ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ជប៉ុន​និយម​ផឹក​តែ​បៃតង​ជា​ទម្លាប់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

9 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នៅ​ក្នុង​អំឡុង​នៃ​សន្និសីទ​ពិភពលោក​លើក​ទី​៣​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​សេន​ដាយ​កាលពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៨

ប្រទេស​ជប៉ុន ៖ នៅ​ក្នុង​អំឡុង​នៃ​សន្និសីទ​ពិភពលោក​លើក​ទី​៣​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​សេន​ដាយ​កាលពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៨ មីនា ២០១៥ នៅ​សារមន្ទីរ​ទីក្រុង​សេន​ដាយ​ក៏​មាន​រៀបចំ​ពិព័រណ៍​ផលិតផល​ប្រពៃណី វប្បធម៌​ជប៉ុន​ផង​ដែរ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បានដឹង វប្បធម៌ អក្សរសាស្ត្រ សម្លៀក​បំពាក់​ប្រពៃណី ជា​ពិសេស​គឺ​ទំនៀមទម្លាប់​នៃ​ការ​ឆុងតែ​បៃតង​របស់​ជនជាតិ​ជប៉ុន ។

តាម​រយៈ​អ្នកបកប្រែ​លោកស្រី Miyako Tannowa ឲ្យ​ដឹង​ថា តែ​បៃតង​បាន​ដិត​ជាប់​ក្នុង​ផ្នត់គំនិត​ប្រជាជន​ជប៉ុន​អស់​រយៈពេល​ជា​យូរ​មក​ហើយ និង​ត្រូវ​បាន​គេ​ស្គាល់​ថា «​តែ​បៃតង​ជប៉ុន​» ។ តែ​បៃតង​ជប៉ុន​មិន​គ្រាន់តែ​ជា​ភេសជ្ជៈ​សម្រាប់​បំបាត់​ការ​ស្រេកទឹក​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយជា​ទំនៀមទម្លាប់​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ជប៉ុន​ទៅ​ហើយ​។ ជា​ទូទៅ​ជនជាតិ​ជប៉ុន​ពិសា​តែ​បៃតង​នៅ​ពេល​ព្រឹក​ក្រោយ​ពេល​ក្រោកពីដំណេក បន្ទាប់​ពី​សម្រាក់​ពេល​ថ្ងៃត្រង់ និង​សម្រាប់​ទទួល​រាក់ទាក់​ភ្ញៀវ ។ ជនជាតិ​ជប៉ុន​ភាគច្រើន​តែងតែ​ពិសា​តែ​បៃតង​ជា​ប្រចាំ សូ​ម្បី​តែ​នៅ​សណ្ឋាគារ  ភោជនីយដ្ឋាន ឬ​ក្នុង​ការិយាល័យ​ធ្វើការ ក៏​មាន​ប៉ាន់តែ និង​បំពង់​ទឹក​ក្ដៅ​សម្រាប់​ឆុង​ជា​ប្រចាំ ។

តែ​បៃតង​ជប៉ុន មាន​ច្រើន​ប្រភេទ​ដូច​ជា តែ​បៃតង​Ryokucha តែ​បៃតង Matcha តែ​បៃតង Konacha តែ​បៃតង Hojicha និង​តែ​បៃតង​Genmaicha​ជាដើម ។ តែ​បៃតង​ជប៉ុន​មាន​ក្លិន និង​រសជាតិ ផ្សេង​ៗ​គ្នា ដែល​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ទៅ​តាម​គុណភាព និង​តំបន់​ដាំ​ដុះ ក៏​ដូច​ជា​ដំណើរការ​នៃ​ការ​ផលិត ។ ទោះបីជា​បែប​ណា​ក្តី តែ​បៃតង​ដែល​ល្អ​បំផុត ដាំ​ដុះ​នៅ​តំបន់ Yam ខេត្ត Fukuoka និង​តំបន់ Uji ខេត្ត​ក្យូ​តូ ប្រទេស​ជប៉ុន ដោយ​ផលិត​តែ​បៃតង​តាំងពី​៤០០​ឆ្នាំ​មុន​នៃ​កកើត​រចនាសម្ព័ន្ធ​ខេត្ត​ទាំងនោះ​មក​ម្ល៉េះ ។

ប្រវត្តិ​នៃ​ការ​តែ​បៃតង​ជប៉ុន គឺ​បាន​នាំ​មក​ពី​ប្រទេស​ចិន ដោយ​លោក​អាចារ្យ Myoan Eisai ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ នៅ​ក្នុង​អំឡុង​ឆ្នាំ​១១៩១ ។ ក្រោយមក​លោក អាចារ្យ​បាន​ប្រគល់​ពូជ​តែ​នេះ​ទៅ​ឲ្យ​លោក​អាចារ្យ​ម្នាក់​ទៀត​ឈ្មោះ Myoe Shopin និង​បាន​ដាំ​នៅ​តំបន់ Uji ខេត្ត​ក្យូ​តូ ប្រទេស​ជប៉ុន​តរៀង​មក​ដល់​សព្វថ្ងៃ ។

នៅ​ក្នុង​សៀវភៅ​ដែល​មាន​២​ភាគ ចងក្រង និង​សរសេរ​ដោយ​លោក​អាចារ្យ Myoan Eisai បាន​ចាប់ផ្ដើម​ឡើង​ដោយ​ពាក្យ​ថា « តែ​ជា​ឱសថ​សម្រាប់​ជំនួយ​ផ្លូវចិត្ត និង​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​កាន់តែ​មាន​ន័យ និង​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ »​។

បច្ចុប្បន្ន​តែ​បៃតង​ជប៉ុន មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ទំនៀមទម្លាប់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ជប៉ុន​ប៉ុណ្ណោះ​ទេ តែ​បាន​អភិវឌ្ឍន៍​ជា​តែ​បៃតង​ដប និង​កញ្ចប់​សម្រាប់​នាំ​ចេញ​ដ៏​ពេញ​និយម​លក់​នៅ​លើ​ទីផ្សារ​ទូ​ទាំង​សាក​លោក​ទៀត​ផង ដោយសារ​វា​មាន​ភាព​ងាយស្រួល​ផឹក និង​យក​តាម​ខ្លួន ជា​ពិសេស​គឺ​ផឹក​ដើម្បី​ថែរក្សា​សុខភាព ៕