បាតុកម្មមួយចំនួនដើម្បីទាមទារឱ្យលោកឡូរ៉ង់ហ្សេបាបូ ចូលរួមដោយនារីកូតឌីវ័រជាច្រើនពាន់នាក់កាលពីថ្ងៃទី៨ មីនា នៅទីក្រុងអាប៊ីដហ្សាន់ បណ្តាលឱ្យនារីស្លាប់៤នាក់ទៀតដោយសារស្នាដៃរបស់កងកម្លាំងសន្តិសុខស្មោះត្រង់នឹងប្រធានាធិបតីចប់អាណត្តិរូបនោះដែលក្រាញពុំចាកចេញពីអំណាច។
កាលពីសប្តាហ៍មុន នារី៧នាក់បានត្រូវសម្លាប់ដោយពួកអ្នកគាំទ្រលោកហ្សេបាបូ ក្នុងឱកាសនៃបាតុកម្មមួយដែលចូលរួមសុទ្ធតែនារីនៅសង្កាត់អាបូបូជាសង្កាត់គាំទ្រប្រធានាធិបតីជាប់ឆ្នោតលោកអាឡាសាន អ៊ូអាតារា។
ការហែក្បួនបាតុកម្មកាលពីថ្ងៃទី៨ មីនា ប្រព្រឹត្តទៅក្នុងភាពស្ងប់ស្តាត់ ក៏ប៉ុន្តែស្រាប់តែទទួលរងការបាញ់ប្រហារ។ ក្នុងសង្កាត់ពាណិជ្ជកម្ម TREICHVILLE នាកណ្តាលក្រុងអាប៊ីដហ្សាន់ នារី៤នាក់ជាអ្នកគាំទ្រ លោកអាឡាសាន អ៊ូអាតារា បានត្រូវសម្លាប់ដោយកងកម្លាំងសន្តិសុខ។ ក្រៅពីមនុស្សស្លាប់៤នាក់មនុស្ស១៤នាក់ទៀតក៏ត្រូវរបួសដែរ។ បាតុកម្មមួយទៀតមាននារីចូលរួមប្រមាណជា២០០នាក់នៅជិតព្រលានយន្តហោះអន្តរជាតិភាគអាគ្នេយ៍ទីក្រុងសេដ្ឋកិច្ចនេះត្រូវបំបែកដោយពួកនិស្សិតស្និទ្ធលោកហ្សេបាបូប្រមាណជា៥០នាក់ប្រដាប់ដោយដាវ និងកាំភ្លើងស្វ័យប្រវត្តិ។ ពួកគេបានបាញ់គំរាមទៅលើអាកាសដើម្បីបំបែកពួកនារីទាំងនេះ។
បណ្តាទីភ្នាក់ងារមនុស្សធម៌វាយតម្លៃថា មនុស្សប្រមាណជា៤៥០.០០០នាក់បានរត់ភៀសខ្លួនដោយសារវិបត្តិនយោបាយ និងការប្រយុទ្ធគ្នានានានៅកូតឌីវ័រ ក្នុងនោះ៧៥.០០០នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសលីបេរី យ៉ាជិតខាង។ ក្នុងទីក្រុងសេដ្ឋកិច្ចរបស់កូតឌីវ័រ គឺទីក្រុងអាប៊ីដហ្សាន់ មនុស្សប្រមាណជា៣០០.០០០នាក់បានរត់ភៀសខ្លួនមកពីការប្រយុទ្ធគ្នាជាពិសេសក្នុងសង្កាត់អាបូបូរវាងពួកអ្នកគាំទ្រ លោកអាឡាសាន អ៊ូអាអាតារា និងពួកអ្នកគាំទ្រលោកហ្សេបាបូ។ នេះជាការបញ្ជាក់របស់ស្នងការជាន់ខ្ពស់អ.ស.បខាងជនភៀសខ្លួន HCR៕
ចែករំលែកព័តមាននេះ