ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជម្លៀស​ច្រើនគ្រួសារ​​រក​ទីទួល​សុវត្ថិ​ភាព​ ក្រោយ​ទឹកជន់​លិច​២​​ភូមិ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​ថា ​ទឹកជំនន់​ដែល​ធ្លាក់​ពី​ថៃ​និង​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​២​ភូមិ​ រួម​មាន​​ភូមិ​ប្រាសាទ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​ថា ​ទឹកជំនន់​ដែល​ធ្លាក់​ពី​ថៃ​និង​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​២​ភូមិ​ រួម​មាន​​ភូមិ​ប្រាសាទ និង​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ​បណ្តាល​ឱ្យ​​រង​ផល​​ប៉ះ​ពាល់​ជាង​២០០​គ្រួសារ ​ក្នុង​នោះ​ត្រូវ​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ចំនួន​៩១​គ្រួសារ ​ដែល​ស្មើ​​នឹង​ចំនួន​៣៤៦​នាក់​ ក្នុង​នោះ​ស្រី​១៦៥​នាក់​។

លោក​បាន​បញ្ជាក់​ថា​ ទឹកជំនន់​ជន់លិច​ចាប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​ ហើយ​ស្ថានភាព​​បាន​ស្រក​ចុះ​២​ទៅ​៣​តឹក​ ហើយ​បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ​អាច​ស្រក​ទៀត​ បើសិនជា​មាន​ភ្លៀង​បន្ត​ធ្លាក់​អាច​លិចលង់​ច្រើន​បន្ថែម​ទៀត​ និង​ប៉ះ​ពាល់​ផ្ទះ​សំបែង​ ព្រមទាំង​​​ផល​ដំណាំ​កសិកម្ម​ ។ ​ជាក់ស្តែង​កាលពី​​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ ​អំណោយ​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​​៩១​គ្រួសារ​ដែល​ជំលៀស​នៅ​ទួល​សុវត្ថិភាព​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​បាន​បញ្ជាក់​ប្រាប់​​​​កាលពី​​រសៀល​ថ្ងៃនេះ​ថា ​​ស្រុក​ថ្មពួក​ប៉ះពាល់​ដោយ​ទឹកជំនន់​មាន​ចំនួន​២​ឃុំ​ ស្មើ​១៥​ភូមិ​ ដែល​ប៉ះ​ពាល់​មាន​ចំនួន​៣៨​គ្រួសារ​ទឹក​លិច​សាលារៀន​៣​កន្លែង និង​វត្ត​២​កន្លែង ខូចខាត​ផ្លូវ​ប្រវែង​៤២០​ម៉ែត្រ​ទឹក​ហូរ​ច្រុះ​ដាច់​ផ្លូវ​ និង​ដំណាំ​កសិកម្ម​ដំឡូង​មី​មាន​ផ្ទៃដី​៦៨៧​ហិ​កតា ដំណាំ​ស្រូវ​មាន​ផ្ទៃដី​៧៥​ហិ​ក​តា​។

ដោយឡែក​នៅ​ស្រុក​ស្វាយចេក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​ អភិបាលស្រុក​លោក លឿង សុ​ភ័ក្តិ ថា​ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​ដែល​លិច​រយៈពេល​ខ្លី​ត្រូវ​បាន​ស្រក​អស់​វិញ​ហើយ នៅ​ឃុំ​ស្លរ​ក្រាម ភូមិ​ក្លែង​ព័រ និង​ភូមិ​ទ័ព​សៀម មាន​ផ្ទះ​​សំបែង​ប៉ះ​ពាល់​ និង​ផ្លូវ​មួយ​ចំនួន​កំពុង​គម្រាមកំហែង​ដោយ​ទឹក​ហូរ​កាត់​ខ្លៈ​ហើយ​ ។ ​ស្រុក​ម៉ា​ឡៃ​វិញ​អភិបាលស្រុក​លោក អែម សុខា ថា​រហូត​ដល់​ពេល​ពេល​នេះ​ទឹកបាន​ស្រក​អស់ហើយ​៕ (​​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ