ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​​ឆ្នាំ​2021​ខាង​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​កន្លែង​សម្រាប់​ប្រារ​ព្វ​ពិធី​បើក​និង​បិទ​ជា​ផ្លូវការ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២ ឆ្នាំ​២០២៣ គ្រោង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅ​ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន…

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​កន្លែង​សម្រាប់​ប្រារ​ព្វ​ពិធី​បើក​និង​បិទ​ជា​ផ្លូវការ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២ ឆ្នាំ​២០២៣ គ្រោង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅ​ខែឧសភា ឆ្នាំ​២០២១​។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​(CAMSOC)​ក្នុង​ឱកាស​ជូន​ដំណើរ​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ពិនិត្យ​មើល​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា​។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​បន្ត​ថា ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២ នា​ពេល​នេះ​ធ្វើ​ឡើង​ទៅ​តាម​កម្មវិធី​គ្រោងទុក ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា​ប្រធាន​​គណៈកម្មាធិ​ការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម អមដំណើរ​ដោយ​លោក​បណ្ឌិត​ថោ​ង ខុន​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​គណៈក​ម្មា​ធិ​ការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម និង​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​ផង​ដែរ ក្នុង​ការ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​កសាង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​បាន​ផ្ដោត​ទៅ​លើ​ការ​ត្រៀមលក្ខណៈ​សំខាន់​ៗ​ចំនួន​២​គឺ ទី​១-​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ធំ​មានការ​ប្រែប្រួល​កាលបរិច្ឆេទ​ក្នុង​ការ​សាងសង់​បង្ហើយ​ចុង​ក្រោយ​ដោយ​ខាង​ក្រុមហ៊ុន​សាងសង់​ប្រទេស​ចិន​បាន​បញ្ជាក់​ប្រាប់​ថា នឹង​បញ្ចប់​ការ​សាងសង់​នៅ​ខែឧសភា ឆ្នាំ​២០២១ ដែល​ពី​មុន​ថា​គ្រោង​បញ្ចប់​ត្រឹម​ខែមេសា​ប៉ុណ្ណោះ ។

ត្រង់​ចំណុច​នេះ​ខាង​ក្រុមហ៊ុន​សាងសង់​បាន​បញ្ជាក់​ថា ការ​យឺតយ៉ាវ​នេះ​ដោយសារ​តែ​មានការ​រៀបចំ​តុបតែងផ្នែក​ខាងក្នុង​ច្រើន រាប់​តាំងពី​ការ​បំពាក់​កញ្ចក់​កន្លែង​បន្ទប់​វី​អាយ​ភី និង​សម្ភារ​លម្អ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ នៅ​ពេល​ការ​សាងសង់​រួចរាល់​នឹង​មាន​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤​តែ​ម្ដង ។ ទី​២-​គឺ​ការ​កសាង​បុរី​កីឡា ហៅ​ថា​ភូមិ​កីឡា​ដែល​អាច​ផ្ទុក​កីឡាករ​បាន​រហូត​ដល់​ទៅ​ជាង​៧​ពាន់​នាក់ ហើយ​ត្រូវធ្វើ​ឱ្យទាន់​ពេលវេលា ព្រោះ​វា​ជា​កន្លែង​ប្រមូលផ្ដុំ​កីឡាករ​ស្នាក់​នៅ​និង​ហូប​ចុក ព្រមទាំង​មាន​កន្លែង​សម្រាប់​ប្រកួត​មួយ​ចំនួន​ទៀត​។

ជាមួយនឹង​របាយការណ៍​ជាក់លាក់​របស់​ក្រុមហ៊ុន​សាងសង់​នេះ នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​អាច​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​រៀបចំ​បាន​ច្រើន ព្រោះ​មាន​កន្លែង​ស្នាក់​នៅ​ផ្ដុំ​គ្នា បើសិនជា​ស្នាក់​នៅ​សណ្ឋាគារ​ពិតជា​មានការ​ចំណាយ​ច្រើន រួម​ទាំង​ការ​ដឹក​ជញ្ជូន​ជាដើម ។ ចំពោះ​របាយការណ៍​វឌ្ឍនភាព​ដ៏​ជាក់លាក់​ទាំង​ពីរ​ខាងលើ​នេះ ធ្វើ​ឱ្យ​សម្ដេច​ពិជ័យ​សេនា​មាន​ភាព​កក់ក្ដៅ ។

សម្ដេចក៏​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ធ្វើការ​ឱ្យ​បាន​ល្អ​ទៅ​តាម​គម្រោង​និង​ពេលវេលា​ដែល​បាន​កំណត់ និង​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​នៃ​ការ​សាងសង់​ផង និង​តាម​និយាម​បច្ចេកទេស ប្រភេទ​កីឡា​ទាំងអស់​ដែល​មាននៅ​ក្នុង​នោះ​។​បន្ទាប់​ពី​នេះ​ទៅ ថ្នាក់ដឹកនាំ​CAMSOC​ គ្រោង​បន្តដំណើរ​ទៅ​ទស្សនកិច្ច​ប្រភេទ​កីឡា​លើ​ទឹក​មួយ​ចំនួន​ដែល​ត្រូវ​ប្រកួត​នៅ​ខេត្ត​កែប​និង​កំពត ដើម្បី​ឱ្យ​មាន​ភាព​កក់ក្ដៅ​ថែម​ទៀត ។

ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​ត្រូវ​កំណត់​នៅ​ក្នុង​ផែនការ​ឱ្យ​បាន​ច្បាស់លាស់ ថា​កីឡា​ណា​លេង​កន្លែង​ណា ហើយ​កន្លែង​ណា​មាន​ស្តង់ដា​ឬ​មិន​ទាន់​មាន​ស្តង់ដា​ត្រូវធ្វើ​ឱ្យ​ហើយ​ទាំងអស់ ។ យើង​ខ្វល់​តែ​ពេលវេលា​រៀបចំ​ព្រឹត្តិការណ៍ និង​ការ​រៀបចំ​កីឡា​ឱ្យ​មានគុណ​ភាព​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ