ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង២៦ភាគរយការជំរិតទារប្រាក់ គឺមានច្រើនទម្រង់ផ្សេងៗគ្នា តាមរយៈបណ្តាញសង្គមទៅលើក្មេងស្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជាធានីភ្នំពេញ ៖ ថ្មីៗនេះ អង្គការភ្លែនអន្តរជាតិ កំពុងស្នើសុំឱ្យរដ្ឋាភិបាលនៅទូទាំងពិភពលោក អនុវត្តច្បាប់ជាក់លាក់ ដើម្បីដោះស្រាយអំពើហិង្សា ផ្អែកលើយេនឌ័រតាមអ៊ីនធឺណេត និងធានាថា ក្មេងស្រីដែលរងគ្រោះទទួលបាននូវយុត្តិធម៌…

រាជាធានីភ្នំពេញ ៖ ថ្មីៗនេះ អង្គការភ្លែនអន្តរជាតិ កំពុងស្នើសុំឱ្យរដ្ឋាភិបាលនៅទូទាំងពិភពលោក អនុវត្តច្បាប់ជាក់លាក់ ដើម្បីដោះស្រាយអំពើហិង្សា ផ្អែកលើយេនឌ័រតាមអ៊ីនធឺណេត និងធានាថា ក្មេងស្រីដែលរងគ្រោះទទួលបាននូវយុត្តិធម៌ ។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅ អង្គការភ្លែនអន្តរជាតិ បានចេញរបាយការណ៍មួយ ដោយយោងទៅតាមរបាយការណ៍ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត ២០១៩ ក្នុងប្រទេសកម្ពុជា បានរកឃើញថា ការជំរិតទារប្រាក់ គឺមានច្រើនទម្រង់ផ្សេងៗ តាមរយៈហ្វេសប៊ុក កម្មវិធីផ្ញើសារ និងកម្មវិធីផ្សេងទៀត ដែលត្រូវបានគេរៀបរាប់ថាជាហានិភ័យដ៏គ្រោះថ្នាក់មួយ តាមរបាយការណ៍ពីក្រុមកុមារ និងគ្រូដែលមានជាងមួយភាគបួន (២៦ភាគរយ) ។


របាយការណ៍បានបន្តថា ឧទាហរណ៍នៃការជំរិតទារប្រាក់មានច្រើនរូបភាព និងហាក់ដូចជាត្រូវបានប្រព្រឹត្តដោយតួអង្គផ្សេងៗគ្នា និងសម្រាប់ហេតុផលខុសៗគ្នា។ ក្នុងករណីខ្លះអ្នកជនល្មើសលួងលោមជនរងគ្រោះ ឱ្យចែករំលែករូបភាពអាសអាភាសរបស់ខ្លួនឯង ហើយបន្ទាប់មកជនល្មើសប្រើរូបភាពនោះ ជាការគំរាមកំហែង ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ ។ កុមារមួយចំនួនទៀត ពិពណ៌នាថា ជនល្មើសលួចចូលក្នុងគណនីបណ្តាញសង្គមរបស់ពួកគេ ហើយបន្លំធ្វើជាសមាជិកគ្រួសារជនរងគ្រោះ និងបន្លំស្នើរសុំប្រាក់ ។

ក្នុងករណីខ្លះជនល្មើសប្រើរូបភាពសាធារណៈ ឬរូបភាពដែលមិនមានជារូបភាពអាសអាភាសរបស់កុមារ ហើយកាត់តរូបភាពនោះឲ្យទៅជារូបអាសអាភាស បន្ទាប់មករូបភាពនោះត្រូវបានយកមកប្រើជាទម្រង់នៃការគំរាមកំហែង ដើម្បីជំរិតទារប្រាក់ពីកុមារ ឬដើម្បីឱ្យពួកគេធ្វើតាមសំណើផ្សេងទៀតរបស់ជនល្មើស ។


លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា «ការរំលោភបំពានតាមអ៊ីនធឺណេតបានបំបិទសំលេងរបស់ក្មេងស្រី។ តាមរយៈការបង្កើតប្រព័ន្ធកម្មវិធីប្រកបដោយសុវត្ថិភាពតាមអ៊ីនធឺណិត វាទាមទារឱ្យអាជ្ញាធរ និងពិភពឌីជីថលចាត់វិធានការ។ ដោយសារការបៀតបៀនតាមអ៊ីនធឺណិតធ្វើឱ្យក្មេងស្រីបាត់បង់សមត្ថភាពរបស់ពួកគេក្នុងការដែលត្រូវបានឃើញ បានស្តាប់ ដូច្នេះអ្នកមានសមត្ថកិច្ចនៅលើឌីជីថលត្រូវតែធានាដោះស្រាយឥរិយាបថដ៏គ្រោះថ្នាក់ទាំងនេះ ដើម្បីឲ្យកន្លែងមានសុវត្ថិភាពអាចត្រូវបានបង្កើតឡើងសម្រាប់ក្មេងស្រី ស្ត្រីវ័យក្មេង ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដែលអាចឲ្យពួកគេមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិ និងដើរតួនាទីប្រកបដោយសក្តានុពលក្នុងការធ្វើខ្លួនឲ្យរីកចម្រើន និងក្លាយជាអ្នកដឹកនាំ»។


ជាផ្នែកមួយនៃយុទ្ធនាការនេះ ក្មេងស្រីនៅជុំវិញពិភពលោកបានសរសេរលិខិតចំហទៅកាន់ Facebook Instagram Tik-Tok និង Twitter អំពាវនាវឱ្យពួកគេបង្កើតមធ្យោបាយកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុនដើម្បីរាយការណ៍អំពីការរំលោភបំពាន និងការបៀតបៀន។

ងាកមកស្តាប់មតិ របស់ក្មេងដែលមកពីប្រទេសដទៃវិញម្តង ដោយក្រោមការដកស្រង់សម្តី របស់ពួកគេដោយផ្ទាល់ថា តាមសំដីរបស់ស្ត្រីវ័យក្មេងម្នាក់អាយុ ១៨ឆ្នាំ មកពីប្រទេសនេប៉ាល់បាននិយាយថា «បណ្តាញផ្សព្វផ្សាយសង្គមមានសារៈសំខាន់ណាស់សព្វថ្ងៃនេះ ហើយខ្ញុំតែងតែប្រើប្រាស់វារយៈពេលពី ៣ ទៅ ៤ម៉ោងក្នុងមួយថ្ងៃ»។
ក៏ប៉ុន្តែ វាបានធ្វើឲ្យឱ្យក្មេងស្រីងាយរងគ្រោះទៅនឹងការប្រឈមនឹងទម្រង់នៃការរំលោភបំពានបែបថ្មី ដោយ ៥០ភាគរយ និយាយថាការបៀតបៀនតាមអ៊ីនធឺណិតគឺកើតឡើងច្រើនជាងការបៀតបៀនតាមដងផ្លូវ។


ស្ត្រីម្នាក់មកពីប្រទេសស៊ូដង់ ដែលឥឡូវនេះមានអាយុ ២០ឆ្នាំហើយ បាននិយាយរៀបរាប់ពីបទពិសោធន៍របស់នាងក្នុងការប្រើប្រាស់បណ្តាញសង្គមកាលពីនាងនៅក្មេងថា «ខ្ញុំធ្លាប់ទទួលបានសារជាច្រើនពីក្មេងប្រុសដែលស្នើសុំឱ្យខ្ញុំផ្ញើរូបអាក្រាត ឬធ្វើបាបខ្ញុំដោយនិយាយថាពួកគេនឹងយករូបភាពដែលខ្ញុំបានបង្ហោះ ទៅចែកចាយ ឬកាត់តរបៀបអាក្រក់ៗហើយចែកចាយជាមួយអ្នកដទៃប្រសិនបើខ្ញុំមិនធ្វើតាមពាក្យរបស់គេនោះទេ។ ឬបើនិយាយទៅ គឺដូចជាការប្រើពាក្យសម្តីអាក្រក់ៗមកលើខ្ញុំ។ ទង្វើនោះវាគួរឱ្យស្អប់ខ្ពើមណាស់។ វាគឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងជីវិតរបស់ខ្ញុំនៅពេលប្រើបណ្តាញផ្សព្វផ្សាយសង្គម កាលខ្ញុំមានអាយុចន្លោះពី ៩ ទៅ ១៤ឆ្នាំ»។

ទោះបីជាមនុស្សម្នាក់ក្នុងចំណោម ៣នាក់ (៣៥ភាគរយ) បានរាយការណ៍ពីជនល្មើសក៏ដោយ ការរំលោភបំពាននៅតែបន្ត ពីព្រោះជនល្មើសអាចបង្កើតគណនីថ្មី ហើយលុះត្រាតែមានចំនួនអ្នកប្រើប្រាស់ច្រើនរាយការណ៍អំពីមាតិកាដែលមានគ្រោះថ្នាក់នោះទើបវិធានការត្រូវបានធ្វើឡើង។

ក្មេងស្រីម្នាក់ទៀតមកពីប្រទេសអេក្វាឌ័រ អាយុ ១៧ឆ្នាំ ដែលត្រូវបានសម្ភាសសម្រាប់ការសិក្សាស្រាវជ្រាវនេះបាននិយាយថា «ខ្ញុំនឹងលុបម្នាក់នោះចេញ ប៉ុន្តែគេនឹងអាចបង្កើតគណនីថ្មីហើយបន្តផ្ញើរូបខ្ញុំមកខ្ញុំទៀត»។

ការបៀតបៀនប៉ះពាល់យ៉ាងខ្លាំងទៅលើទំនុកចិត្ត និងសុខុមាលភាពរបស់ក្មេងស្រី ដោយ ៣៩ភាគរយ នៃអ្នកដែលបានស្ទង់មតិនិយាយថា ការបៀតបៀនបានធ្វើឲ្យពួកគេបាត់បង់ការគោរពខ្លួនឯង ដោយ ៣៨ភាគរយ និយាយថាវាបង្កើតភាពតានតឹងផ្លូវចិត្ត និងអារម្មណ៍ ហើយ ១៨ភាគរយ និយាយថាវាអាចបង្កជាបញ្ហានៅសាលា។

លោកស្រី Anne-Birgitte Albrectsen នាយិកាប្រតិបត្តិនៃអង្គការភ្លែនអន្តរជាតិបានមានប្រសាសន៍ថា «ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានអំណាចក្នុងការផ្លាស់ប្តូរ»។
លោកស្រី Anne-Birgitte Albrectsen បន្ថែមថា «ពួកគេត្រូវធ្វើអ្វីបន្ថែមទៀតដើម្បីដោះស្រាយឥរិយាបថដែលបង្កគ្រោះថ្នាក់ និងធានាថាប្រព័ន្ធរបស់ពួកគេមានសុវត្ថិភាពដែលអនុញ្ញាតឱ្យក្មេងស្រី ស្ត្រីវ័យក្មេង ក្រុមអ្នកស្រលាញ់ភេទដូចគ្នា យុវជន និងក្រុមដទៃទៀតដែលងាយរងគ្រោះ រួចផុតពីការបៀតបៀន ហើយអាចបញ្ចេញមតិបង្ហាញពីខ្លួនឯង និងប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការបង្កើតពិភពលោកដ៏ទាន់សម័យមួយ»។

ការស្រាវជ្រាវត្រូវបានធ្វើឡើងជាផ្នែកមួយនៃយុទ្ធនាការ ក្មេងស្រីត្រូវទទួលបានឱកាសស្មើគ្នា ដែលជាយុទ្ធនាការសកលរបស់អង្គការភ្លែនអន្តរជាតិសម្រាប់ពិភពលោកដែលក្មេងស្រី និងស្ត្រីវ័យក្មេងមានអំណាចក្នុងការក្លាយជាអ្នកដឹកនាំ និងបង្កើតពិភពលោកដ៏ល្អមួយសម្រាប់ពួកគេ ៕

អត្ថបទសរសេរ ដោយ