ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​កំពុង​ស៊ើបអង្កេត​រក​​ជន​ដែល​បោះបង្គោល​ទន្ទ្រាន​យក​​ដី​​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ក្រសួងបរិស្ថានកំពុងធ្វើការស៊ើបអង្កេត​ស្វែងរក​ជនខិលខូច ​ដែល​លួច បោះបង្គោល​នៅ​លើ​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិត​នៅ​​ចំណុច​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រ៉ាង ខេត្តមណ្ឌលគិរី​ ។…

ខេត្តមណ្ឌលគិរី​៖ ក្រសួងបរិស្ថានកំពុងធ្វើការស៊ើបអង្កេត​ស្វែងរក​ជនខិលខូច ​ដែល​លួច បោះបង្គោល​នៅ​លើ​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិត​នៅ​​ចំណុច​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រ៉ាង ខេត្តមណ្ឌលគិរី​ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។
ការ​បញ្ជាក់​បែប​នេះ​របស់​លោក នេត្រ ភក្ត្រា បាន​ធ្វើ​ឡើង​ក្នុង​កំឡុង​ពេល​ដែល​លោក​បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌​ចុះ​ស្វែង​យល់​ពី​ការ​អនុវត្តន៍​គម្រោង រេ​ដ​បូ​សីមា នៃ​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២០​។

ជាមួយ​គ្នា​នេះ​ដែរ លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង ក្រសួងបរិស្ថាន បាន​ខិតខំ​ពង្រឹង​វិធាន​ការ​ច្បាប់​ការពារ​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ធនធានធម្មជាតិ ក៏​ដូច​ជា​ព្រៃឈើសត្វ​ព្រៃ និង​សម្បត្តិ​ធម្មជាតិ​ផ្សេង​ៗ​ទៀត ដើម្បី​ជា​ផល​ជា​ប្រយោជន៍​រួម​សម្រាប់ មនុស្សជាតិ​ទាំងមូល​ផង​ដែរ​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ បាន​បន្ថែម​ថា កន្លង​មក​បើ​ទោះជា​ក្រសួង បាន​ខិតខំ​ទប់ស្កាត់ រាល់​បទល្មើស​ធនធានធម្មជាតិ និង​ការ​ទន្ទ្រាន​ដី​រដ្ឋ ក៏​ប៉ុន្តែ​នៅ​តែ​មាន​ជនខិលខូច​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​លួច បោះបង្គោល​របង ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ និង​ដី​តំបន់ការពារធម្មជាតិ ជម្រក​សត្វព្រៃ​ដោយ​ខុសច្បាប់​ផង​ដែរ​។ ជាក់​ស្ត​ដែល​ករណី​នេះ ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ជន​ទាំងនោះ​ដោយ​មិន លើក លែង​ឡើយ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ថា​៖ «​ឥឡូវនេះ យើង​ឃើញ​មានការ​បោះបង្គោល​របង​មួយ​ចំនួន​ដែល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង យើង​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ថា​តើន​ណារ ជា​អ្នក​ដែល​បោះបង្គោល​នៅ​កន្លែង​ហ្នឹង ដើម្បី​យើង​អនុវត្ត​ទៅ​តាម​ច្បាប់​»​។
ទន្ទឹម​នឹង​នេះ​លោក ក៏​បាន​ព្រមាន​ធ្ងន់​ៗ​ថា សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំង​អស់នេះ ព្រោះថា​វា​ជា​សកម្មភាព​ខុសច្បាប់ ហើយ​ក្រសួង​នឹង​អនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បំពាន​លួច​ចូល​ទន្ទ្រាន​បោះបង្គោល​ក្នុង​ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ ក៏​ដូច​ជា​ដី​រដ្ឋ​ជាដើម​។

បន្ថែម​ពី​នេះ នៅ​ថ្ងៃ​ចុះ​ទីវាល ក្នុង​ដែល​ជម្រក​សត្វព្រៃ​កែវ​សីមា លោក នេត្រ ភក្ត្រា បាន​ដឹកនាំ​មន្ត្រី​ក្រសួង បរិស្ថាន រួម​នឹង​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី បាន​ដក បង្គោលរបង​ឈើ និង​ថ្ម ដែល​ហ៊ុំ​ព័ទ្ធ​ដី​ដោយ​ខុសច្បាប់​ក្នុង​ដី​រដ្ឋ ស្ថិត​នៅ​ចំណុច​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ប្រមាណ​៥០​ដើម ព្រមទាំង​ដុត​កម្ទេច​ចោ​លោង​ដែរ​។គូសបញ្ជាក់​ដែល​ថា ចំពោះ​ករណី​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ក៏​ដូច​ជា​ដី​រដ្ឋ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់​នេះ​ដែរ មាន​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ត្រូវ​បាន​ចាប់ខ្លួន និង​ដក​តួនាទី​ផង​ដែរ មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ និង​អភិបាលស្រុក​កោះ​ញែក​ជាដើម។

បើ​តាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃ​កែវ​សីមា គ្របដណ្តប់​លើ​ផ្ទៃដី ចំនួន ២៩២.៦៩០​ហិ​កតា ស្ថិត​នៅ​តាម​បណ្តោយ​ជើង ភ្នំ​អាណា​ម៉ា​យ​ណ៍ និង​មា​នទី​តាំងនៅ​ភាគ​ខាងកើត ប្រទេស​កម្ពុជា ក្នុង​នោះ​មួយ​ផ្នែក​ធំ​ស្ថិត​នៅ​ក្នុងស្រុក​កែវ​សីមា ស្រុក​សែន​មនោ​រម្យ និង​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី និង​មួយ​ផ្នែក​តូច​ស្ថិ​ង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បង្កើត​ឡើង​ដោយ​អនុក្រឹត្យ នៃ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៦៕ ​

អត្ថបទសរសេរ ដោយ