ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានសៀម​ធ្វើ​សមយុទ្ធ​​នៅខ្សែ​​ត្រៀម​ជួរ​​មុខ​​មិន​ប្រាប់​​​អាជ្ញាធរ​​កម្ពុជា​​បណ្តាល​​ឱ្យ​​ពលរដ្ឋ​​ខ្លះ​​វេច​​​ស្ពាយ​រត់

15 ឆ្នាំ មុន

​ព្រំដែនខេត្តឧត្តរ​មានជ័យ​ ៖ ​មាន​​សេច​ក្តី​​រាយការណ៍​​មក​ថា ​ទាហានថៃ​​​បានធ្វើ​​សម​យុទ្ធ​​​​ដោយ​ចាប់ផ្តើម​​កាលពី​​វេលាម៉ោង​​ប្រមាណ​​៨ព្រឹកថ្ងៃអង្គារ ទី​​១៥ មីនា នេះ ​បណ្តាល​​ឱ្យ​ប្រជា​​ពលរដ្ឋ​ខ្មែរ​​​ដែលរស់នៅក្នុង​ភូមិ​ជប់គគីរ ​រហូត​​ដល់​ភូមិ​​ថ្ម​​ដូន ​ស្ថិត​ក្នុង​​ឃុំគោក​មន ស្រុក​​បន្ទាយ​អំពិល ​មានការភ័យ​​ស្លន់​ស្លោ​​​រត់​ចូល​​ត្រង់សេ ខ្លះ​ក្រាបពួន​នឹង​ផ្ទាំង​ថ្ម​ និង​រត់​​ចុះមក​​ខាង​ក្រោម​​ភ្នំ ​ដោយនឹក​ស្មាន​ថា ជា​ការប្រយុទ្ធ​​គ្នា​​ជាថ្មី​​រវាង​ទាហាន​កម្ពុជា និងថៃ​ ។

យោង​តាម​សេចក្តី​​​រាយ​​ការណ៍​​របស់​​អ្នក​យក​ព័ត៌​មាន​​កោះ​សន្តិភាព​​ប្រចាំ​ខេត្ត​​ឧត្តរមានជ័យ បាន​បញ្ជាក់​​​ឱ្យ​​ដឹ​ងថា ​ការធ្វើ​​សម​យុទ្ធ​​​របស់​ទាហាន​​​ថៃ​នា​ពេល​នេះ ភាគីថៃ​មិន​បាន​ជូន​ដំណឹង​​​​ដល់​អាជ្ញាធរខ្មែរ​​នោះទេដោយគេ​ធ្វើ​នៅ​ក្នុង​ទឹកដី​​របស់គេ ចម្ងាយ​​​ប្រមាណ​៦០០ម៉ែត្រ ​ពីខ្សែ​​បន្ទាត់ព្រំដែន​ ។ នៅ​ពេលទាក់ទង​តាម​ទូរស័ព្ទ​​ដើម្បី​​សុំ​សេចក្តី​​អត្ថា​ធិប្បាយ​​ពី​បញ្ហា​ការ​ធ្វើ​សម​យុទ្ធ​របស់​​​ទាហាន​ថៃ​ដោយ​មិន​បាន​ជូន​ព័ត៌មាន​​ដល់​អាជ្ញា​ធរ​ខ្មែរ​នា​ពេលនោះ លោក​ហុង​ ចំរើន ​​អធិការ​ស្រុកបន្ទាយ​អំពិល​​​បាន​ប្រាប់​​​កោះ​សន្តិភាព​​ថា ​លោក​មិនទាន់​បានទទួលព័ត៌​មាន​​​នេះ​នៅឡើយទេ ​ដោយបង្វែរ​​សំណួរ​​ឱ្យទៅ​​សួរ​​​ខាង​វរៈ​​ព្រំដែន​វិញ ។

​ដោយឡែក​​លោក​ឧត្តម​សេនីយ៍​​នាក់ វង្ស ​មេបញ្ជា​ការ​​ប្រចាំ​ទិស​​ប្រាសាទ​​តាមាន់​​ ​បាន​មាន​ប្រសាសន៍​​​ថា ពិត​ជា​​មានការ​​​ធ្វើ​សមយុទ្ធ​​​​របស់​ទាហាន​ថៃ​​នោះមែន ប៉ុន្តែ​​ការ​ធ្វើ​​សមយុទ្ធ​នោះ​មិន​​បានធ្វើនៅ​តំបន់ជិត​​ប្រាសាទ​​តាមាន់​នោះ
ទេ ។ ​ទោះ​ជា​យ៉ាងណា ​បើ​តាម​​សេចក្តី​​​រាយ​ការណ៍​​​បាន​បញ្ជាក់​​ឱ្យ​​ដឹង​ដែរ​ថា ​សមយុទ្ធ​​របស់​ទាហានថៃ​​នេះ​បានស្ងប់ស្ងាត់​​​វិញ​ហើយ ​នៅ​​វេលា​ម៉ោង​​ប្រមាណ​​៩ព្រឹកថ្ងៃ​អង្គារ​នេះ ៕​