ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហាកំពុង​​រំជួល​ខណៈយក​សំរាម​ធ្វើចំណាប់​ខ្មាំង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​ប្រមូល​សំរាម​ដែល​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃនេះ​ជិត​១​ស​ប្តា​ហ៍​ទៅ​ហើយ​ នោះ​វា​ពិតជា​រឿង​មិនល្អ​ឡើយ ដោយសារ​នៅ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា គំនរ​សំរាម​បាន​កើនឡើង​ខ្លាំង​កំពុង​ជះក្លិន​អសោចិ៍​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់ពលរដ្ឋ ។ កាលពី​រសៀល​ថ្ងៃ​ទី​៧ តុលា…

រាជធានី​ភ្នំពេញ ៖ បញ្ហា​ប្រមូល​សំរាម​ដែល​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃនេះ​ជិត​១​ស​ប្តា​ហ៍​ទៅ​ហើយ​ នោះ​វា​ពិតជា​រឿង​មិនល្អ​ឡើយ ដោយសារ​នៅ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា គំនរ​សំរាម​បាន​កើនឡើង​ខ្លាំង​កំពុង​ជះក្លិន​អសោចិ៍​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់ពលរដ្ឋ ។ កាលពី​រសៀល​ថ្ងៃ​ទី​៧ តុលា វា​ហាក់ដូចជា​ដំណឹង​ល្អ​ដែល​ថា ​កម្មករ​ក្រុម​​ហ៊ុន​ស៊ិ​ន​ទ្រី​លែងយក​សំរាម​ធ្វើ​ចំណាប់ខ្មាំង​ទៀត​ហើយ និង​វិល​ទៅ​បំពេញការងារ​របស់​ខ្លួន​ឡើង​វិញ ។

ទីបំផុត​ ការ​រំលត់​អធិករណ៍​នេះ​ទទួល​បរាជ័យ​ដោយសារ​ក្រុម​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ជាង​១​ពាន់​នាក់ សម្រេចចិត្ត​មិន​ចូល​ធ្វើការ តាម​ការ​អំពាវនាវ​របស់​សាលា​រាជធានី​ភ្នំពេញ​វិញ​ទេ ទោះបី​មានការ​ព្រមព្រៀង​ខ្លះ​ក្តី ។ ពួក​គេ​នៅ​តែ​រក្សា​ជំហរ​ទាមទារ​លក្ខខណ្ឌ​ការងារ​៥​ចំណុច ពី​ក្រុមហ៊ុន​និង​អាជ្ញាធរ​ឲ្យ​បានជា​មុន​សិន ទើប​ពួក​គេ​ចូល​ធ្វើការ​វិញ ។

ការ​រំពឹង​ថា គំនរ​សំរាម​ទាំងឡាយ​និង​ត្រូវ​សម្អាត​នៅ​ថ្ងៃ​ទី​៨ តុលា ចេញពី​តាម​ដងផ្លូវ​ហាក់ជា​សុបិន​មួយ​នៅឡើយ ។ ប្រធាន​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី លោក កៅ សុខ​វ៉ា​ត ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា​ថា ក្រុម​កម្មករ​ប្រមូល​សំរាម​បាន​ប្ដូរ​ចិត្ត​មិន​ចូល​ធ្វើការ​វិញ ក្រោយ​ពួក​គេ​ភាន់ច្រឡំ​ចំពោះ​ដំណោះស្រាយ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ចេញ​មុខ​សម្រប​សម្រួល​រឿង​នេះ ។

លោក​បន្ត​ថា មូលហេតុ​ដែល​កម្មករ​មិន​ចូល​ធ្វើការ​វិញ​នេះ ដោយសារ​តែ​ដំណោះ​ស្រាយ​របស់​ពួក​គាត់ ៥​ចំណុច ដែល​ទាមទារ​ក្នុង​ពេល​ធ្វើ​កូដកម្ម​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ពី​ខាង​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅឡើយ ។អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម ឃួ​ង ស្រេង កាលពី​ថ្ងៃ​ទី​៧ ខែតុលា បាន​ចុះ​ទៅ​ដោះស្រាយ​ជាមួយ​ក្រុម​កម្មករ​ប្រមូល​សំរាម​ដែល​ឈរ​តវ៉ា​មុខ​ក្រុមហ៊ុន​នៅ​ខណ្ឌដង្កោ ដោយ​និយាយ​ប្រាប់​ពី​ដំណោះស្រាយ និង​ការ​សន្យា​របស់​សាលា​រាជធានី​ភ្នំពេញ ។

ក្នុង​កំណត់ហេតុ​នៃ​ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​ការងារ​មួយ​នេះ សរសេរ​ថា សំណើ​របស់​កម្មករ​ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ភាគី​ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាម​ច្បាប់​ស្ដី​ពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​ធានា​ខុស​ត្រូវ ។ សាលា​រាជធានី​ភ្នំពេញ ធានា​រក្សា​ការងារ​ជូន​កម្មករ​មិន​ឲ្យ​បាត់បង់​ការងារ​ឡើយ ទោះបីជា​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដេញថ្លៃ​បាន ឬ​មិន​បាន​ក៏​ដោយ ។ ឯកឧត្តម ឃួ​ង ស្រេង ក៏​ស្នើ​ឲ្យ​ក្រុម​កម្មករ​ដែល​ចេញ​ធ្វើ​កូដកម្ម​ទាំងអស់ នាំ​គ្នា​ចូល​ធ្វើការ​ងារ​វិញ ចាប់ពី​ថ្ងៃ​ចរចា​ផ្ដល់​ដំណោះស្រាយ​នេះ​តទៅ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូនដំណឹង​១​ច្បាប់​ចុះ​ថ្ងៃ​ទី​៨ តុលា ដោយ​បាន​បង្ហាញ​ជំហរ​ថា​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​កម្មករនិយោជិត​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​មួយ​ចំនួន​ដែល​មិន​បាន​គោរព​តាម​ការ​ព្រមព្រៀង ដូច​មាន​ចែង​ក្នុង​កំណត់ហេតុ អង្គប្រជុំ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​ថ្មី​ៗ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។ ក្នុង​អង្គប្រជុំ​រក​ដំណោះ​ស្រាយ​ពី​គ្រប់​ភាគី​ទាំងអស់ ពិសេស​កម្មករ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​បាន​ព្រមព្រៀង​ដូច​ខាងក្រោម​៖

១-​ចំពោះ​សំណើ​របស់​កម្មករនិយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាម​ច្បាប់​ស្ដី​ពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នក​ធានា​ខុស​ត្រូវ ។ ទី​២-​ចំពោះ​ការងារ​របស់​កម្មករនិយោជិត ទៅ​ថ្ងៃ​ខាង​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏​ដោយ និងទី​៣-​សូម​ឲ្យ​កម្មករនិយោជិត​ទាំងអស់​នាំ​គ្នា​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ ។

ប៉ុន្ដែ​ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែតុលា ដដែល​កម្មករនិយោជិត ដែល​ជា​អ្នកបើកបរ​រថយន្ត បាន​កែប្រែ​ចិត្ត​មិន​ព្រម​ចេញ​រថយន្ត​ទៅ​ប្រមូល​សំរាម តាម​ការ​ព្រមព្រៀង​នោះ​ឡើយ ។ សូម​បញ្ជាក់​ថា ប្រាក់​ឈ្នួល​កម្មករ​បោស​សំរាម​តាម​ផ្លូវ​ក្នុង​ម្នាក់ គឺ​មាន​ចន្លោះ​ពី​៦០​ម៉ឺន​ដល់​៧០​ម៉ឺន​រៀល ។ កម្មករ​កើប​សំរាម​ដាក់​រថយន្ត​ទទួល​បាន​ប្រាក់​ឈ្នួល ចាប់ពី​៧០​ម៉ឺន​ដល់ ៨០​ម៉ឺន​រៀល ហើយ​អ្នក​បើករថយន្ត​ដឹក​សំរាម គឺ​ទទួល​បាន​ពី ២៥០​ដុល្លារ ដល់​៣០០​ដុល្លារ ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ​លោក ឃុន ថា​រ៉ូ ត្រូវ​បាន​វិទ្យុ​មួយ​ដកស្រង់​សម្តី​ថា ក្នុង​ដំណាក់​កាល​នេះ សហជីព​និង​ក្រុម​កម្មករ​គួរ​ពិភាក្សា​គ្នា ហើយ​ងាក​មក​ចូល​ធ្វើការ​ជា​ធម្មតា​វិញ ដើម្បី​រក្សា​ស្ថិរភាព​ការងារ​របស់​ពួក​គេ និង​បន្ត​តាមដាន​ព័ត៌មាន​ដេញថ្លៃ​នៅ​ពេល​ខាង​មុខ ដែល​មាន​ក្រុមហ៊ុន​ចំនួន​៣​ប្រជែង​គ្នា ក្នុង​សេវា​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​​នេះ ៕

អត្ថបទសរសេរ ដោយ