ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​ផ្តល់​សេចក្តីសុខ​ជា​និច្ច មែក​​ឈើពុក​ៗ​​ទាល់​យប់​ជ្រៅ​ស្ងាត់​មនុស្ស ទើប​ជ្រុះ​បាក់​ធ្លាក់​មក​ដី

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកដំណើរ​តាម​ដងផ្លូវជាតិ​លេខ​១​ពី​រាជធានី​ភ្នំពេញ ​ឆ្ពោះទៅ​ទីប្រជុំជន​អ្នក​លឿង ពិតជា​បានឃើញ​ដើមឈើ​មួយដើម​ដែល​មាន​ទំហំ​ធំ​ជាងគេ​នៅ​ប្របផ្លូវ​ជាតិ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ។ ដើមឈើ​ដ៏​ធំ​១​ដើម​នេះ…

ខេត្តកណ្តាល ៖ អ្នកដំណើរ​តាម​ដងផ្លូវជាតិ​លេខ​១​ពី​រាជធានី​ភ្នំពេញ ​ឆ្ពោះទៅ​ទីប្រជុំជន​អ្នក​លឿង ពិតជា​បានឃើញ​ដើមឈើ​មួយដើម​ដែល​មាន​ទំហំ​ធំ​ជាងគេ​នៅ​ប្របផ្លូវ​ជាតិ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ។ ដើមឈើ​ដ៏​ធំ​១​ដើម​នេះ ​គឺជា​ដើម​ត្រាង​ដែល​ជា​ពពួក​អំបូររុក្ខជាតិ​​ជ្រៃ​មាន​ពួរ​ធ្លាក់​រយីក​រយាក​ប្រៀប ​ដូច​វល្លិ​ព័ទ្ធ​ខុស​ប្លែក​ពី​រុក្ខជាតិ​នានា ។

អ្នក​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​នេះ មាន​ជំនឿ​ទៅ​លើ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​របស់​ដើម​ត្រាង​យក្ស​នេះ ព្រោះ​ដើមឈើ​ដ៏​ធំ​នេះ​មាន​អាយុកាលជាង​២០០​ឆ្នាំ​មក​ហើយ ។ ដោយសារ​តែ​មាន​ជំនឿអ្នក​ភូមិ​តែងតែ​នាំ​គ្នា​និមន្ត​ព្រះសង្ឃ​ធ្វើបុណ្យ​ឧទ្ទិសកុសល បួងសួង​សូម​សេចក្តីសុខ​នៅ​ក្នុង​ភូមិករទៅ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា​១​ឆ្នាំ​ម្តង។

អ្នកស្រី ប៉ែន ស្រី អាយុ​៥៩​ឆ្នាំ ដែល​ជា​ម្ចាស់​ដី​និង​មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ បាន​ប្រាប់​កោះសន្តិភាព ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ដើម​ត្រាង​ដ៏​ធំ​នេះថា តាម​រយៈ​ការ​ដឹង​ត​ៗ​គ្នា​ពី​ឪពុក​គាត់​មក ដើម​ត្រាង​នេះ​ដុះ​ដោយ​ខ្លួនឯង​គ្មាន​អ្នក​ណា​ដាំ​ទេ ហើយ​ពេល​ឪពុក​គាត់​មាន​អាយុ​ប្រហែល​១០​ឆ្នាំ គាត់​បានឃើញ​ដើម​ត្រាង​នេះ​មាន​ទំហំ​ធំ ឱប​ស្ទើរ​មិន​ជុំ​ទៅ​ហើយ ។ ឥឡូវ​ឪពុក​របស់​គាត់​ស្លាប់​អស់​រយៈពេល​៤​ឆ្នាំ​ហើយ ។ បើ​គិត​មក​ដល់
ឆ្នាំ​២០២០​នេះ ឪពុក​គាត់​មាន​អាយុ​៩២​ឆ្នាំ ។

អ្នកស្រី​បន្ត​ថា ដើម​ត្រាង​នេះ​ស្ថិត​ក្រោម​ការមើលថែ​ទាំ​របស់​គ្រួសារ​គាត់​ត​ៗ​គ្នា​តាំងពី​ជីដូនជីតា​មក គឺ​មាន​ដើម​និង​ស្លឹក​លូតលាស់​ស្រស់បំព្រង​ល្អ​ណាស់ ។ គាត់​ថាបើ​គិត​រហូត​មក​ដល់​សព្វថ្ងៃ ដើម​ត្រាង​មួយ​ដើម​នេះ​មាន​ទំហំ​ធំ កម្ពស់​ប្រហែល​ជាង​៥០​ម៉ែត្រ ត្រជាក់​ត្រឈឹងត្រឈៃ​។ ផ្នែក​គល់​ខាងក្រោម​វិញ មនុស្ស​ជាង​១០​នាក់​ក៏​ឱប​មិន​ជុំ​ដែរ និង​មាន​អាយុកាល​ប្រហែល​ជាង​២០០​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​បច្ចុប្បន្ន​ដើម​ត្រាង​នេះ​មិនសូវ​លូតលាស់​ល្អ​ដូច​ពី​មុន​ទេ តែ​ហាក់ដូចជា​រីក​ចេញ​ទៅ​ខាង​កាន់តែ​ធំ​និង​សាខា​ឡើង ។

ការ​មិនសូវ​លូតលាស់​នេះ ត្រូវ​បាន​អ្នកស្រី​និយាយ​ថា ដោយសារ​កន្លង​មក​មាន​រន្ទះ​បាញ់​ម្តង​បណ្តាល​ឱ្យ​ងាប់​ចុង​មែក ។ អ្នកស្រី​បញ្ជាក់​ថា តាំងពី​ដើម​មក លោកតា​(​បារមី​)​ថែរក្សា​ដើមត្រាង​នេះ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ ។ ពេល​បងប្អូន​អ្នក​ភូមិ​មានធុរៈ ក្រុម​គ្រួសារ​មាន​ជំងឺ​ឈឺ​ថ្កាត់ ឬ​បាត់​សត្វ​គោក្របី តែង​នាំ​គ្នា​មក​អុជ​ធូប​បែ​បន់​បានជា​សះស្បើយ និង​រក​សត្វពាហនៈ​ឃើញ​តាម​បំណងប្រាថ្នា​ពិតប្រាកដ​មែន ។

ដោយសារ​តែ​មាន​ជំនឿ​លើ​បារមី​របស់​លោកតា​ដើម​ត្រាង​បែប​នេះ​ហើយ ទើប​បងប្អូន​អ្នក​ភូមិ​សហការ​មូលមតិ​គ្នា​សង់​អាស្រម​សម្រាប់​ជា​កន្លែង​គោរព​បូជា និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល​ធ្វើបុណ្យ​ដារ​ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​សម័យ​ដើម​មក អត់​តែ​ជំនាន់​ប៉ុ​ល ពត ប៉ុណ្ណោះ ។ តាម​រយៈ​ការ​ធ្វើបុណ្យ​ដារ​ឧទ្ទិស​កុសល​បួងសួង​១ឆ្នាំ​ម្តងនេះ អ្នក​ភូមិ​ក៏​តែងតែ​ជួប​សេចក្តីសុខ មិន​ដែល​មានរឿង​អ្វី​កើតឡើង​ទេ សូ​ម្បី​តែ​មែកឈើ​ពុក​ៗ​ទាល់តែ​យប់​ជ្រៅ​ស្ងាត់​មនុស្ស​ទើប​ជ្រុះ​បាក់​ធ្លាក់​មក​ដី​ម្តង​ៗ​មិន​ដែល​ប៉ះពាល់​ដល់​អ្នក​ភូមិ​ទេ ។

នៅ​តាម​ដងផ្លូវ​ជាតិ​នានា កម្រ​មាន​ដើមឈើ​ធំ​ដូច​ដើម​ត្រាង​នេះ​ណាស់ ។ ការ​អភិរក្ស​ដើមឈើ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​បែប​នេះ គឺជា​រឿង​ដ៏​ល្អ ព្រោះតែ​រុក្ខជាតិ​ធំ​ៗ​ពិតជា​មាន​សោភ័​ណ​ភាព​ទាក់ទាញ​បំផុត ៕

អត្ថបទសរសេរ ដោយ