ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​២​កន្លែង រយៈពេល​២​ថ្ងៃ សិប្បកម្ម​ផលិត​បារី និង​នំ​បុ័ង​ប្រេ​ន ដកហូត​វត្ថុ​តាង​ជិត​៥០​តោន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី និង​សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេ​ន​ចំនួន​០២​កន្លែង​ផ្សេង​គ្នា របស់​ជនជាតិ​ចិន សង្ស័យ​ធ្វើ​អាជីវកម្ម​ផលិត​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ក្នុង​ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី និង​សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេ​ន​ចំនួន​០២​កន្លែង​ផ្សេង​គ្នា របស់​ជនជាតិ​ចិន សង្ស័យ​ធ្វើ​អាជីវកម្ម​ផលិត​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ដកហូត​វត្ថ​តាង​សរុប​ជិត​៥០​តោន ។

ប្រតិបត្តិការ​បង្ក្រាប​បាន​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គឺ​កាលពី​ថ្ងៃ​ទី​៦-៧ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការ​សម្របសម្រួល​នីតិ​វី​ធី​ដោយ​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែតុលា កម្លាំង​ចម្រុះ​បាន​ចុះ​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង​សិប្បកម្ម​ផលិត និង​ចែកចាយ​បារី​មួយ​កន្លែង​សង្ស័យ​ផលិត​បារី​ក្លែងក្លាយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​ហាណូយ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដែល​មាន​តំណាង​ម្ចាស់​ឈ្មោះ Huang Wenyan ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ផលិតផល​សម្រាប់​ផលិត​បារី​ចំនួន​១១​ប្រភេទ សរុប​ចំនួន​១០៤៨​កេស មាន​ទម្ងន់​ប្រហែល​២៥​តោន ។ ហើយ​រក​ឃើញ​វត្ថុ​តាង​ឧក​រណ៍​សម្រាប់​ផ​លត​បារី​រួម​មាន ៖ ម៉ាស៊ីនបោះពុម្ព​ពណ៌​លើ​កញ្ចប់​បារី ចំនួន​០២​គ្រឿង​, ម៉ាស៊ីន​កាត់​ក្រដាស​រ៉ុ​កន្ទុយ​ស្នោ​ចំនួន​០២​គ្រឿង​, ម្សៅ​ទឹក​ថ្នាំ​ពណ៌​ស​ចំនួន​២៥​កេស​, ម្សៅ​ទឹក​ថ្នាំ​ពណ៌​ចម្រុះ​ចំនួន​៨០​បាវ​, ម៉ាស៊ីន​កូរទឹក​ថ្នាំ​០១​គ្រឿង​, ម៉ាស៊ីន​ពន្លា​កន្ទុយបារី​១៣​គ្រឿង និង​ទឹក​ថ្នាំ​សម្រាប់​បោះពុម្ព​កញ្ចប់​បារី​១៤៤​ធុង ។

ដោយឡែក​កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​នំ​បុ័ង​០១​កន្លែង នៅ​ចំណុច​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​ម្ចាស់​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​ជាក់ស្តែង​រក​ឃើញ វត្ថុ​តាង​ឧបករណ៍​សម្ភារៈ​និង​វត្ថុធាតុដើម​បម្រើ​ឲ្យ​ការ​ផលិត​នំ​បុ័ង​សរុប​ចំនួន​១៦​ប្រភេទ​ស្មើនឹង​ទម្ងន់​ជាង ២២​តោន ។

ក្រោយ​ពី​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​រួចរាល់​ឃើញ​ថា សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេ​ន​ខាងលើ​ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ​តាម​ច្បាប់ គឺ​គ្មាន​ស្លាក​យីហោ​, គ្មាន​ប្រកាស​បង្កើត​រោង​សិប្ប​ម្ម​,​ផលិតផល​មិន​ទាន់​យក​ទៅ​ចុះបញ្ជី​វិញ្ញាបនបត្រ​វិភាគ​គុណភាព​ហួស​សុពលភាព​, នៅ​លើ​សំបក​វេច​ខ្ចប់​ក្លែង​អាសយដ្ឋាន​, គ្មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​ផលិតផល​, គ្មាន​វិញ្ញាបនបត្រ​ដំណើរការ​សិប្បកម្ម ។

ការ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី និង​ផលិត​នំ​បុ័ង​ប្រេ​ន​ទាំង​០២​ខាងលើ ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​រួច​ហើយ អនុវត្ត​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ឃាត់​ទុក​វត្ថុ​តាង​ទាំងអស់ ជា​បណ្តោះអាសន្ន ដើម្បី​អនុវត្ត​តាម​វិធានការ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ