ផាក​ពិន័យ​ជាង៤លាន​រៀល​សំរាប់​ការ​ធ្វើ​សន្និ​ធិ​សាច់​សត្វ​ព្រៃ​ខុស​ច្បាប់


ខេត្ត​មណ្ឌល​គិរី​ ៖ ប្រតិ​បត្តិ​ការ​បង្ក្រាប​រួម​គ្នា​មួយ​ធ្វើ​ឡើង​​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ដោយ​ក្រុម​ចល័ត​បង្ក្រាប​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​ដឹក​នាំ​ដោយ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​ក្រុម​ប្រតិ​កម្ម​រហ័ស​ង្គ្រោះ​សត្វ​ព្រៃ​នៃ​រដ្ឋ​បាល​ព្រៃ​ឈើ​គាំទ្រ​ដោយ Wildlife Alliance បាន​រឹប​អូស​សាច់​ជ្រូក​ព្រៃ​ និង​ឈ្លូស​សរុប​ចំនួន​៧៥​គីឡូ​ក្រាម​ ដែល​បាន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​ពី​ភោជនីយ​ដ្ឋាន​ចំនួន​ពីរ​ផ្សេង​គ្នា​ជា​កន្លែង​ភ្ញៀវ​និយម​ចូល​បរិភោគ​។ ផ្អែក​តាម​ព័ត៌​មាន​ទទួល​បាន​ពី​អ្នក​រាយ​ការណ៍​នៅ​មូល​ដ្ឋាន​ ក្រុម​ចល័ត​បង្ក្រាប​ចំរុះ​ដែល​មាន​សមាស​ភាព​មក​ពី​រដ្ឋបាល​ព្រៃ​ឈើ​ នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​បាន​ចុះ​ស៊ើប​ការណ៍​ដើម្បី​ប្រមូល​ព័ត៌​មាន​ឱ្យ​បាន​ច្បាស់​លាស់​មុន​ពួក​គេ​សំរេច​ចិត្ត​ចុះ​បង្ក្រាប​ដល់​ទី​តាំង​ភោជនីយ​ដ្ឋាន​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​រម្យ​នា​ និង​ឃុំ​ស្ពាន​មាន​ជ័យ។ លោក​ឈុំ សំណាង ជាមន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ និង​ជា​ប្រធាន​ក្រុម​ចល័ត​បង្ក្រាប​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​និយាយ​ថា ផ្អែក​តាម​បទ​សំភាសន៍​របស់​ក្រុម​បង្ក្រាប​ជាមួយ​នឹង​អ្នក​តំណាង​ភោជ​នីយ​ដ្ឋាន​ទាំង​ពីរ​បង្ហាញ​ថា ពួក​គេ​ដឹង​ថា​ ទង្វើ​របស់​ពួកគេ​​ជាទង្វើ​ខុស​ច្បាប់​ ហើយ​ពួក​គេ​ក៏​ដឹង​អំពី​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ដែល​តំរូវ​ឱ្យ​ម្ចាស់​ភោជ​នីយ​ដ្ឋាន​ អ្ន​ក​និយម​សាច់​សត្វ​ព្រៃ​ ទេស​ចរណ៍​ និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​មិន​ពាក់​ព័ន្ធ​នឹង​សាច់​សត្វ​ព្រៃ​ និង​ឈើ​ខុស​ច្បាប់​។

លោក​បន្តថា តំរូវ​ការ​សាច់​សត្វ​ព្រៃ​ជា​អាហារ​ គឺ​ជា​មូល​ហេតុ​ដែល​ម្ចាស់​ភោជនីយ​ដ្ឋាន​ប្រថុយ​ធ្វើ​ទង្វើ​ដែល​ច្បាប់​ហាម​ឃាត់​នេះ​។ យោង​តាម​មាត្រា​៩៦​នៃ​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ ការ​ធ្វើ​សន្និ​ធិ​សាច់​សត្វ​ព្រៃ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​ជាទង្វើ​មួយ​ផ្ទុយ​នឹង​​ច្បាប់​ ហើយ​ត្រូវ​ទទួល​ទោស​ផាក​ពិន័យ​ជា​ប្រាក់​ធ្ងន់​ធ្ងរ​ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ និង​បទ​ប្បញ្ញតិ្ត​ជា​ធរមាន​។ ក្រុម​ប្រតិ​កម្ម​រហ័ស​សង្គ្រោះ​សត្វ​ព្រៃ​បាន​យក​សាច់​សត្វ​ព្រៃ​ដែល​រឹប​អូស​បាន​ទាំង​អស់​​ទៅ​មជ្ឈ​មណ្ឌល​សង្គ្រោះ​​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ដើម្បី​ឱ្យ​សត្វ​ខ្លា​ស៊ី​ជា​អាហារ​។

កញ្ញា Michelle Owen ប្រធាន​កម្ម​វិធី​អភិ​រក្ស​នៃ​អង្គ​ការ WWF មាន​ប្រសាសន៍ថា ជាញឹក​ញយ​បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​កើត​មាន​ឡើង​ដោយ​សារ​តែ​មាន​តំរូវ​ការ​ទទួល​ទាន​សាច់​សត្វ​ព្រៃ​ និង​តំរូវ​ការ​ប្រើ​ប្រាស់​នូវ​គ្រឿង​សង្ហារិម​ធ្វើ​ពី​ឈើ​ប្រណីត​។ ប្រភេទ​តំរូវ​ការ​ទាំង​អស់​នេះ​ជា​កត្តា​ជំរុញ​ឱ្យ​មាន​​ការ​បរ​បាញ់​ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ព្រម​ទាំង​នាំ​ឱ្យ​មាន​ការ​ជួញ​ដូរ​ខុស​ច្បាប់​នូវ​ផលិត​ផល​ឈើ និង​សត្វ​ព្រៃ​។
កញ្ញា Michelle បន្ត​ថា «ដើម្បី​ឱ្យ​មាន​ការ​កាត់​បន្ថយ​នូវ​បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ទាំង​អ្នក​លក់ ទាំង​អ្នក​ទិញ​ត្រូវ​និយាយ​ថា មិន​ពាក់​ព័ន្ធ​នឹង​ផលិត​ផល​ព្រៃ​ឈើ​ និង​សត្វ​ព្រៃ​ខុស​ច្បាប់​។ ប្រសិន​បើ​ជន​ណា​ម្នាក់​ទិញ​ផលិត​ផល​សត្វ​ព្រៃ​ និង​ផលិត​ផល​ឈើ​ខុស​ច្បាប់​​ជន​នោះ​គាំ​ទ្រ​អំពើ និង​បទ​ល្មើស​ព្រៃ​ឈើ​ និង​សត្វ​ព្រៃ»។

សកម្ម​ភាព​បង្ក្រាប​ និង​ការ​រឹប​អូស​លើក​នេះ ព្រម​ទាំង​សកម្ម​ភាព​បង្ក្រាប​ជា​ច្រើន​ទៀត​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​ជា​លទ្ធ​ផល​ផ្ទាល់​មួយ​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​ឆ្លើយ​តប​យ៉ាង​ទាន់​ពេល​វេលា​របស់​ក្រុម​ចល័ត​បង្ក្រាប​ និង​ក្រុម​ពង្រឹង​ការ​ងារ​អនុវត្ត​ច្បាប់​ប្រចាំ​តំបន់​ការ​ពារ​ ព្រម​ទាំង​ដោយ​សារ​មាន​បណ្តាញ​រាយ​ការណ៍​ច្បាស់​លាស់​។ ចាប់​តាំង​ពី​ខែ​កក្កដា រហូត​មក​ទល់​ពេល​នេះ​ ក្រុម​បង្ក្រាប​រឹប​អូស​បាន​សាច់​សត្វ​ព្រៃ​រួម​មាន​ ជ្រូក​ព្រៃ ឈ្លូស ទន្សោង សរុប​ចំនួន​១៩៩​គីឡូ​ក្រាម​ ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ទាំង​អស់​។ សត្វ​ព្រៃ​រស់​រួម​មានរញី ត្រកួត ពស់ អណ្តើក​ និង​កាំប្រម៉ា សរុប​ចំនួន​៤០​ក្បាល​ដែល​ត្រូវ​បាន​លែង​ចូល​ព្រៃ​វិញ​ទាំង​អស់​ ព្រម​ទាំង​សត្វ​ព្រៃ​ងាប់​រួម​មាន​ក្ងោក ជ្រូក​ព្រៃ​ សំពោច និង​ជ្រូក​ពោន សរុប​ចំនួន​៥​ក្បាល​ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ទាំង​អស់​។ ការ​រឹប​អូស​ទាំង​ឡាយ​រាប់​បញ្ចូល​ផង​ដែរ​នូវ​រណារ​យន្ត​ចំនួន​១១​គ្រឿង​ រទេះ​គោ​ចំនួន​១៧គ្រឿង អន្ទាក់​ចំនួន​៣៦​ដុំ​ខ្សែ ព្រម​ទាំង​ឈើ​ប្រណីត​សរុប​ចំនួន​១១​ម៉ែត្រ​គូប​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​ប្រតិ​កម្ម​រហ័ស​សង្គ្រោះ​សត្វ​ព្រៃ​បាន​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​ចំនួន​៤១៤​ក្បាល សំរាប់​ខែ​កក្កដា​ និង​សីហា​។

លោក​កែវ សុភគ៌ ប្រធាន​គ្រប់​គ្រង​ព្រៃ​ការ​ពារ​មណ្ឌល​គិរី​នៃ​រដ្ឋ​បាល​ព្រៃ​ឈើ​និយាយ​ថា​ ជោគ​ជ័យ​ជា​ច្រើន​ក្នុង​ការ​ងារ​​បង្ក្រាប​បទ​ល្មើស​ និង​ការ​ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូវ​សក្តា​នុពល​​នៃ​ការ​ចូល​រួម​រាយ​ការណ៍​ដោយប្រជា​ពល​រដ្ឋ​​ដែល​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ និង​បង្អាក់​​ដំណើរ​ការ​សកម្ម​ភាព​ល្មើស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ លោក​សុភគ៌ បន្ត​ថា ការ​ចូល​រួម​រាយ​ការណ៍​អំពី​បទ​ល្មើស​ព្រៃ​ឈើ​ និង​សត្វ​ព្រៃ​មាន​ច្រើន​កាល​ណា​ ប្រតិ​បត្តិ​ការ​បង្ក្រាប​ និង​ការ​ពង្រឹង​​ការ​អនុវត្ត​ច្បាប់​នឹង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​មួយ​កំរិត​ទៀត​កាល​ណោះ​។

បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ក្នុង​គ្រប់​រូប​ភាព​ និង​ទំរង់​សុទ្ធ​តែ​បង្ក​ហេតុ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវ​ចំរុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​បរ​បាញ់​​ខុស​ច្បាប់​​ប្រហែល​ជា​បាន​ធ្វើ​ឱ្យ​សត្វ​គោ​ព្រៃ​​ដែល​ជា​សត្វ​និមិត្ត​​រូប​របស់​ជាតិ​​ផុត​ពូជ​ពី​ព្រៃ​ប្រទេស​កម្ពុជា​​ទៅ​ហើយៗ​វា​កំពុង​ដាក់​សំពាធ​ទៅ​លើ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ ជាពិសេស​ប្រភេទ​ជិត​ផុត​ពូជ​ដូច​ជា​ខ្លា​ធំ និងប្រភេទ​សត្វ​ជា​ចំណី​របស់​វា​ដូច​ជា​ប្រើស​ ទន្សោង រមាំង​ ខ្ទីង និង​ឈ្លូស​ជា​ដើម​។ ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​កត្តា​គំរាម​កំហែង​មួយ​ទៀត​ដល់​អធិប​តេយ្យ​​ភាព​​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ព្រៃ​ឈើ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ