ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​នៅ​បន្ត​ក្នុង​ទីក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន​ខណៈ​សភាពការណ៍​មនុស្សធម៌​ដុនដាប

9 ឆ្នាំ មុន

ពួក​ជីវពល​កុលសម្ព័ន្ធ​ស្និទ្ធ​ប្រធានាធិបតី​យេ​ម៉ែ​ន​លោក ABD RABBO MANSOUR HADI និង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី បាន​បន្ត​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​កាលពី​ថ្ងៃ​ទី​៧ មេ​សា​នៅ​តាម​វិ​ថី​នានា

ពួក​ជីវពល​កុលសម្ព័ន្ធ​ស្និទ្ធ​ប្រធានាធិបតី​យេ​ម៉ែ​ន​លោក ABD RABBO MANSOUR HADI និង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី បាន​បន្ត​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​កាលពី​ថ្ងៃ​ទី​៧ មេ​សា​នៅ​តាម​វិ​ថី​នានា​ដើម្បី​ដណ្តើម​ត្រួតត្រា​ទីក្រុង​កំពង់​ផែ​អា​ដេ​ន នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៦​នាក់ ។

កាកបាទក្រហម​អន្តរជាតិ CICR កាលពី​ថ្ងៃ​ទី​៧​មេ​សាបាន​ចេញ​ការ​ប្រកាស​អាសន្ន​ពី​សភាពការណ៍​មនុស្សធម៌​ប្រកបដោយ​គ្រោះ​មហន្តរាយ​នៅ​ទីក្រុង​អា​ដេ​ន​ខណៈ​ទីក្រុង​ធំ​ទី​២​នោះ​របស់​ប្រទេស​ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​រាល់ថ្ងៃ​រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី​ស្និទ្ធ​អីុ​រ៉​ង់ និង​ពួក​អ្នកគាំទ្រ​ប្រធានាធិបតី​លោក  HADI គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

អ្នកនាំពាក្យ​របស់ CICR នៅ​ទីក្រុង​សា​ណា​លោកស្រី  MARIE CLAIRE FEGHALI ថ្លែង​ថា កាកបាទក្រហម​សង្ឃឹមលើ​ការ​ចុះ​នា​ថ្ងៃ​ទី​៨ មេ​សា នូវ​យន្តហោះ​ដឹក​ជំនួយ​មនុស្សធម៌​១​គ្រឿង​ដំបូង​នៅ​ក្រុង​សា​ណា​ដែល​យន្តហោះ​នោះ​ដឹក​ថ្នាំពេទ្យ​១៦​តោន​ហោះ​មក​ពី​ហ្ស៊​ក​ដា​នី​។ ជំនួយ​ទម្ងន់​៣២​តោន​អាច​បញ្ជូន​មក​នា​ថ្ងៃ​ទី​៩ មេ​សា ។ លោកស្រី​បន្ត​ថា ជំនួយ​នោះ រង់ចាំ​បំផុត​នៅ​យេ​ម៉ែ​ន​ដែល​សភាពការណ៍​មនុស្សធម៌​អាក្រក់​ខ្លាំង​ណាស់ ។ សភាពការណ៍​រិ​ត​តែ​អាក្រក់​នៅ​ទីក្រុង​អា​ដេ​ន​ដោយនៅ​ទីនោះ​សង្គ្រាម​កើត​មាននៅ​គ្រប់កន្លែង​នៃ​ទីក្រុង ។ មក​ពី​ការ​ប្រយុទ្ធ​គ្នា​ប្រជាជន​ទីក្រុង​នោះ​ប្រមាណ​ជា​៨០០.០០០​នាក់​ពុំ​អាច​រត់​ភៀសខ្លួន​ចេញ​បាន​។ សាកសព​មនុស្ស​នៅ​ចោល​រាយ​ប៉ាយ​ជួនកាល​លើ​ផ្លូវថ្នល់​ព្រោះ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ផ្សងព្រេង​ទៅ​ទាញ​យក​ចេញ​ឡើយ ។ សភាពការណ៍​កាន់តែ​អាក្រក់​នៅ​តាម​មន្ទីរពេទ្យ​នានា​ដែល​សំណើ​របស់​កាកបាទក្រហម​សុំ​ឱ្យ​មានការ​ផ្អាក​បាញ់​គ្នា​មនុស្សធម៌​ដើម្បី​បញ្ជូន​ជំនួយ​ពុំ​មានការ​ឆ្លើយ​តប ។

កាលពី​ថ្ងៃ​ទី​៧ មេ​សា ប្រតិបត្តិការ​ជម្លៀស​ជនបរទេស​ចេញពី​យេ​ម៉ែ​ន​នៅ​បន្ត ។ ក្នុង​ទីក្រុង​សា​ណា ។ យន្តហោះ​ឥណ្ឌា​៣​គ្រឿង​បាន​ដឹក​មនុស្ស​ចេញ​៦០៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​យេ​ម៉ែ​ន​ប្រមាណ​ជា​១០០​នាក់​ផង​ទៅ​កាន់​ប្រទេស​ហ្ស៊ី​ប៊ូ​ទី ។ ចំណែក​កង​ម៉ា​រី​ន​ប៉ា​គី​ស្ថាន​ក៏​ប្រកាស​ដែរ​នា​ថ្ងៃ​ទី​៧ មេ​សា នោះ​ពី​ការ​ជម្លៀស​តាម​នាវា​នូវ​ជនជាតិ​ប៉ា​គី​ស្ថាន​១០០​នាក់ និង​ជនបរទេស​៣០​នាក់​ទៀត ។

ការ​ប្រយុទ្ធ​គ្នា​នានា​ដែល​ប្រមូលផ្តុំ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នោះ​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​ចាប់តាំងពី​ថ្ងៃ​ទី​៥ មេ​សា​មក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥៩​នាក់​ក្នុង​នោះ​៦៣​នាក់​នៅ​ក្រុង​អា​ដេ​ន ។

កាលពី​ថ្ងៃ​ទី​៧ មេ​សា កង​យន្តហោះ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​វាយប្រហារ​ប្រឆាំង​ទីតាំង​១​កន្លែង​របស់​ពួក​ហ៊ូ​ធី នៅ​ជាយក្រុង​អា​ដេ​ន ដោយ​សម្លាប់​ពួក​នោះ​៨​នាក់ និង​ប្រឆាំង​បណ្តា​ជំរំ​យោធា​នៅ​ខេត្ត TAEZ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​។

អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​នា​ថ្ងៃ​ទី​៧ មេ​សា​ថា មនុស្ស​យ៉ាងតិច​៨៤០​នាក់ ស្លាប់​និង​១៧០០​នាក់​របួស​នៅ​យេ​ម៉ែ​ន ចាប់តាំងពី​ថ្ងៃ​ទី​១៩ មីនា​មក ។ ចំណែក​អង្គការ​យូ​នី​សេ​ហ្វ​រាយការណ៍​ពី​កុមារ​យ៉ាងតិច​៧៤​នាក់​ស្លាប់ និង​៤៤​នាក់​របួស​ចាប់តាំងពី​ថ្ងៃ​ទី​២៦ មីនា​មក ។ ចំណែក​មនុស្ស​ជាង​១០០.០០០​នាក់​បាន​រត់​ភៀសខ្លួន​មក​ពី​សង្គ្រាម ៕