ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទំនងជា​មិន​អាច​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​តោន​ក្នុងឆ្នាំនេះ​ទេ​ខណៈ​ពីរ​ខែ​ចុង​ក្រោយ​ថយ​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កាលពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០២០ កន្លង​ទៅ​កម្ពុជា​មាន​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៨០​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ ដោយសារ​តែ​កម្ពុជា​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង ។ ក៏​ប៉ុន្តែ​មក​ដល់​ខែតុលា​ឆ្នាំ ២០២០​នេះ…

​រាជធានី​ភ្នំពេញ ៖ កាលពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០២០ កន្លង​ទៅ​កម្ពុជា​មាន​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៨០​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ ដោយសារ​តែ​កម្ពុជា​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង ។ ក៏​ប៉ុន្តែ​មក​ដល់​ខែតុលា​ឆ្នាំ ២០២០​នេះ កម្ពុជា​ទំនងជា​មិន​អាច​សម្រេច​បាន​ផែនការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​តោន​ក្នុងឆ្នាំនេះ​ទេ ព្រោះ​តួលេខ​បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មានការ​ថយ​ចុះ ខណៈ​តួលេខ​សរុប​នៃ​ការ​នាំ​ចេញ​រយៈពេល ៩​ខែ​ឆ្នាំ ២០២០​នេះ កម្ពុជា​ទើបតែ​សម្រេច​បានការ​នាំ​ចេញ​ប្រមាណ​ជិត​៥០​ម៉ឺន​តោន​ប៉ុណ្ណោះ ។ ​

បើ​យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្ហាញ​ថា​ក្នុង​ខែសីហា ឆ្នាំ ២០២០​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ចំនួន​ជាង​២២​ពាន់​តោន​តែ​ប៉ុណ្ណោះ ដែល​ជា​សញ្ញា​ធ្លាក់​ចុះបើ​ធៀប​នឹង​ខែសីហា​ឆ្នាំ ២០១៩ ដែល​កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង​៣៤​ពាន់​តោន ។ ចំណែកឯ​ខែកញ្ញា ឆ្នាំ ២០២០​នេះ​វិញ តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា​កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង​៤០,៥​ពាន់​តោន​និង​ធ្លាក់​ចុះ​ច្រើន​ដូច​គ្នា​បើ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំ ២០១៩ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​ជាង​៥៦,៥​ពាន់តោន ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​របស់​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ថយ​ចុះ​មិនមែន​អង្ករ​កម្ពុជា​អត់​ទីផ្សារ​ទេ តែ​ដោយសារ​តែ​កម្ពុជា​មិន​មាន​ផលិតផល​សម្រាប់​នាំ​ចេញ ព្រោះ​ដូច​បានដឹង​ហើយ​កាលពី​អំឡុង​ខែកក្កដា សីហា កន្លង​ទៅ​កម្ពុជា​ជួប​ប្រទះ​នឹង​បាតុភូត​គ្រោះ​រាំង​ស្ងួត ធ្វើ​អោយ​កសិករ​មិន​អាច​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់​ដូច​ឆ្នាំ​មុន ។

លោក​បាន​បន្ត​ថា ទីផ្សារ​អង្ករ​របស់​កម្ពុជា​នៅ​អន្តរជាតិ​នៅ​តែ​មាន​តម្រូវការ​ខ្ពស់ ទាំង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​តំបន់ ក៏​ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​អាកាសធាតុ កម្ពុជា​មិន​អាច​ផ្គត់ផ្គង់​អង្ករ​បាន​គ្រប់​ចំនួន​ទៅ​កាន់​អ្នកបញ្ជា​ទិញ​នោះ​ទេ ហើយ​អ្នកបញ្ជា​ទិញ​ក៏​មានការ​យោគយល់​ចំពោះ​បញ្ហា​អ​កាស​ធាតុ​នេះ​ដែរ ។

ទោះបីជា​ការ​នាំ​ចេញ​អង្ករ​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ មានការ​ថយ​ចុះ​ក្តី តែ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទាំងមូល​ឃើញ​ថា​នៅ​តែ​មាន​កំណើន​ជាក់ស្ដែង ៩​ខែ​ដើមឆ្នាំ ២០២០​នេះ​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ចំនួន ជាង​៤៨​ម៉ឺន​៨​ពាន់​តោន​កើនឡើង​ជិត​២៣​ភាគរយ ធៀប​នឹងរយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩ និង​ទទួល​បាន​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ​ចំនួន ៣២៨ លាន​ដុល្លារ​អា​មេ​រិ​ក ។

កំណើន​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ក្នុង​ពេល​ជួប​វិបត្តិ​កូ​វី​ដ​១៩​នេះ​បាន​ធ្វើ​អោយ​ស្ថាប័ន​ធនាគារ​អន្តរជាតិ​ធំ​ពីរ ដំឡើង​ការ​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា​រៀង​ៗ​ខ្លួន នោះ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ដំឡើង​ពី​ដក ៥,៥ (-៥,៥%) ភាគរយ​មក​នៅ​ត្រឹម ដក​៤​ភាគរយ (-៤%) ហើយ​ធនាគារ​ពិភព (WB) លោក​ក៏​បាន​ដំឡើង​ពី​ដក ២,៩ ភាគរយ (-២,៩%) មក​នៅ​ត្រឹម​ដក ២​ភាគរយ (-២%) ក្នុង​ឆ្នាំ​២០២០​នេះ និង​រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​ហក់​ឡើង​វិញ​នៅ​ឆ្នាំ ២០២១​ខាង​មុខ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​ថា រយៈពេល​៩​ខែ​ដើមឆ្នាំ ២០២០​នេះ កម្ពុជា​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជិត​៦​លាន​តោន ក្នុង​នោះ ទំនិញ​សំខាន់​ៗ១៤​មុខ​ទទួល​បានការ​នាំ​ចេញ​ល្អ​ប្រសើរ​ដែល​មាន​អង្ករ ផ្លែ​ចេក​ស្រស់ ផ្លែស្វាយ ដំឡូង​មី ស្វាយចន្ទី​ជាដើម ។ កម្ពុជា​ក៏​នឹង​ជំរុញ​ការ​នាំ​ចេញ​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ