រាជធានីភ្នំពេញ ៖ បន្ទាប់ពីរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីការអនុវត្តពន្ធលើចំណេញមូលធននៅដើមឆ្នាំក្រោយ មានការរិះគន់និងទទូចស្នើសុំអោយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច ពន្យារពេលក្នុងការអនុវត្ត ដោយហេតុថាពេល ពលរដ្ឋនិងវិនិយោគិន កំពុងជួបវិបត្តិដោយសារតែកូវីដ១៩ ។
ជាការឆ្លើយតបនៅព្រឹកថ្ងៃទី០១ តុលា ២០២០នេះ មេពន្ធដារ លោកគង់ វិបុលបានលើកឡើងថា ពន្ធដារនឹងចាប់ផ្ដើមអនុវត្តពន្ធនៅដើមឆ្នាំ ២០២០តាមអ្វីដែលជាសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីច្បាប់នេះ បានពន្យាពេលជាង១០ឆ្នាំមកហើយនោះ ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថាប្រទេសជាតិ អាចរីកចម្រើនទៅបានគឺដោយសារតែមានចំណូលពន្ធ ដើម្បីយកចំណូលទាំងនោះ មកបែង ចែកនិងកសាងជាតិរួមមានហេដ្ឋារចនាសម្ព័ន្ធនានា ប្រាក់ខែគ្រូ បង្រៀន មន្ត្រីរាជការជាពិសេសនោះ គឹយកមកជួយដល់ពលរដ្ឋក្រីក្រដែលជួបការលំបាកដូចសព្វថ្ងៃនេះជាដើម ។
លោកបាននិយាយបន្តថា សម្រាប់ពន្ធលើចំណេញមូលធន ចំនួន ២០% ដែលនឹងចាប់ផ្ដើមអនុវត្តន៍នៅឆ្នាំ ២០២១ខាងមុខនេះ គឺខាងពន្ធដារអនុវត្តន៍ចំពោះតែអ្នកដែលលក់អចលនទ្រព្យបានចំណេញប៉ុណ្ណោះ ចំណែកអ្នកលក់ខាតខាងពន្ធដារមិនតម្រូវអោយបង់ពន្ធនោះឡើយ ។ ដូច្នេះអ្នកដែលលក់ទៅវិញខាតសូមព្រួយបារម្ភថាត្រូវតែបង់ពន្ធមករដ្ឋនោះឡើយ ។ យ៉ាងណាក៏ត្រូវទាមទារអោយមានឯកសារបញ្ជាក់ថាបុគ្គលនោះ ពិតជាលក់អចលនទ្រព្យខាតពិតមែន ដោយយើងមិនអាចយកតែពាក្យគាត់ថាខាតហើយមិនអនុវត្តន៍នោះទេ ។
មេពន្ធដាររូបនេះបានអោយដឹងថាទៀតថា កាតព្វកិច្ចបង់ពន្ធគឺមានសារសំខាន់ណាស់ដល់ការអភិវឌ្ឍជាតិ ហើយបើសិនជាមិនមានបង់ពន្ធទេ ពេលជួបបញ្ហាដូចកូវីដ១៩នេះអញ្ចឹង រដ្ឋមិនមានអ្វីសម្រាប់ចំណាយនិងទប់ស្កាត់វិបត្តិសេដ្ឋកិច្ចឡើយ ជាក់ស្ដែងដូចជាការឧបត្ថម្ភទៅអ្នកក្រីក្ររាប់លាននាក់ក៏បានមកដោយសារតែការបង់ពន្ធរបស់បងប្អូនប្រជាពលរដ្ឋដែរ ។សរុបមកគឺយកពន្ធពីអ្នករកស៊ីចំណេញមកជួយពលរដ្ឋក្រីក្រ និងអភិវឌ្ឍន៍ប្រទេស ។
លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារក៏មានប្រសាសន៍ផងដែរថា តាមពិតទៅ ច្បាប់នៃការយកពន្ធលើចំណេញមូលធននេះ ត្រូវអនុវត្តន៍តាំងពីឆ្នាំ ២០០៧ម្ល៉េះក៏ប៉ន្តែកាលនោះ កម្ពុជាបានជួបវិបត្តិសេដ្ឋកិច្ចទើបពន្យារពេលរហូតមកដល់ឆ្នាំ ២០២១ខាងមុខ ។ ចំណែកការយកពន្ធចំណេញមូលធននេះដែរ យើងយកតែ២០ភាគរយនៃប្រាក់ចំណេញ បានន័យថាបើគាត់ចំណេញ ១០០យើងយកតែ២០ប៉ុណ្ណោះ ។ អ្នកជាប់ពន្ធ អាចមានច្រើនជំរើសទៀត ឧទាហរណ៍ថា គាត់លក់ដីមួយកន្លែងចំណេញប្រាប់ច្រើនហើយគាត់មិនប្រាប់យើងក៏បាន តែយើងសូមយក២០ភាគរយនៃប្រាក់ដែលលក់បានទាំងអស់មកគណនាដោយយកតែ២០ភាគរយនៃភាគរយ ។
លោកបានឧទារហណ៍ងាយៗយល់ថា បើសិនជាយើងលក់បាន១០ម៉ឺនដុល្លារ យើងនឹងយក២ម៉ឺនដុល្លារមកគណនាយកពន្ធលើចំណេញមូលធន ដោយ២០ភាគរយនៃ២ម៉ឺនដុល្លារគឺ ៤ពាន់ដុល្លារ ។លោកថា៖« ការយកពន្ធចំណេញមូលធននេះ មិនមែនមានតែកម្ពុជា គ្រប់ប្រទេសទាំងអស់គេបានអនុវត្តន៍ហើយ ហើយក៏យកពន្ធខ្ពស់ជាងនេះដែរ ។ ប្រទេសខ្លះយក៣០ភាគរយ ,៤០ភាគរយ និងខ្លះទៀតដល់៥០ភាគរយឯណោះ » ។
សូមបញ្ជាក់ថា កាលពីខែមុននេះរដ្ឋាភិបាលប្រកាសពីការយកពន្ធលើចំណេញមូលធនចាប់ពីឆ្នាំ ២០២១តទៅ ហើយមានវិនិយោគិននិងប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិថានេះគឺជាជាន់កពលរដ្ឋនិងវិនិយោគិន ហើយបានស្នើសុំអោយមានការពន្យារទៅឆ្នាំក្រោយៗ ពោលគឺមើលទៅលើស្ថានភាពសេដ្ឋកិច្ចល្អប្រសើរសិន ចាំអនុវត្តន៍ក៏មិនហួសពេលដែរ ៕
ចែករំលែកព័តមាននេះ