ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុងឆ្ងល់​! តើ​កូន​ក្រពើ​ដែល​ចាប់​បាន​​​បន្តបន្ទាប់ក្នុង​បឹង​ភេ​​​នេះ​មកពី​ណា ?

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ កូន​ក្រពើ​បន្តបន្ទាប់​បាន​ជាប់​ក្នុង​លប​អ្នក​ភូមិ​ដែល​ដាក់​ក្នុង​បឹង​ភេ ដើម្បី​ចាប់​ត្រី ។ ការ​ជាប់​កូន​ក្រពើ​ជា​បន្តបន្ទាប់​នេះ មិន​មាន​ប្រភព​ព័ត៌​មាន​ច្បាស់​ការណ៍​ណាមួយ​ឱ្យ​ដឹង​ប្រាកដ​ថា ​តើ​កូន​ក្រពើ​ក្នុង​បឹង​ភេ​នោះ​មកពីណា ?…

ខេត្តកំពង់ធំ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ កូន​ក្រពើ​បន្តបន្ទាប់​បាន​ជាប់​ក្នុង​លប​អ្នក​ភូមិ​ដែល​ដាក់​ក្នុង​បឹង​ភេ ដើម្បី​ចាប់​ត្រី ។ ការ​ជាប់​កូន​ក្រពើ​ជា​បន្តបន្ទាប់​នេះ មិន​មាន​ប្រភព​ព័ត៌​មាន​ច្បាស់​ការណ៍​ណាមួយ​ឱ្យ​ដឹង​ប្រាកដ​ថា ​តើ​កូន​ក្រពើ​ក្នុង​បឹង​ភេ​នោះ​មកពីណា ?

បឹង​ភេ គឺជា​បឹង​ធម្មជាតិ​មួយ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ដែល​បាន​លាតសន្ធឹង​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ បឹង​ធម្មជាតិ​មួយ​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន ដែល​មាន​ជីវភាព​មិនសូវ​ធូរធា​ដោយ​ផ្តល់​ទឹក ផ្តល់​ត្រី ផ្តល់​ស្មៅ​ដល់​គោ​-​ក្របី ហើយ​ប្រយោជន៍​សម្រាប់​ការ​នេ​សាទ​ត្រី​នោះ គឺ​ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​ទៅ​ប្រកប របរ​ដូច​ជា​ដាក់​លប ដាក់​មង ចង​សន្ទូច បេះ​ផ្កាឈូក ស្លឹក​ឈូក ផ្លែ​ឈូក និង​ដក​ព្រលឹត​រំ​ចង់​លក់​ជាដើម​…​។​ល​។ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​រៀង​ៗ​ខ្លួន ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កាល​ដើម​ឡើយ បឹង​ភេ​មាន​ទំហំ​ធំធេង ដែល​មាន​ផ្ទៃ​បឹង​ទំហំ​មិន​ក្រោម​៥០​ហិ​កតា​នោះ​ទេ គឺ​ធំ​ល្វឹងល្វើយ ។ លុះ​ក្រោយ​ៗ​មករ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​តែ​មានការ​ឃុបឃិត​គ្នា​ជា​ចង្កោម រវាង​ប្រជាពលរដ្ឋ​ជាមួយ​និង​អាជ្ញាធរ​ពាក់ព័ន្ធ មួយ​ចំនួន បាន​នាំ​គ្នា​រំលោភ​បេះបោច​យក​ផ្ទៃ​បឹង​ធម្មជាតិ​ខាងលើ​នេះ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​រៀងខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទាំងមូល​កាន់តែ​មានការ​រ​រួញ​តូច​បន្តិច​ម្តង​ៗ ។

ពាក់ព័ន្ធ​នឹង​បឹង​ភេ​ខាងលើ​នេះ លោក ចាន់ ប៊ុ​ន ចៅសង្កាត់​កំពង់​ក្របៅ បាន​ប្រាប់​ថា ផ្ទៃ​បឹង​ភេ​បច្ចុប្បន្ន​នេះ​មាន​ទំហំ​ស្មើនឹង​២៩​ហិ​កតា​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​ស​.​ជ​.​ណ ប្រគល់​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ​ធ្វើការ​អភិវឌ្ឍ តែ​រហូត​មក​ដល់​ពេល​នេះ​លោក​ក៏​មិន​បានដឹង​ថា​យ៉ាងណា​ទៅ​វិញ​នោះ​ដែរ​ដែល​អ្នកខ្លះ​ថា សង្ស័យ​រក​ម៉ូយ​ធំ​ទិញ​តយ​ក​ទៅ​អភិវឌ្ឍ​មិន​ទាន់​បាន​…​សម្ងំ​សិន ។

ទាក់ទិន​នឹង​ករណី​លេចឮ​ត​ៗ​គ្នា​ថា បឹង​ភេ​ទំនងជា​មាន​ក្រពើ​ធំ​ៗ​រស់នៅ ព្រោះ​ខួបប្រាំង​ខួបវស្សា​បឹង​នេះ​មិន​ដែល​រីង​ទឹក​ទេ ដោយសារ​ជម្រៅ​ទឹក​បឹង​នេះ​អាច​មាន​ជាង​៣​ម៉ែត្រ ។ ការ​អះអាង​ពី​សត្វ​ក្រពើ​នេះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា យូរ​ៗ​ម្តង នៅ​រដូវវស្សា ពួក​គាត់​ធ្លាប់​ឃើញ​ក្រពើ​ធំ​ៗ​ផុស​បង្ហាញខ្លួន​នៅ​ក្នុង​ទឹក​បឹង​ខាងក្រោយ​ផ្ទះ​របស់​ពួក​គាត់ តែ​ពួក​គាត់​មិន​ដែល​ឃើញ​សត្វ​ក្រពើ​ទាំងនោះ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ម្តងណា​នោះ​ឡើយ ។

ជុំវិញ​ករណី​បឹង​ភេ​សម្បូរ​សត្វ​ក្រពើ​ខាងលើ​នេះ លោក ឆាយ រក្សា រស់នៅ​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ​ប្រាប់​ថា បឹង​ភេ​គឺជា​បឹង​ធម្មជាតិ​ពិតមែន ហើយ​ក៏​ជា​បឹង​ដែល​សម្បូរ​ទៅ​ដោយ​ក្រពើ​រស់នៅ​ផង​ដែរ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ លោក​បាន​ដាក់​លប​នៅ​ជាយ​មាត់បឹង​ភេ​ខាងក្រោយ​ផ្ទះ​របស់​លោក ដើម្បី​ចាប់​ត្រី​តាម​ឧបករណ៍​បុរាណ​១​នេះ​គឺ​ដាក់​លប​ក៏​ស្រាប់តែ​បានកូន​ក្រពើ​មួយ​ក្បាល​ទម្ងន់​ប្រហែលជា​១​គីឡូក្រាម ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា លោក​ដាក់​លប​ដដែល​នេះ​បានកូន​ក្រពើ​មួយ​ក្បាល​ទៀត ទម្ងន់​ប្រហែលជា​៣​គីឡូក្រាម ។ នេះ​សបញ្ជាក់​ថា បឹង​ភេ​ខាងលើ​នេះ​ពិតជា​មាន​ក្រពើ​រស់នៅ​ពិតប្រាកដ​មែន ព្រោះ​បើ​មានកូន​ប្រាកដជា​មាន​មេ​ហើយ ។

លោក ហម ហ៊ុន នាយ​ខណ្ឌ​ជលផល​កំពង់ធំ បាន​ឲ្យ​កោះសន្តិភាព ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា​ថា បឹង​ភេ​ដែល​ជា​បឹង​ធម្មជាតិ​ខាងលើ​នេះ ពិតជា​មាន​ក្រពើ​ធម្ម​ជាតិ​រស់នៅ​ពិតប្រាកដ​មែន មិនមែន​ជា​ក្រពើ​ដែល​គេ​ចិញ្ចឹម​នៅ​ក្នុង​អាង​ក្បែរ​នោះ​រួច​ចេញពី​កន្លែង​ចិញ្ចឹម​នោះ​ទេ ។ លោក​ថា ពីព្រោះ​តាម​ការ​ពិនិត្យ​មើល​ក្រពើ​ដែល​ពលរដ្ឋ​ចិញ្ចឹម​ជាប់​បឹង​ភេ​នោះ គេ​ធ្វើ​អាង​ខ្ពស់​ហើយ​រឹង​មាំ​ណាស់ ក្រពើ​មិន​អាច​រួច​ពី​ទ្រុង​ចេញ​បាន​ឡើយ ។

ដំណឹង​ពី​ការ​នេសាទ​បាន​ក្រពើ​នេះ ក៏​ជា​ការ​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បឹង​ភេ សូម​មានការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ក្នុង​ការ​ចុះ​បឹង​នេសាទ ​ឬ​បេះ​បន្លែបង្ការ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ