ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា លើកកម្ពស់​សមត្ថភាព លើ​កាយសម្បទា និង​សតិបញ្ញា​ដល់​ជន​ខ្សោយ​បញ្ញា​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព​ឆ្នាំ ២០១៤-២០១៨ ដោយ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ផ្តល់​ជូន​ជន​ពិការ នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព​ឆ្នាំ ២០១៤-២០១៨ ដោយ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ផ្តល់​ជូន​ជន​ពិការ នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព និង​សមត្ថភាព​ព្រមទាំង​ស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង​សតិបញ្ញា ។​នេះ​ជា​ប្រសាសន៍​របស់​លោក​ឯម ច័ន្ទ​មក​រា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​អញ្ជើញ​បិទ​សិក្ខាសាលា​ស្តី​ពី​ការ​ចងក្រង​បណ្តាញ​ជន​ខ្សោយសតិ​បញ្ញា​នៅ​កម្ពុជា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៥ ។

លោក បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ឆន្ទៈ​នយោបាយ​ដ៏​មោះមុត​របស់​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ដែល​ជា​សេនាធិការ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​លើកកម្ពស់​ការ​ចូលរួម​របស់​បងប្អូន​ជន​ពិការ សង្គម​ស៊ី​វិល អង្គការ​មិនមែន​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​វិស័យ​ពិការ​ភាព ពិសេស​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​បញ្ហា​ជន​ពិការ​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្ស៊ឹ​ម ។ លើស​ពី​នេះ ការ​ចងក្រង​បណ្តាញ​នេះ គឺ​ពិតជា​មាន​ផលប្រយោជន៍​ណាស់​សម្រាប់​បងប្អូន​ពិការ​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្ស៊ឹ​ម ព្រោះថា​កន្លង​មក​នៅ​ពុំ​ទាន់​មាន​អ្នកតំណាង​អង្គការ​នោះ​ទេ ។ លោក​បាន​ចាត់​ទុក​ថា នេះ​គឺជា​ជំហាន​ចាប់ផ្តើម​មួយ​ដ៏​មាន​សារៈសំខាន់ និង​ជា​គំរូ​ដល់​បណ្តាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដទៃ​ទៀត ដែល​ធ្វើការ​ពាក់ វិស័យ​ពិការ​ភាព ដើម្បី​ចាប់ផ្តើម​ជ្រើសរើស​អង្គការ​ជា​តំណាង​លើ​វិស័យ​នេះ​ឲ្យ​ក្លាយជា​ដៃគូ​ដ៏​ល្អ​ក្នុង​ការ​សន្ទនា និង​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ក្នុង​ការ​ជម្រុញ​អនុវត្ត​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា យុទ្ធសាស្ត្រ​ជាតិ និង​អន្តរជាតិ ជុំវិញ​វិស័យ​ពិការ​ភាព ពិសេស​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព ឆ្នាំ ២០១៤ -២០១៨ ។

​លោក ឯម ច័ន្ទ​មក​រា អគ្គលេខាធិការ បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​តាម​សហគមន៍ សេវា​ពិគ្រោះ​យោបល់​លើ​ការ​ព្យាបាល​ជម្ងឺផ្លូវចិត្ត​និង​សតិបញ្ញា​ខ្សោយ​សម្រាប់​ជួយ​ដល់​ជន​ពិការ ពិសេស​គឺ​ជំរុញ​ការ​អនុវត្ត​របប​គោលនយោបាយ​ចំពោះ​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍ ។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បង្កើន​ការ​ជួយ​បណ្តុះបណ្តាល​គ្រួសារ​ដែល​មាន​សមាជិក​ពិការ ជន​ពិការ និង​អ្នក​ស្ម័គ្រចិត្ត​អំពី​វិធី​ថែទាំ និង​បច្ចេកទេស​ស្តារ​លទ្ធភាព​ពលកម្ម តាម​ប្រភេទ​ពិការ​នីមួយ​ៗ ដើម្បី​ឲ្យ​គ្រួសារ​ដែល​មាន​សមាជិក​ជន​ពិការ​មាន​លទ្ធភាព​ស្តារ​កាយសម្បទា និង​សតិបញ្ញា​ជន​ពិការ ៕