ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃ​សណ្ឋាគារ និង​ផ្ទះសំណាក់​ឡើង​ខ្ពស់កប់ពពក​នៅ​ក្រុង​សៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​មគ្គទេសក៍​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត និង​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​តំបន់​ទេសចរណ​ខេត្តសៀមរាប បាន​នាំ​គ្នា​ប្រាប់​និង​ត្អូញត្អែរ​ថា តម្លៃ​សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅ​ក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ

ខេត្តសៀមរាប ៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​មគ្គទេសក៍​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត និង​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​តំបន់​ទេសចរណ​ខេត្តសៀមរាប បាន​នាំ​គ្នា​ប្រាប់​និង​ត្អូញត្អែរ​ថា តម្លៃ​សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅ​ក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ កំពុង​ហក់​ឡើង​ទ្វេរ​គុណ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ដែល​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ ហាក់ដូចជា​ព្រងើយកន្តើយ​ចំពោះ​ករណី​នេះ ។

តម្លៃ​សណ្ឋាគារ និង​ផ្ទះសំណាក់​ដែល​បាន​ឡើងថ្លៃ គឺ​ចាប់តាំងពី​ដើមឆ្នាំ​២០១៥​មក​ម្ល៉េះ បន្ទាប់​ពី​មានកម្ម​វិធី​បុណ្យ​ជា​ច្រើន ទើប​ក្រុម​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ទាំងនោះ​ឆ្លៀតឱកាស​ប្រមូល​យក​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​ចាត់វិធានការ​គ្រប់គ្រង​តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។

ភ្ញៀវ​ទេសចរ​ម្នាក់​មក​ពី​រាជធានី​ភ្នំពេញ បាន​ត្អូញត្អែរ​ថា ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ លោក​តែងតែ​នាំ​ក្រុម​គ្រួសារ​មក​កម្សាន្ត​នៅ​ក្នុង​ខេត្តសៀមរាប ហើយ​ជា​ទូទៅ​តម្លៃ​សណ្ឋាគារ​តែងតែ​ឡើង​ចុះ​ស្រេច​តែ​ចិត្ត ។ លោក​បន្ត​ថា បន្ទប់​សណ្ឋាគារ​ជា​ធម្មតា​គាត់​ធ្លាប់​គេង​១​យប់​តម្លៃ​តែ​២០​ទៅ​២៥​ដុល្លារ ប៉ុន្តែ​ដល់​ថ្ងៃ​ជិត​បុណ្យ​ទាន​នេះ ឡើង​រហូត​ដល់​៤០​ទៅ​៥០​ដុល្លារ​ក្នុង​១​យប់ ។ ចំណែក​មគ្គទេសក៍​ទេសចរណ៍​ម្នាក់​ផ្សេង​ទៀត​បាន​ប្រាប់​ថា ពិតជា​មានការ​ដំឡើង​ថ្លៃ​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុង​តំបន់​ទេសចរណ៍​សៀមរាប​នេះ​មែន ព្រោះ​ម្ចាស់​សណ្ឋាគារ​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ខាង​មុខ​នេះ​នឹង​មានការ​រៀបចំ​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​គ្រប់គ្រង​តម្លៃ​ឲ្យ​បាន​ថេរ​នោះ​ទេ ពោល​គឺ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ទាំងនោះ ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត ។

ទាក់ទិន​ករណី​នេះ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប និង​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ករណី​ខាងលើ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល តែ​គ្មាន​អ្នក​លើក ។

ទោះបី​យ៉ាងណា ប្រភព​ព័ត៌មាន​មួយ បាន​ទម្លាយ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន គឺ​ឲ្យ​តែ​ជិត​ដល់​រដូវ​បុណ្យ​ទាន​ម្តង​ៗ គេ​តែង​ឃើញ​ទៅ​សុំ​លុយ​ពី​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ជា​ប្រចាំ ដើម្បី​រៀបចំ​កម្មវិធី​ជប់លៀង អាស្រ័យ​ហេតុនេះ​ហើយ ទើប​ធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ទាំងនោះ​ចេះ​តែ​ហ៊ាន​ដំឡើង​ថ្លៃ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ ក៏​មិន​ហ៊ាន​ទៅ​សួរនាំ​ដែរ ៕