ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ក្រីក្រ​បាន​ផ្លាស់​ប្តូរ​មុខមាត់​ដោយសារ​អាជីព​ដាំ​ត្រសក់ទ្រើង

8 ឆ្នាំ មុន

ខេត្តតាកែវ ៖ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​បណ្តុះបណ្តាល​ទាំង​បច្ចេកទេស និង​គ្រាប់ពូជ​សម្រាប់​ដាំ​ដុះ​ពី​អង្គការ​អាយ​ឌី​អីុ តាម​រយៈ​អង្គការ​ផាត​ឌី គួប​ផ្សំ​ការ​ឧស្សាហ៍​ព្យាយាម​ថែទាំ

ខេត្តតាកែវ ៖ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​បណ្តុះបណ្តាល​ទាំង​បច្ចេកទេស និង​គ្រាប់ពូជ​សម្រាប់​ដាំ​ដុះ​ពី​អង្គការ​អាយ​ឌី​អីុ តាម​រយៈ​អង្គការ​ផាត​ឌី គួប​ផ្សំ​ការ​ឧស្សាហ៍​ព្យាយាម​ថែទាំ ដំណាំ​ត្រសក់ទ្រើង​ផង​បាន​ធ្វើ​ឱ្យ​ប្រជា​កសិករ​ដែល​ធ្លាប់តែ​មាន​ជីវភាព​លំបាក​ខ្វះមុខខ្វះក្រោយ ក្លាយទៅជា​មាន​ជីវភាព​ធូរធារ​ជាង​មុន ។

ជួប​ជាមួយ​កោះសន្តិភាព​នៅ​ឯ​ចម្ការ​ខាងក្រោយ​ភូមិ​រមេញ ឃុំ​រមេញ ស្រុក​កោះអណ្តែត  កសិករ​ឈ្មោះ ស៊ា​ង យី ភេទ​ស្រី អាយុ​៦២​ឆ្នាំ បាន​និយាយ​ថា គ្រួសារ​គាត់​មាន​ជីវភាព​យ៉ាប់​បំផុត ដែល​មាន​ប្តី​និង​កូន​៤​នាក់​នៅ​ក្នុង​បន្ទុក ។

នៅ​ឆ្នាំ​២០១៤ កន្លង​មកនេះ មាន​អង្គការ​អាយ​ឌី​អីុ ដែល​ហៅ​ថា ជំនួញ​មុខរបរ​កសិករ តាម​រយៈ​អង្គការ​ផាត​ឌី បាន​ចុះ​មក​ដល់​ភូមិ រួច​គេ​បាន​ស្រង់​ឈ្មោះ​គ្រួសារ​គាត់​ឱ្យ​ទទួលយក​ចំណេះដឹង និង​បច្ចេកទេស​ខាង​ដាំ​ត្រសក់ទ្រើង ចិញ្ចឹម​ត្រី កង្កែប រយៈពេល​ខ្លី ។ បន្ទាប់​ពី​ទទួល​ការ​បណ្តុះបណ្តាល​ពី​អង្គការ​អាយ​ឌី​អីុ ក្រុម​គ្រួសារ​គាត់​បាន​យក​មក​អនុវត្ត ដែល​ជំហាន​ដំបូង​ធ្វើ​រង​ដាំ​ត្រសក់ទ្រើង ។

កសិករ ស៊ា​ង យី បាន​បន្ត​ទៀត​ថា មុន​ដំបូង​គាត់​ចាប់ផ្តើម​ធ្វើ​រង​លើ​ទំហំ​ដី​២០​អា រួច​យក​គ្រាប់​ដាំ​និង​ថែទាំ​ស្រោច​ទឹកជា​ប្រចាំ នៅ​ពេល​ដុះ​ឡើង​គាត់​ក៏​បាន​យក​មែកឈើ​ធ្វើ​ជា​ទ្រើង​ឱ្យ​ត្រសក់​វារ​ឡើង ចេញ​ផ្កា ផ្លែ និង​រហូត​ទទួលផល​បាន​បេះ​ផ្លែ​លក់​នេះ គឺ​មាន​រយៈពេល​តែ​មួយ​ខែ​កន្លះ​ប៉ុណ្ណោះ ដែល​រហ័ស​និង​ងាយស្រួល​បំផុត​។ ក្នុង​ផ្ទៃដី​២០​អានេះ ផល​ត្រសក់​ដែល​យើង​បេះ​យក​ទៅ​លក់​បាន​១​ថ្ងៃ មាន​៣០០​គីឡូក្រាម ។ មុន​ដំបូង​យើង​ដឹក​យក​ទៅ​លក់​នៅ​ផ្សារ​កំពង់​ជ្រៃ និង​ផ្សារ​តាកែវ ដោយ​១​គីឡូក្រាម​តម្លៃ​១.២០០​រៀល ។ ក្រោយមក​ក៏​មាន​ម៉ូយ​ទៅ​ទិញ​ដល់​ចម្ការ គាត់​លក់​១​គីឡូក្រាម​តម្លៃ​តែ​១.០០០​រៀល​ទេ ។

ដោយ​ឃើញ​ការ​ទទួលផល​ងាយ​បែប​នេះ ក្រុម​គ្រួសារ​គាត់​ក៏​បាន​រៀបចំ​ដី​ចំនួន​១៨​អា ថែម​ទៀត ដើម្បី​ដាំ​ត្រសក់ទ្រើង​បាន​លក់​បន្ត​រហូត​មិន​ចេះ​ដាច់ ហើយ​អ្នក​មក​ទិញ​ពេល​ណា​ក៏​មាន​ត្រសក់​លក់​ឱ្យ​ដែរ ទើប​ធ្វើ​ឱ្យ​ជីវភាព​ក្រុម​គ្រួសារ​គាត់​មានការ​ផ្លាស់​ប្តូរ និង​លែង​លំបាក​ខ្វះ​មុខ ខ្វះ​ក្រោយ​ទៀត​ហើយ ។
ម្ចាស់​ចម្ការ​ត្រសក់ទ្រើង​បាន​បញ្ជាក់​ថា ខាង​អង្គការ​មិន​ត្រឹមតែ​បង្ហាត់បង្រៀន​ជំនាញ​ដាំ​ត្រសក់ទ្រើង​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាត់បង្រៀន​ខាង​ជំនាញ​ចិញ្ចឹម​ត្រី និង​កង្កែប​ថែម​ទៀត​ផង តែ​ជំនាញ​ពីរ​នេះ​ទទួលផល​យូរ​ជាង​ត្រសក់ទ្រើង ។

ពេល​នេះ​ក្រុម​គ្រួសារ​គាត់​រីករាយ​ណាស់​ទៅ​លើ​អាជីព​ដាំ​ត្រសក់ទ្រើង​នេះ ហើយ​ពួក​គាត់​មានបាន​សព្វ​ថ្ងៃនេះ​ដោយសារ​គុណ​អង្គការ​អាយ​ឌី​អីុជា​អ្នក​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​លើក​កម្លាំងចិត្ត ៕