ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អូ​ទី​ស្សឹម​ពិភពលោក​លើក​ទី​៨ និង​អូ​ទី​ស្សឹម​កម្ពុជា​លើក​ទី​២ លើកកម្ពស់​ជន​ពិការ​ខ្សោយ​បញ្ញា​ចូលរួម​ក្នុង​សង្គម​អោយ​បាន​ច្រើន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទិវា​អូ​ទី​ស្សឹម​ពិភព​លើក​ឆ្នាំ​២០១៥​នេះ ជា​លើក​ទី​៨ ហើយ​តែ​សម្រាប់​កម្ពុជា​ទិវា​នេះ ទើបតែ​បង្កើត​បានជា​លើក​ទី​២​ប៉ុណ្ណោះ ហើយ​ទិវា​អូ​ទី​ស្សឹម​ឆ្នាំ​២០១៥​នេះ នៅ​កម្ពុជា​ក្នុង​គោលបំណង

រាជធានី​ភ្នំពេញ ៖ ទិវា​អូ​ទី​ស្សឹម​ពិភព​លើក​ឆ្នាំ​២០១៥​នេះ ជា​លើក​ទី​៨ ហើយ​តែ​សម្រាប់​កម្ពុជា​ទិវា​នេះ ទើបតែ​បង្កើត​បានជា​លើក​ទី​២​ប៉ុណ្ណោះ ហើយ​ទិវា​អូ​ទី​ស្សឹម​ឆ្នាំ​២០១៥​នេះ នៅ​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​លើ​កម្ពស់​ដល់​បងប្អូន​ជន​ពិការ​ខ្សោយ​បញ្ញា​ចូលរួម​ក្នុង​សង្គម​អោយ​បាន​កាន់តែ​ច្រើន​ឡើង​ៗ ។​នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៥ ទិវា​នេះ បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក សែ​ម សុខា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជន នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ និង​បងប្អូន​ជន​ពិការ​ខ្សោយសតិ​ប​ញ្ញ សរុប​ប្រមាណ ៥០០ នាក់ ។

លោក​ឯម ច័ន្ទ​មក​រា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​ទិវា​នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ទី​២​ហើយ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​ចូលរួម​របស់​បងប្អូន​ជន​ពិការ​ខ្សោយសតិ​បញ្ញា​-​អូ​ទី​ស្សឹម ឲ្យ​កាន់តែ​ច្រើន​ឡើង​ៗ ទាំង​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​បន្ត​ការ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន បាន​យល់​បន្ថែម​អំពី​ផលវិបាក នៃ​បងប្អូន​ជន​ពិការ​ខ្សោយសតិ​បញ្ញា​-​អូ​ទី​ស្សឹម​នេះ ព្រោះថា​ជន​ពិការ​គ្រប់​ប្រភេទ​នេះ​តែង​មាន​អារម្មណ៍​ឯកោ មានការ​ខ្មាស់​អៀន ចំពោះ​មជ្ឈដ្ឋាន​ទូទៅ ពិសេស​យល់​ថា​ខ្លួន​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​ការ​អប់រំ​ដូច​ជន​មិន​ពិការ​ដទៃ​ទៀត ។

លោក​បាន​បន្ត​ទៀត​ថា ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ តែងតែបាន​យកចិត្តទុកដាក់​គិតគូរ​អំពី​ការ​វិវឌ្ឍន៍​របស់​កុមារ​ខ្សោយសតិ​បញ្ញា ហើយ​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​ទាំងអស់ ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង តស៊ូ​បន្ថែម​ទៀត ដោយ​ត្រូវ​មាន​ភាព​ក្លាហាន និង​មាន​ជំនឿ​លើ​ខ្លួនឯង​ផ្ទាល់ ជា​ជាង​ការ​ដាក់ខ្លួន​ពឹងផ្អែក​លើ​ព្រេង វាសនា ។ លោក​អគ្គលេខាធិការ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា អ្នកជម្ងឺ​ខ្សោយសតិ​បញ្ញា​-​អូ​ទី​ស្សឹម គឺ​មាន​បញ្ហា​លំបាក​ក្នុង​ការ​និយាយ ការ​ធ្វើ​ចលនា ដែល​ទាមទារ​ឲ្យ​យកចិត្តទុកដាក់ និង​បញ្ហា​សុខភាព​រាង​កាយ ដូច​ជា​ការ​គេង និង​ការ​រំខាន នៃ​ក្រពះ​ពោះវៀន ។ ហើយ​នៅ​ប្រទេស​កម្ពុជា ចំនួន​ជន​ពិការ​ខ្សោយសតិ​បញ្ញា និង​ពិការ​ខួរក្បាល​មាន​ចំនួន​រហូត​ដល់ ១២,៥៣% នៃ​ចំនួន​ជន​ពិការ សរុប ២,០៦ % ។ ភាគច្រើន នៃ​ជន​ពិការ​ប្រភេទ​ខ្សោយសតិ​បញ្ញា និង​ពិការ​ខួរក្បាល​នេះ គឺ​រស់នៅ​ខេត្តបាត់ដំបង កំពង់ចាម និង​ព្រៃវែង ។

លោក សែ​ម សុខា រដ្ឋលេខាធិការ បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ មូលនិធិ​ជន​ពិការ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​ធ្វើការ​លើ​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​ចូលរួម​សហការ​គ្នា​អនុវត្ត​ការងារ​ពាក់ព័ន្ធ​ពិការ​ភាព​នេះ ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​គួរ​ជាទី​មោ​ទ​នៈ ។ លោក បាន​គូសបញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​នា​ពេល​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ពោល​គឺ​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់ និង​គោរព​សិទ្ធជន​ពិការ ស្រប​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ ដែល​បាន​ដាក់​អោយ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ​២០០៩ ។ លើស​ពី​នេះ គឺ​បង្ហាញ​អំពី​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បន្ត​កិច្ច​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ ជា​ពិសេស​ការ​ប្រកាស​ឲ្យ​អនុវត្ត​ទសវត្សរ៍​ជន​ពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក ឆ្នាំ​២០១៣-២០២២ យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់ “ ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការ​ពិត “ ៕