​ច្រៀង​លេង​យ៉ាង​សប្បាយ​រីករាយ យើង​ទាំងអស់​គ្នា​អាច​រក​ប្រាក់​ចូល​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ចាំបាច់​ទៅ​ណា​ឆ្ងាយ ។

អ៊ុំ​ស្រី​យិ​ន យៀន អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​សម្តេច​ពាន់ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​កំពុង​តែ​ឈរ​មើល​កូនស្រី​កំពុង​ត្បាញ​ហូល​នៅ​ក្រោមផ្ទះ​បាន​មាន​ប្រសាសន៍​ថា​៖ កាល​ពីដើម​អ្នក​ភូមិ​សម្តេច​ពាន់ ឃុំ​ក្តា​ញ់ ប្រកប​មុខរបរ​ត្បាញ​ហូល​នេះ ទាំង​ចាស់ ទាំង​ក្មេង ពី​ព្រលឹម​ទល់​យប់ ។ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ ការងារ​តម្បាញ​ហូល​នេះ គឺជា​ការងារ​សំខាន់​របស់​អ្នក​ភូមិ​ក្តា​ញ់​នេះ​ទាំងមូល ។ តែ​ពេល​នេះ សិប្បករ​តម្បាញ​នៅ​ក្នុងភូមិ​នេះ​ស្ទើរតែ​ទាំងអស់ សម្រេច​ចិត្ត​បោះបង់​កី​តម្បាញ​របស់​ពួក​គេ​ដោយ​គ្មាន​អា​លោះ​អាល័យ​សោះឡើយ ។ ហើយ​ពួកក្មេង​ដែល​មាន​កម្លាំង​បាន​ចាក​ចេញពី​ស្រុក​នេះ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​ទីប្រជុំជន និង​ទីក្រុង​ផ្សេង​ៗ ជំនួស​វិញ ។

ដោយឡែក​អ៊ុំ​ស្រី​មានការ​សោកស្តាយ មុខរបរ​ដែល​សល់​ពី​ដូនតា ទើប​គាត់​បាន​អប់រំ​កូនស្រី​មិន​ឲ្យ​ចំណាកស្រុក ហើយ​បង្ហាត់បង្រៀន​កូន​ឲ្យ​ចេះ​ត្បាញ​ហូល ផាមួង រហូត​ដល់​ចេះ​ស្ទាត់​មក​ដល់​ពេល​នេះ ។ បើ​ទោះជា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​តម្លៃ​ហូល ផាមួង នៅ​លើ​ទីផ្សារ​ក្នុងស្រុក ហើយ​តម្លៃ​វត្ថុធាតុដើម​ដែល​គេ​យក​មក​ត្បាញ​ធ្វើ​ជា​ហូល ផាមួង នោះ មាន​កើនឡើង​តម្លៃ​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ អ៊ុំ​នៅ​តែ​តស៊ូ​ត្បាញ​ហូល ផាមួង ដដែល ដើម្បី​ថែរក្សា​កេរតំណែល​ពី​ដូនតា​របស់​ខ្លួន​ដែល​បន្សល់​ទុក​មក​សម្រាប់​អ្នកស្រុក​ព្រៃកប្បាស​ផង​ដែរ ។

អ្នក​មីង​លឹ​ម យ៉​ន រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស អ្នក​ធ្លាប់​ប្រកប​របរ​ត្បាញ​ហូល​នៅ​ក្នុងភូមិ​នេះ​បាន​និយាយ​ថា​៖ ពេល​នេះ​កូនចៅ​របស់​អ្នក​មីង​ចេញ​ទៅ​រក​ការងារ​នៅ​តាម​ទីក្រុង​អស់ហើយ ព្រោះថា​ក្រៅពី​ធ្វើស្រែ គ្រួសារ​គាត់​មិន​ប្រកប​របរ​អ្វី​ផ្សេង​បាន​ទៀត​នៅ​តាម​ផ្ទះ​ដូច​ពី​មុន​បាន​នោះ​ទេ ។

អ្នក​មីង​បាន​បន្ត​ទៀត​ថា កាលពីមុន​នៅ​ក្នុងភូមិ​ស្រុក​នេះ ផ្ទះ​ណា​ក៏​ត្បាញ ហូល ផាមួង ដែរ តែ​ចាប់តាំងពី​បី​បួន​ឆ្នាំ​មកនេះ ហូល​លក់​មិន​បាន​ថ្លៃ ដូច្នេះ​ហើយ​ទើប​គេ​នាំ​គ្នា​ឈប់​ប្រកប​មុខរបរ​នេះ​ជា​បន្តបន្ទាប់​ទៅ ។

ស្ត្រី​ដែល​ប្រឡូក​ក្នុង​ការងារ​ត្បាញ​ហូល​ជាង​៣០​ឆ្នាំ​បន្ថែម​ថា​៖ ក្រោយ​ហូល​ធ្លាក់​ថ្លៃ​ខ្លាំង ប្រជា​កសិករ​ភាគច្រើន​ងាក​ទៅ​ធ្វើ​ការងារ​រោងចក្រ​ជំនួស​វិញ ពិសេស​ក្មេង​ៗ យុវវ័យ​ជំនាន់​ក្រោយ ក៏​ពុំ​សូវ​ចូល​ចិត្ត​ការងារ​តម្បាញ​ហូល​នេះ​ដែរ ព្រោះ​ហូល​ខ្លះ​មាន​គោម ឬ​ក្រឡា​ស្មុគស្មាញ ពិបាក​ក្នុង​ការ​ត្បាញ ។ ឥឡូវ​វា​អត់​បាត់បង់​ទាំងស្រុង​នោះ​ទេ អ្នកចេះ​ត្បាញ​ចេះ​តែ​ត្បាញ​ទៅ ព្រោះ​របរ​ហ្នឹង​ទៅ​ហើយ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​ពិបាក​ថា​ដែរ ព្រោះ​អី​ក្រែងលោ​ក្មេង​ៗ ក្រោយ​ៗ គេ​អត់​ចង់​ត្បាញ​អី​ទៅ វា​អាច​បាត់បង់​ដែរ ។

អ្នក​មីង​លឹ​ម យ៉​ន បាន​បញ្ជាក់​ថា​៖ ពី​មុន​អ្នក​មីង​ទិញ​សូត្រ​យក​មក​ត្បាញ​លក់​ខ្លួនឯង ដោយ​មួយ​កី​ចំណាយ​ជាង​២០០​ដុល្លារ ប៉ុន្តែ​មិនសូវ​ចំណេញ ទើប​បច្ចុប្បន្ន​អ្នក​មីង​សុខចិត្ត​ស៊ីឈ្នួល​គេ​ដោយ​ក្បិន​ធម្មតា​មួយ​ក្បិន (​ប្រវែង​៤​ម៉ែត្រ​) ទទួល​បាន​៨​ម៉ឺន​រៀល ។ រីឯ​ក្បិន​ដែល​មាន​គោម​ក្រឡា​ច្រើន​មួយ​ក្បិន​ទទួល​បាន​២៦​ម៉ឺន​រៀល ។

ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ​ខ្លាំង​មួយ​រយៈ​ពេល ធ្វើ​ឱ្យ​កសិករ​ត្បាញ​ហូល​នៅ​ភូមិ​ដុ​ង ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ស្ទើរតែ​ទាំងអស់​បាន​ទុក​កី​តម្បាញ​របស់​ខ្លួន​ចោល ហើយ​ងាក​ទៅ​ប្រកបរ​បរជា​កម្មករ​-​កម្មការិនី​រោងចក្រ​វិញ ធ្វើ​ឱ្យ​របរ​ដូនតា​មួយ​នេះ​ហាក់​បាត់​ស្រមោល​បន្តិច​ម្ដង​ៗ ។ ដូច្នេះ​អត្តសញ្ញាណ​របស់​អ្នកស្រុក​ព្រៃកប្បាស​ដែល​ធ្លាប់​ល្បីឈ្មោះ​ពី​ស្នាដៃ​ត្បាញ​ហូល​តាំងពី​រាប់​ទត​វត្សរ៍​មក​ហើយ​នោះ នឹង​ត្រូវ​បាត់បង់​ជាក់​ជា​មិន​ខាន ។ គាត់​ថា មិនយូរ​នោះ​ទេ កេរ​ឈ្មោះ​ដែល​ធ្លាប់​ល្បី​ខាង​ការ​ផលិត​ហូល​នេះ ក៏​សាបរលាប​នៅ​ពេល​ដែល​អ្នកស្រុក​នេះ រើ​កី​តម្បាញ​របស់​ខ្លួន​ចោល​នោះ ។

សម្រាប់​មជ្ឈដ្ឋាន​អ្នក​វប្បធម៌​វិញ ការ​បោះបង់​មុខរបរ​ត្បាញ​ហូល​របស់​អ្នកស្រុក​ព្រៃកប្បាស វា​មិន​ត្រឹមតែ​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គេ​នោះ​ទេ តែ​ជា​ការ​បាត់បង់​នូវ​វប្បធម៌​របស់​អ្នក​ភូមិ​ស្រុក​នេះ​ផង ហើយ​ក៏​ជា​ការ​បាត់បង់​នូវ​អត្តសញ្ញាណ​របស់​ស្រុក​នេះ​ផង​ដែរ ។ សម្រាប់​​អ្នក​វប្បធម៌ មុខរបរ​របស់​អ្នកស្រុក​នេះ ជា​កេរ្តិ៍​ដំណែល​វប្បធម៌​មួយ​មិន​អាច​កាត់ថ្លៃ​បាន​ទេ ។ ដូច្នេះ​គួរតែ​យើង​ថែរក្សា​ឲ្យ​មុខរបរ​នេះ​បន្ត​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ