ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​មានច្បាប់​គ្រប់គ្រង ៖ អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ប្រទេស​ជាតិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល ។ កន្លង​ទៅ បញ្ហា​មិន​ប្រក្រតី​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​ខូច​កិត្តិយស​ដល់​ប្រទេស​ជាតិ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា​ក្នុង​ឱកាស​ដែល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម និង​សួរសុខទុក្ខ​កុមារ​កំព្រា កុមារ​ពិការ​ភ្នែក កុមារ​គ​ថ្លង់​នៃ​សាលា​គ្រួសារ​ថ្មី និង​មណ្ឌល​ភ្នំពេញ​ថ្មី ស្ថិត​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​លើក​ពី​បញ្ហា​មិន​ប្រក្រតី​របស់​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​ថា មាន​ខ្លះ​កន្លង​ទៅ​ជា​ស្ត្រី​ខូច​សិប្បនិម្មិត​ថា គេ​ចាប់រំលោភ​តាំងពី​នៅ​កុមារ រួច​ហើយ​ទៅ​កៀរគរ​រក​ជំនួយ​ពី​បរទេស ហើយ​បង្កើត​ជា​អង្គការ​ក្នុងស្រុក​ខ្មែរ​។ មាន​អ្នកខ្លះ ប្រឹងប្រែង​ជេរ​រាជរដ្ឋាភិបាល​ពី​ការ​គាបសង្កត់​សិទ្ធិ​មនុស្ស ដើម្បី​ឱ្យ​គេ​ឱ្យ​លុយ​មក​ធ្វើ​អង្គការសិទ្ធិមនុស្ស ។ ដើរតួ​ជា​ស្រីខូច​យកឈ្មោះ​កម្ពុជា​ទៅ​លក់​ដើម្បី​បាន​លុយ នៅ​មាន​អង្គការ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​… ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​រំឭក​ពី​កាល​សម្តេច​ជួប​ពិភាក្សា​ជាមួយ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បាន គី​មូ​ន នៅ​សេន​ដាយ ប្រទេស​ជប៉ុន ថា កាលពី​ឆ្នាំ​២០០៥ ប្រជុំ​អាស៊ាន​នៅ​ញូ​វ​យ៉​ក សម្តេច​បាន​ប្រាប់​លោក កូ​ហ្វី​អាណា​ន់ ថា «​ខ្ញុំ​មិន​រំពឹង​ថា មាន​របាយការណ៍​ល្អ​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ ព្រោះ​បើសិនជា​មាន​របាយការណ៍​ល្អ​នៅ​កម្ពុជា ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពួក​អ្នកធ្វើការ​ខាង​សិទ្ធិ​មនុស្ស​លែង​មានការ​ងារ​ធ្វើ​ហើយ នេះ​ជា​រឿង​ពិត​» ។

ដូច្នេះ រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ច្បាប់​ដើម្បី​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​ទៅ​តាម​នីតិវិធី​ច្បាប់ ។

សម្តេច​បាន​រិះគន់​អស់លោក​ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ទាំងឡាយ​ថា សូមកុំ​ខ្លាច បើ​យើង​តម្លាភាព គឺ​ត្រូវ​ដាក់​លើ​តុ ។

អស់លោក​ដឹង​ហើយ របាយការណ៍​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល ត្រូវ​ចេញ​រាល់​ឆ្នាំ គ្រាន់តែ​ចេញ​យឺត គឺ​មានការ​បន្ទោស ។ ចំណែក​អង្គការក្រៅរដ្ឋាភិបាល ញញើត​អ្វី​នឹង​ការ​រៀបចំ​បង្កើត​ច្បាប់ រាជរដ្ឋាភិបាល​ធ្វើ​ច្បាប់ មិនមែន​រារាំង​អង្គការក្រៅរដ្ឋាភិបាល​ទេ ប៉ុ​ន្តែ​រាជរដ្ឋាភិបាល​ចង់ឱ្យ​មាន​តម្លាភាព ទាំង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក អង្គការក្រៅរដ្ឋាភិបាល​ក្រៅ​ស្រុក បើសិន​បរទេស​គេ​ជួយ​លុយ​មក​អង្គការក្រៅរដ្ឋាភិបាល តើ​យក​ទៅ​ធ្វើ​អ្វី?បញ្ចេញ​របាយការណ៍​ឱ្យ​រាជរដ្ឋាភិបាល​ដើម្បី​មាន​សិទ្ធិ​ចុះ​ទៅ​អូឌីត ពិនិត្យ​មើល ។ បើ​ឆ្លើយ​មិន​ត្រូវ តើ​យ៉ាងដូចម្តេច ?

សម្តេច​តេ​ជោ​រិះគន់​ថា ឱ្យ​តែ​ខាង​រាជរដ្ឋាភិបាល ខ្លួនឯង​ចេះ​ពិនិត្យ ឯ​ដល់​ខ្លួនឯង​វិញ ចេះ​តែ​នៅ​ក្រៅច្បាប់​រហូត​ទៅ​ឬ ? សូម​អស់លោក​អង្គការក្រៅរដ្ឋាភិបាល​កុំ​ជ្រួលជ្រើម ល្មម​ៗ​បាន​ហើយ​អស់លោក មិន​ទាន់​មាន​សិទ្ធិ​អនុម័ត​ទេ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ពេលវេលា​នៃ​ការ​អនុម័ត​ច្បាប់​មិន​ហួស​ពី​ខែឧសភា​ខាង​មុខ​នេះ​ទេ ដាក់​ចូល​គណៈរដ្ឋមន្ត្រី រួច​បញ្ជូន​ទៅ​រដ្ឋសភា ចង់​អ្នក​ណា​គាំទ្រ ឬ​មិន​គាំទ្រ​សំឡេង​របស់​សមាជិក​សភា​មាន​សិទ្ធិ​អនុម័ត ។ ត្រូវ​កំណត់​នីតិវិធី​ចុះបញ្ជី​ជាតិ សូ​ម្បី​តែ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចូល​សភា គេ​ក៏​មាន​បញ្ជី​ជាតិ​ដែរ ហើយ​គណបក្ស​នយោបាយ​ក៏​ត្រូវ​រាយការណ៍​អំពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​ដែរ ។

ចម្លែក​ត្រង់​អង្គការក្រៅរដ្ឋាភិបាល ខ្ញុំ​សួរ​ថា តើ​មូលហេតុ​អ្វី​បានជា​អ្នកខ្លះ​ខ្លាច​ច្បាប់ តើ​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​ខ្នង ។ សម្តេច​មាន​ប្រសាសន៍​ថា តាម​ខ្ញុំ​ដឹង​ខ្លះ​ៗ អង្គការក្រៅរដ្ឋាភិបាល​ដែល​ទទួល​លុយ​ពី​បរទេស​មុន​នឹង​និយាយ ត្រូវ​ទៅ​ស្ថានទូត​ប្រទេស​នោះ​សិន ។

អស់លោក​កុំ​ស្មានថា គេ​មិនដឹង​ហើយ​មិន​យល់ ។ ដូច្នេះ​អស់លោក​ល្មម​ៗ​បាន​ហើយ សិទ្ធិ​អស់លោក​គ្រាន់តែ​តែងតាំង​ដោយ​ខ្លួនឯង ធ្វើ​អ្វី​ក៏​ខ្លួនឯង ។ ដូច្នេះ​ការ​បង្កើត​ច្បាប់​នេះ​ដើម្បី​មានច្បាប់​គ្រប់គ្រង មិនមែន​រារាំង​សកម្មភាព​ទេ ក៏​ប៉ុ​ន្តែ​ទាំងអស់​គ្នា​ត្រូវ​តម្លាភាព ។

សម្តេច​តេ​ជោ​បាន​រិះគន់​អ្នកវិភាគ​ឯករាជ្យ បើ​អ្នកឯង​មិន​គាំទ្រ​ហី​ទៅ ឥឡូវ​អំណាច​មិនមែន​អំណាច​របស់​អស់លោក​ទេ បើ​អស់លោក​មិន​ចុះបញ្ជី សាកមើល អស់លោក​គង់​នឹង​ដឹង​… ។

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម​ដែល​ដាក់​សម្ពោធ​នេះ គឺជា​សមិទ្ធផល​ថ្មី​ថែម​មួយទៀត​របស់​កាកបាទក្រហមកម្ពុជា ក្នុង​ការ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ការ​បង្កើត​កាកបាទក្រហមកម្ពុជា និង​ស្រប​ពេល​ដែល​កាកបាទក្រហមកម្ពុជា​កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​ទី​១៥២ របស់​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធានបទ «​កម្លាំង​មនុស្សធម៌ ៖ គោលការណ៍​គ្រឹះ​ក្នុង​សកម្មភាព​»​។

ក្នុង​ស្មារតី​នេះ ដើម្បី​បន្ត​និរន្តរភាព​អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម​ឱ្យ​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ដូចដែល​អនុវត្ត​កន្លង​មក គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ប្តេជ្ញា​ពង្រឹង និង​ពង្រីក​សកម្មភាព​អ្នក​ស្ម័គ្រចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​លើកទឹកចិត្ត ពង្រឹង​ផ្នែក​ផ្លូវចិត្ត​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ ជំងឺអេដស៍ អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​មេរោគ​អេ​ដស៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​មាន​ក្តី​សង្ឃឹម និង​មាន​ភាព​កក់ក្តៅ ។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ប្រគល់ ៖
-​កុមារ​ពិការ​ភ្នែក កុមារ​គ​ថ្លង់ និង​កុមារ​កំព្រា សរុប​ទាំងអស់​៧៨៧​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ឃី​ត​១​កញ្ចប់ និង​ទឹកប្រាក់​៥​ម៉ឺន​រៀល ។
-​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក សរុប​ទាំងអស់​១៨៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ឃី​ត​១​កញ្ចប់ និង​ទឹកប្រាក់​១០​ម៉ឺន​រៀល ។
-​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី (ASPECA) មណ្ឌល​គាំពារ​កុមារ​តា​ខ្មៅ មណ្ឌល​ផ្ទះ​អចិន្ត្រៃយ៍ ខ្ពប​វែង​តា​ខ្មៅ មណ្ឌលកុមារ​ងាយ​រង​គ្រោះ​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ និង​មណ្ឌលកុមារ​ងាយ​រង​គ្រោះ​ចំការមន រាជធានី​ភ្នំពេញ សរុប​ចំនួន​៥​មណ្ឌល មណ្ឌល​នីមួយ​ៗ​ទទួល​បាន​មី​៥​កេស ត្រីខ​២​កេស ប៊ី​ចេ​ង​២​គីឡូក្រាម ស្ករស​៥​គីឡូក្រាម ទឹកក្រូច​៥​កេស ទឹកបរិសុទ្ធ​៥​កេស និង​ទឹកប្រាក់​ចំនួន​២​លាន​រៀល ។
-​សាលា​គ​ថ្លង់​ច្បារ​អំពៅ​ផ្តល់ មី​២០​កេស ត្រីខ​៥​កេស ប៊ី​ចេ​ង​៥​គីឡូក្រាម ស្ករស​២៥​គីឡូក្រាម ទឹកក្រូច​២០​កេស ទឹកបរិសុទ្ធ​២០​កេស និង​ទឹកប្រាក់​៣​លាន​រៀល ។
-​មណ្ឌល​អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម និង​សាលា​កុមារ​ពិការ​ភ្នែក គ​ថ្លង់​ភ្នំពេញ​ថ្មី ផ្តល់​មី​២០​កេស ត្រីខ​៥​កេស ប៊ី​ចេ​ង​៥​គីឡូក្រាម ស្ករស​២៥​គីឡូក្រាម ទឹកក្រូច​២០​កេស ទឹកបរិសុទ្ធ​២០​កេស និង​ទឹកប្រាក់​ចំនួន​៥​លាន​រៀល ។
នៅ​ក្នុង​ឱកាស​នោះ ក៏​បាន​រៀបចំ​ជូន​នូវ​អាហារ​ថ្ងៃត្រង់​ផង​ដែរ ៕