ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំរិត​ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​វិញ​​ហើយ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ គិត​ត្រឹមម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើង​វិញ​ដល់​កំរិត​១៤,២​ម៉ ដែល​ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​នានា ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបងស្ទើរ​គ្រប់​ទីកន្លែងនៅ​តែ​បន្ត​ការ​លិចលង់ ខណ​:​កាលពី​ម្សិលមិញ​កំពស់​ទឹកបាន​ថមថយ​បន្តិច​ទៅ​ហើយ​។ នេះ​បើ​តាម​មន្ត្រី​ដែល​តាមដាន​កំរិត​ទឹកស្ទឹង​សង្កែ​ជា​ប្រចាំ​បាន​និយាយ​…

ខេត្តបាត់ដំបង​៖ គិត​ត្រឹមម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើង​វិញ​ដល់​កំរិត​១៤,២​ម៉ ដែល​ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​នានា ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបងស្ទើរ​គ្រប់​ទីកន្លែងនៅ​តែ​បន្ត​ការ​លិចលង់ ខណ​:​កាលពី​ម្សិលមិញ​កំពស់​ទឹកបាន​ថមថយ​បន្តិច​ទៅ​ហើយ​។ នេះ​បើ​តាម​មន្ត្រី​ដែល​តាមដាន​កំរិត​ទឹកស្ទឹង​សង្កែ​ជា​ប្រចាំ​បាន​និយាយ​ ។

មន្ត្រី​ជំនាញ​បាន​និយាយ​ថា ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​វិញ ចាប់តាំងពី​វេលា​រំលង​អធ្រា​ត្រ​រហូត​មក ដោយសារ​នៅ​ប៉ែក​ខាងលើនៃ​ស្រុក​សំឡូត មេឃ​នៅ​តែ​បន្ត​ភ្លៀង​ធ្លាក់​មិន​ទាន់​ស្រាក​ស្រា​ន្ត ​។ ដូច្នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ទឹក​នៅ​ដងស្ទឹង​សង្កែ នៅ​តែ​បន្ត​ឡើង និងធ្វើ​ឱ្យ​លិចលង់​កាន់តែ​ខ្លាំង​ដល់​ផ្លូវថ្នល់ លំនៅ​ឋាន​ពលរដ្ឋ និងដំណាំ​កសិកម្ម​។

បើ​តាម​ព័ត៌មាន​បណ្ដោះអាសន្ន​នានា ដែល​កោះសន្តិភាពទ​ទួល​បាន​នៅ​ព្រឹក​នេះ គឺ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ជាប់​ព្រំដែន​ថៃ ហាក់​បាន​ធូរស្រាល​បន្តិច តែ​ទឹកជំនន់​នេះ​ហាក់​កំពុង​ហូរ​ឆ្ពោះទៅ​កាន់​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ប៉ែក​ខាងក្រោម​ៗ​។

ជាក់ស្ដែង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ថា ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយប្រហារ​ចូល​ទៅ​តាម​បណ្ដា​ឃុំ​ខ្លះនៃ​ស្រុក​ប​វេ​ល ធ្វើ​ឱ្យ​លិចលង់​ខ្លាំង​នៅឡើយ ខណ​:​អាជ្ញាធរ​និង​សមត្ត​កិច្ច នៃ​ស្រុក​នេះ​កំពុង​ប្រឹងប្រែង​ចុះ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្វែង​ដៃ​ខ្វែងជើង​បំផុត​។

ដោយឡែក​ នៅ​ឯ​ស្រុក​ឯក​ភ្នំឯណោះ​វិញ បើ​ប្រភព​ព័ត៌មាន​បាន​ផ្ដល់​ជាបឋម​ថា ស្ទើរ​ទីកន្លែង​នៃ​ស្រុក​ជាប់​ទន្លេសាប​មួយ​នេះ កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ​។ ផ្លូវថ្នល់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​ត្រូវ​ខូចខាត លំនៅ​ឋាន​ពលរដ្ឋ​រាប់រយ​គ្រូ​សារ​ត្រូវ​លិចលង់ រីឯ​ដំណាំ​កសិកម្ម​រាប់រយ​ហិច​តា​ក៏​អាច​ប្រឈម​នឹង​ការ​ខូចខាត​ដែរ​។

ប៉ុន្តែ​ពេល​នេះ​ ទាំង​អាជ្ញាធរ​ខេត្ត ស្រុក និងកងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន បាន​និង​កំពុង​សម្រុក​ចុះ​អន្តរា​គម​ន៍ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ ជាមួយនឹង​ការ​ចុះ​ចែក​អំណោយ​ជា​បន្តបន្ទាប់​ដល់​ជន​រង​គ្រោះ​។ ប៉ុន្តែ​យ៉ាង​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត ចៀសវាង​គ្រោះថ្នាក់​ដោយ​យថាហេតុ​៕

អត្ថបទសរសេរ ដោយ