ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​អូស​រទេះដឹក​ត្រី​មួយ​ក្រុម​លើកគ្នា​តវ៉ាសុំ​មិនប្តូរ​ទីតាំង

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ នៅ​វេលាម៉ោង​៣ និង​៣០​នាទី​​រសៀល​ថ្ងៃទី២៨ ​កុម្ភៈ មាន​​កម្ម​ករ​​អូស​រទេះ​ដឹកត្រីមួយ​ក្រុម​​ប្រហែល​៤០​នាក់​បាននាំគ្នា​មកតវ៉ា​ដល់សាលា​ក្រុងប៉ោយ​ប៉ែត​​​សុំ​​មិនចូល​​ចំណត​​របស់ក្រុមហ៊ុន​នាំ​ត្រីមួយកន្លែង​ ដោយ​សុំ​​លើក​ដាក់ត្រីមុននាំចេញ​ទៅទឹកដីថៃ​​នៅកន្លែង​ដើម​វិញ ។ កម្ម​ករ​ដែលនាំគ្នាមក​តវ៉ា​នេះ​មួយចំនួន​ជា​​​ជន​ពិការ​​ ហើយអះ​អាង​ថា ​​​ពួកគាត់​ស្ថិតក្នុង​សមា​គម​កម្ម​ករ​អូស​​រទេះ​ជនពិការ ។

ក្រុម​កម្ម​ករ​ទាំងនេះ​និយាយ​ថា ហេតុ​ដែល​ពួកគាត់​នាំ​គ្នា​​មកតវ៉ា​ដល់​សាលា​ក្រុង​​នេះ ​ព្រោះ​តែ​​​កាលពី​វេលា​ម៉ោង​ប្រហែល​៩ព្រឹកថ្ងៃ​​ទី២៨ កុម្ភៈ នោះ​លោក​អាន វណ្ណៈ ​អភិបាល​រង​ក្រុងបានទៅហាម​ឃាត់ពួក​គាត់​មិន​ឱ្យផ្ទេរ​​ ឬ​លើក​ត្រី​ពីរថ​យន្ត​នៅចំណុច​ដែលពួក​​គាត់ធ្លាប់​រក​ស៊ីជា​យូរមក​ហើយ​នៅ​ខាង​លិច​ផ្សារ​ ស្ថិត​ក្នុង​ភូមិក្បាលស្ពាន ​សង្កាត់​ប៉ោយ​ប៉ែត ។ កន្លែង​ដែលពួកគាត់​​លើក​ដាក់ត្រី​ពីរ​ថយន្ត​ផ្ទេរ​ទៅ​​រទេះ​​មុននាំ​ចេញ​ទៅ​ទឹកដី​ថៃ​នោះ​គឺ​មាន​ទី​ធ្លាធំ​ទូលាយ​​ ហើយ​ក៏​មិន​ប៉ះពាល់ដល់​ផ្លូវ​សា​ធារណៈដែរ ​ផ្ទុយ​ទៅ​វិញ អាជ្ញា​ធរ​ក្រុម​បាន​តម្រូវ​​​ឱ្យពួក​គាត់​នាំត្រី​ទៅ​ផ្ទេរ​នៅចំណត​ក្រុម​ហ៊ុនថូ​គឹមស្រ៊ាង ​ដែលមាន​ចម្ងាយពីដង​ផ្លូវ​ជាតិ​​ជិត​១០០​ម៉ែត្រ ។

បើតាម​បុរសឈ្មោះ​ភា​ សាអែម អាយុ​៥៦​ឆ្នាំ តំណាង​ឱ្យក្រុម​កម្ម​ករ​អូស​រទេះ ​ជនពិការ​ថា គោលបំណង​ដែលពួកគាត់នាំ​គ្នាមក​តវ៉ា​ដល់​សាលា​ក្រុង​នេះ ​គឺ​​ស្នើ​សុំ​លើក​ដាក់​ត្រីមុន​នាំចេញ​​ទៅ​ថៃ​នៅ​កន្លែង​ដើម​មិន​​ប្តូរ​ទៅ​កន្លែង​ផ្សេង និយាយ​រួម​គឺ​មិនចូលទៅ​ចំណត​​ផ្ទេរ​ត្រី​​របស់​ក្រុម​ហ៊ុន​ថូ គឹមស្រ៊ាង ទេ ព្រោះក្រុម​កម្មករ​អូស​រទេះ​ជនពិការនេះ​បានទិញ​ច្បាប់​នាំ​ត្រី​ចេញពី​​ក្រុម​ហ៊ុន​ហុក ជ្រា រួច​ហើយ​ ។ ឯចំពោះ​ការ​ចូលទៅ​ចំណត​ដែល​​អាជ្ញា​ធរ​​តម្រូវ​ឱ្យ​ចូល​នោះ​ត្រូវ​​គេ​តម្រូវ​​ឱ្យបង់លុយ​​សម្រាប់​ការ​នាំ​ត្រី​ចេញ ទើប​​ក្រុម​កម្ម​ករ​របស់ពួក​គាត់មិន​ព្រម​ចូល​ ។ ​ម្យ៉ាង​ទៀតការ​ចូល​ទៅ​ចំណត​ផ្ទេរ​ត្រីរបស់​ក្រុម​ហ៊ុន​ខាងលើ ​គឺ​គេ​តម្រូវ​​​ឱ្យ​​អូស​តាម​រទេះ​ធំៗ​របស់ក្រុម​ហ៊ុន ម៉្លោះហើយ​កម្ម​ករ​ទាំង​អស់​​ប្រាកដ​​ជា​ដាច់​បាយ​​ ទើប​មិនព្រម​ចូល​​តាមការ​​ទាម​ទារ​របស់​សាលា​​ក្រុង​នោះ ។

​ការ​តវ៉​ានេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីកម្ម​ករ​ថា មិន​មែន​គ្រាន់តែ​សុំ​មិនចូល​ចំណត​របស់ក្រុម​ហ៊ុន​ថូ គឹមស្រ៊ាង​ប៉ុណ្ណោះទេ ​គឺតវ៉ា​តាំងពីបញ្ហា​វេច​ខ្ចប់​ផង​ដែរ ដោយសារការ​វេចខ្ចប់​មិនអាច​ធ្វើបាន​១០០%ទេ គឺ​អាច​ជួយ​បានត្រឹម​៦០​ ទៅ​៧០%​ប៉ុណ្ណោះ ព្រោះ​​ត្រី​ដែលនាំ​ចេញ​គឺ​ដាក់​ទឹកកក​ម៉្លោះហើយ​តែ​ងមាន​​​សំណើម​ពីទឹកកក​ ទើប​មានការ​ស្រក់​ទឹក​​តាម​​ដង​​ផ្លូវ ។ នៅ​ល្ងាច​ថ្ងៃ​ទី២៨ កុម្ភៈ ​​លោកអាន វណ្ណៈ ​អភិបាល​​រង​ក្រុងពុំ​អាច​ទាក់​ទង​សុំ​ការ​​បំភ្លឺ​បានទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូលគ្មាន​អ្នកទទួល​ ៕