តើពេលណាជាពេលល្អសម្រាប់ការសុំឡើងប្រាក់ខែ? ក្នុងពេលដែលសេដ្ឋកិច្ចកំពុងជួបប្រទះនូវការផ្លាស់ប្តូរ អាជីវកម្ម និងស្ថាប័នការងារជាច្រើនកំពុងជួបនូវឧបសគ្គ ដូច្នេះការសុំឡើងប្រាក់ខែក្នុងកំឡុងពេលនេះអាចនឹងមិនសមហេតុសមផល។ ប៉ុន្តែទោះជាស្ថាប័នការងាររបស់អ្នកកំពុងមានការប្រុងប្រយ័ត្នជាងមុនពិតមែនក្តី ពួកគេនៅតែមានចិត្តចង់ធ្វើឲ្យបុគ្គលិកដែលមានសមត្ថភាពសប្បាយចិត្តដដែល ។ ខាងក្រោមគឺជាគន្លឹះមួយចំនួនដែលអាចជួយឲ្យអ្នកជោគជ័យក្នុងការសុំឡើងប្រាក់ខែបាន៖
១. ពិនិត្យមើលស្ថានការឲ្យបានច្បាស់សិន
ពេលដែលល្អឬមិនល្អក្នុងការសុំឡើងប្រាក់ខែគឺអាស្រ័យទៅតាមវិស័យដែលអ្នកកំពុងធ្វើការ។ ដូច្នេះអ្នកគួរតែពិចារណាមើលសិនថាតើក្រុមហ៊ុនរបស់អ្នកកំពុងតែសម្រេចបានគោលដៅដែលបានកំណត់ទេ? តើក្រុមការងាររបស់អ្នកសម្រេចបានលទ្ធផលការងារល្អទេ? តើអ្នកបានទទួលយកការងារបន្ថែមទេ?ប្រសិនបើអ្នកមិនមានកិច្ចការច្រើន ឬអ្នកមិនទាន់មានឱកាសក្នុងការបង្ហាញពីតម្លៃខ្លួនរបស់អ្នកទៅស្ថាប័នការងាររបស់អ្នកទេ អ្នកគួរតែពិចារណាពន្យាពេលសុំសិន។
២. រៀបចំភស្តុតាងបញ្ជាក់
មុនពេលចាប់ផ្តើមការសន្ទនា អ្នកត្រូវតែមានភស្តុតាងបញ្ជាក់ជាមុនសិនថាអ្នកពិតជាស័ក្តិសមនឹងទទួលបានការឡើងប្រាក់ខែពិតមែន។ បើអ្នកមានជាតួលេខ តារាង និងអ៊ីមែលបញ្ជាក់ពីតម្លៃរបស់អ្នក និងការចូលរួមរបស់អ្នកក្នុងស្ថាប័នការងារនោះ អ្នកនឹងមានឱកាសជោគជ័យច្រើន។
៣. រៀបចំពេលវេលាសុំឲ្យបានត្រឹមត្រូវ
អ្នកមិនគួរប្រញាប់និយាយសុំក្នុងពេលដែលចៅហ្វាយរបស់អ្នកកំពុងតែរវល់និងមិនមានពេលវេលានិយាយយូរជាមួយអ្នកទេ។ អ្នកត្រូវតែធានាថាអ្នកទទួលបានពេលវេលាគ្រប់គ្រាន់ក្នុងការនិយាយគ្នាឲ្យបានច្បាស់លាស់ពីអ្វីដែលអ្នកចង់បាន និងពេលវេលាសម្រាប់ឲ្យចៅហ្វាយរបស់អ្នកគិត និងឆ្លើយតបនឹងអ្នកដែរ។
៤. ព្យាយាមយល់ពីខាងស្ថាប័នការងារ
ទោះជាអ្នកគួរតែម៉ឺងម៉ាត់នឹងអ្វីដែលអ្នកស្នើសុំពិតមែនក្តី អ្នកត្រូវតែយល់ដែរថាចៅហ្វាយរបស់អ្នកប្រហែលជាកំពុងប្រឈមមុខនឹងសម្ពាធពីអតិថិជន និងសមាជិកក្រុមដទៃដែរ។ ដូច្នេះអ្នកត្រូវតែចេះយល់ពីភាគីម្ខាងទៀត ហើយប្រសិនបើអ្នកត្រូវបានស្នើឲ្យរងចាំប៉ុន្មានខែទៀត អ្នកគួរតែយោគយល់ដែរ ៕
ចែករំលែកព័តមាននេះ