ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រែក្លាយ​តំបន់ការពារធម្មជាតិ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ប្រែក្លាយ​តំបន់ការពារធម្មជាតិ ដែល​មាន​សក្តានុពល​ទេសចរណ៍​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​សម្រាប់​សហគមន៍​មូលដ្ឋាន ចូលរួម​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​អភិរក្ស​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ ។ នេះ​ជា​ការ​ថ្លែង​ដោយ​ឯកឧត្តម​នេត្រ…

ខេត្តមណ្ឌលគិរី ៖ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ប្រែក្លាយ​តំបន់ការពារធម្មជាតិ ដែល​មាន​សក្តានុពល​ទេសចរណ៍​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​សម្រាប់​សហគមន៍​មូលដ្ឋាន ចូលរួម​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​អភិរក្ស​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ ។

នេះ​ជា​ការ​ថ្លែង​ដោយ​ឯកឧត្តម​នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅ​អំឡុង​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៣ និង​ទី​៤ ខែតុលា ឆ្នាំ​២០២០ ។

ជំនួប​ដែល​សម្របសម្រួល​រៀបចំ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) ដែល​ជា​អង្គ​ដៃគូ​របស់​ក្រសួងបរិស្ថាន​ផ្តល់​ជំនួយ​បច្ចេកទេស ចូលរួម​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ ដើម្បី​ឈ្វេងយល់​ពី​អត្ថប្រយោជន៍ ដែល​សហគមន៍​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក លក់​ឥណទាន​កបូន និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ ។

លោក​រដ្ឋលេខាធិការ បាន​ថ្លែង​ថា​បច្ចុប្បន្ន​គោលនយោបាយ​នេះ​បាន​ក្លាយជា​ការ​ពិត​ហើយ​បាន និង​កំពុង​តែ​អនុវត្ត និង​ផ្តល់​ផ្លែផ្កា ខណៈ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន និង​កំពុង​ជំរុញ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា ក្នុង​ប្រទេស​កម្ពុជា ។

តំបន់ការពារធម្មជាតិ​នានា​ដែល​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍ ។ គ្រាន់តែ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​តែ​មួយ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​កំពុង​ដំណើរការ​មាន​ចំនួន​ជាង​៣០​កន្លែង រួម​មាន​ភ្នំ ទឹកជ្រោះ ព្រៃឈើ និង​សត្វព្រៃ និង​វាលស្មៅ​ជាដើម ។

ខេត្តមណ្ឌលគិរី​មាន​តំបន់​ដែនជម្រកសត្វព្រៃ​ចំនួន​៥ រួម​មាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន ដែល​មាន​ផ្ទៃដី​សរុប​ទំហំ​ជាង​១,១​លាន​ហិ​ក​តា មាន​តំបន់​ច្រើន​ដែល​មាន​សក្តានុពល​ដែល​អាច​ក្លាយទៅជា​តំបន់​ទេស​ចរណ៍​ធម្មជាតិ​បន្ថែម​ទៀត សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅ​ក្នុង​ដែនជម្រកសត្វព្រៃ កែវ​សីមា​មាន​ទឹកធ្លាក់​ធម្មជាតិ​ប្រកបដោយ​ទេសភាព​ដ៏​ល្អ​ស្អាត​គួរ​ជាទី​ទាក់ទាញ​ចំនួន​១០​កន្លែង ដូច​ជា​ទឹក​ធ្លាក់​លែង​អង​លែង​ឃិ​ន​ជាដើម ហើយ​បច្ចុប្បន្ន​នេះ​ក្រសួងបរិស្ថាន​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ដែល​ជា​ដៃគូ​ក្នុង​ការងារ​ការពារ​និង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន និង​កំពុង​ផ្តល់​ការ​គាំទ្រ​ទាំង​ស្មារតី និង​បច្ចេកទេស​ដល់​ប្រជា​សហគមន៍ ដើម្បី​បង្កើត​សហគមន៍​ទេសចរណ៍ធម្មជាតិ ។

សហគមន៍​ទេសចរណ៍ធម្មជាតិ​អណ្តូង​ក្រឡឹង ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ក្នុង​គម្រោង​អភិរក្ស​សត្វ​ស្វា​កន្ទុយ​ស និង​សត្វ​ទោច​ថ្ពាល់​លឿង បាន​និង​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​សត្វ​កម្រ​នៅ​លើ​ពិភពលោក​នេះ ។ ក្នុង​មួយ​ឆ្នាំ​២០១៩ កន្លង​ទៅ សហគមន៍​ទេសចរណ៍ធម្មជាតិ​អណ្តូង​ក្រឡឹង​បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៤៥០​នាក់ បាន​ចំណូល​ជាង​១៧០០០ ដុល្លារ​អា​មេ​រិ​ក ។

ឯកឧត្តម​នេត្រ ភក្ត្រា បាន​ថ្លែង​ថា ចំណូល​នេះ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រជា​សហគមន៍​។ ដែន​ជម្រកសត្វព្រៃ​កែវ​សីមា​មិន​ត្រឹមតែ​មាន​សារសំខាន់​ជា​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ប្រភេទ​សត្វ រុក្ខជាតិ​កម្រ​នៅ​លើ​ពិភពលោក​នោះ​ទេ ប៉ុន្តែ​ជាទី​កន្លែង​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ព្រោះ​មាន​ទីតាំង​ព័ទ្ធ​ទីរួមខេត្ត​មណ្ឌលគិរី និង​មាន​រុក្ខជាតិ​កម្រ និង​ផ្កា​ព្រៃចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត មាន​ទឹកធ្លាក់​ធម្មជាតិ ។

ឯកឧត្តម​នេត្រ ភក្ត្រា បាន​ថ្លែង​ថា ការ​អញ្ជើញ​មក​ទស្សនា​កម្សាន្ត​នៅ​តាម​សហគមន៍​ទេសចរណ៍​ធម្មជាតិ​នានា​នឹង​ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើត​ជម្រើស​មុខ​របរ​ថ្មី​ដល់​ប្រជា​សហគមន៍ និង​ផ្តល់​ចំណូល​សម្រាប់​ជីវភាព​របស់​ពលរដ្ឋ ក៏​ដូច​ជា​ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។

ក្រៅពី​ទេសភាព​ដ៏​ល្អ​ស្អាត​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ថ្មី​ជា​ច្រើន​ទៀត ដែល​បាន និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដូច​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​រលាក់​កងជើង (​ភ្នំ​ខ្នង​ផ្សារ​) ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ សហគមន៍​ផាត់​សណ្ដាយ​​ខេត្ដកំពង់ធំ សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ខេត្តសៀមរាប និង​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃ​វែង តំបន់​វាល​ធំ​នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ខេត្តរតនគិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ