ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារលិខិត​សម្តេច​តេ​ជោត្រូវ​បាន​ដាក់​​ផ្សាយ​លើ​គេហទំព័រ UNWTO

3 ឆ្នាំ មុន
  • ភ្នំពេញ

អេ​ស្ប៉ា​ញ ៖ ទន្ទឹម​នឹង​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ឱកាស​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២០ នោះ​អង្គការ​ទេសចរណ៍​ពិភពលោក (…

អេ​ស្ប៉ា​ញ ៖ ទន្ទឹម​នឹង​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ឱកាស​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២០ នោះ​អង្គការ​ទេសចរណ៍​ពិភពលោក ( UNWTO ) បាន​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​សារលិខិត​នេះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថែម​ទៀត ។

គួរ​រំលឹក​ថា ការ​ផ្សព្វផ្សាយ​សារលិខិត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​លើ​គេហទំព័រ UNWTO នេះ បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០ ខណៈ​កម្ពុជា​បាន​ចាត់​ទុក​កាយវិការ​នេះ​ថា បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​ដឹកនាំ​កំពូល​ៗ នៃ​ប្រទេស​សមាជិក​អង្គការ​ទេសចរណ៍​ពិភពលោក លើ​តួនាទី​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍ ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​-១៩​។ បន្ថែម​លើ​នោះ​អង្គការ​ទេសចរណ៍​ពិភពលោក ក៏​បាន​រំលេច​អំពី​កិច្ច​ខិតខំ​របស់​កម្ពុជា ក្នុង​ការ​យកចិត្តទុកដាក់​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​អនាម័យ​ផ្សេង​ៗ ជា​ពិសេស​តួនាទី​របស់ ក្រសួងទេសចរណ៍​កម្ពុជា​ផង​ដែរ​។

អង្គការ​ទេសចរណ៍​ពិភពលោក​បាន​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន​ក្នុង​អាណត្តិ ឆ្នាំ​២០២០ និង​ជា​ប្រធាន​វេទិកា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២១ ក្រសួងទេសចរណ៍​កម្ពុជា​បាន​រៀបចំ​កិច្ចការ​ជា​ប្រយោជន៍​រួម​ជា​ច្រើន រួម​មាន​៖ ១- គំនិត​ផ្ដួចផ្ដើម​បង្កើត​ឱ្យ​មាន​បែបផែន​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​អាស៊ាន ប្រកបដោយ​សុវត្ថិភាព និង​លក្ខខណ្ឌ​ជាក់លាក់ (ASEAN TRAVEL BUBBLE)​។

២-ដឹកនាំ​រៀបចំ​បង្កើត​វិធាន​សុវត្ថិភាព និង​អនាម័យ​អាស៊ាន​។ ៣-ដឹកនាំ​រៀបចំ​បង្កើត​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​អាស៊ាន បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ដោយ​កម្ពុជា​បាន​និង​កំពុង​ផែនទី​ចង្អុល​ផ្លូវ សម្រាប់​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ផង​ដែរ​។

សូម​ជម្រាប​ថា ទិវា​ទេសចរណ៍​ពិភពលោក តែង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​សមាជិក​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឬ​ក្រោយ​ថ្ងៃនេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​ទស្សនវិស័យ​អនាគត​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ទិស​ដៅ​ជាក់លាក់ ដើម្បី​ចូលរួម​ចំណែក​ដល់​កាស​ម្រេច​បាន​នូវ​របៀបវារៈ​ពិភពលោក​។

សម្រាប់​ឆ្នាំ​២០២០​នេះ ទិវា​ទេសចរណ៍​ពិភពលោក ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​ជនបទ​» ដោយ​ផ្តោត​ជា​ពិសេស​លើ​វិធីសាស្ត្រ​ក្នុង​ការ​ចាប់ផ្តើម​វិស័យ​ទេសចរណ៍​ឡើង​វិញ និង​កែប្រែ​សក្តានុពល​ទេសចរណ៍​ជា​ច​លករ​សម្រាប់​ភាពរឹងមាំ និង​ការ​ទទួលខុសត្រូវ​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​។

ក្រសួងទេសចរណ៍​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​នេះ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០​។ នៅ​ក្នុង​ពី​ធី​នេះ មន្ត្រី​ជំនាញ​សហគមន៍​ទេសចរណ៍ ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ បាន​បង្ហាញ​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍​ជនបទ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កាន់តែ​រឹង​មាំ ព្រមទាំង​អបអរសាទរ​នូវ​សន្តិភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នាំ​មក​នូវ​វិបុលភាព និង​ឱកាស​ថ្មី​ៗ​ដល់​ពលរដ្ឋ​គ្រប់​រូប​។

អង្គពិធី​ទាំងមូល​បាន​ប្តេជ្ញា​អនុវត្ត​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តាម​រយៈ​សារលិខិត​អបអរសាទរ និង​បាន​គាំទ្រ​វិធាន​អនុវត្ត​ដូច​តទៅ​៖ ទី​១-ប្រតិបត្តិ​ករ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល និង​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព និង​អនាម័យ​បន្ថែម​ទៀត ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​ធានា​ឲ្យ​បាន​ដាច់ខាត​មិន​ឲ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍ សំដៅ​ដើម្បី​កសាង​ទំនុកចិត្ត និង​ភាព​ជឿជាក់ (Trust and Confidence) ពី​ភ្ញៀវ​ទេសចរ ដែល​ជា​ស្នូល​នៃ​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​។

ទី​២-មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ជនបទ​ថែម​ទៀត ឆ្លើយ​តប​នឹង​និន្នាការ​ទេសចរណ៍​ថ្មី​ៗ​ជា​សាកល ក៏​ដូច​ជា​ការ​កើនឡើង​ទេសចរ​ក្នុងស្រុក​។ ទី​៣-​សហ​វគមន៍​ទេសចរណ៍​ដែល​កំពុង​ដំណើរការ ត្រូវ​យកចិត្តទុកដាក់​បង្កើត​ផលិតផល​ថ្មី​ៗ​បន្ថែម​ទៀត ដោយ​ខិតខំ​ស្រាវជ្រាវ និង​ចងក្រង​ភាព​ទាក់ទាញ​នៃ​ធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ក្នុង​តំបន់​របស់​ខ្លួន សំដៅ​ប្រែក្លាយ​សក្តានុពល​ទាំងនោះ​ទៅ​ជា​ផលិតផល​ទេសចរណ៍​ល្អ​ឯក​ប្រចាំ​តំបន់​។

ទី​៤-គ្រប់​ដៃគូ​អភិវឌ្ឍន៍​ដែល​កំពុង​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​ជនបទ​នៅ​កម្ពុជា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ក្រោម​ការ​ចង្អុលបង្ហាញ​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ចូលរួម​អនុវត្ត​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​មាន​ប្រសិទ្ធ​ខ្ពស់​។ ទី​៥-មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រៀបចំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ធានា​ដល់​និរន្តរភាព​ការងារ និង​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​សេចក្តី​ពេញចិត្ត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ