ជាថ្មីម្តងទៀតកីឡាករនីការ៉ាហ្គារីកាដូ ម៉ាយ៉ូហ្គាបានអះអាងនៅក្នុងពេលធ្វើសន្និសិទ្ធសារព័ត៌មានថ្មីៗនេះថា គេនឹងធ្វើឲ្យកីឡាករព័រតូរីកូមីហ្គែល កូតូដែលជាម្ចាស់ខ្សែក្រវាត់ស្ថាប័នWBAប្រភេទទម្ងន់ Junior Middleweightចូលនិវត្តន៍ឲ្យខាងតែបាន។ សូមបញ្ជាក់ថាកីឡាករម៉ាយ៉ូហ្គានិងមីហ្គែល កូតូនឹងជួបប្រកួតគ្នានៅថ្ងៃសៅរ៍ ទី១២ខែមីនានាសង្វៀនMGM Grandក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។
កាលពីលើកមុននៅមុនពេលធ្វើសន្និសីទសារព័ត៌មាន ម៉ាយ៉ូហ្គាដែលជាអតីតជើងឯកប្រដាល់ពិភពលោក២ស្ថាប័នរូបនេះ(ឯតទគ្គកម្មប្រកួតឈ្នះ២៩ ចាញ់៧ ស្មើ១ផ្តួលដៃគូឲ្យសន្លប់២៣)ក៏បាននិយាយមើលស្រាលចំពោះកីឡាករមីហ្គែល កូតូ(ឯតទគ្គកម្មប្រកួតឈ្នះ៣៥ចាញ់២ ផ្តួលដៃគូឲ្យសន្លប់២៨)ម្តងរួចមកហើយ។
ម៉ាយ៉ូហ្គាបច្ចុប្បន្នមានវ័យ៣៧ឆ្នាំគឺចាស់ជាងកូតូដល់ទៅ៧ឆ្នាំ តែកីឡាររូបនេះយល់ថាមាឌ បទពិសោធន៍ ព្រមទាំងកម្លាំងរបស់គេសុទ្ធតែប្រសើរជាងកូតូទាំងអស់ ។ នៅក្នុងបទសម្ភាសមួយជាមួយគេហទំព័រEastsideboxingកីឡាករម៉ាយ៉ូហ្គាបានបញ្ជាក់ថា៖«មីហ្គែល កូតូគ្មានអ្វីអស្ចារ្យនោះទេ។ ជាដំបូង ខ្ញុំនិយាយពីបទពិសោធន៍របស់ខ្ញុំ។ កណ្តាប់ដៃវាយចេញរបស់ខ្ញុំធ្ងន់ជាង។ បើនិយាយទៅខ្ញុំមានមាឌធំជាងនិងខ្លាំងជាងកូតូ។ ខ្ញុំពិតជាដឹងថាវាមានសភាពយ៉ាងម៉េចនៅពេលដែលកំពុងប្រកួត»។ កីឡាកររូបនេះបានបន្តថា៖«កីឡាករកូតូពិតជាមិនដឹងថាតើត្រូវធ្វើយ៉ាងម៉េចឡើយ។ ចូរគិតស្រមៃ ខណៈដែលគេកំពុងប្រកួតលើសង្វៀន ។ ពិតណាស់ ខ្ញុំនឹងបង្ហាញគ្រប់ៗគ្នាឲ្យបានឃើញ ។ ខ្ញុំនឹងវាយគេឲ្យសន្លប់ក្នុងទឹកទី៤»។
ជាទូទៅកីឡាករម៉ាយ៉ូហ្គាហាក់មានភាពវៃឆ្លាតក្នុងពេលប្រកួតលើសង្វៀនប្រៀបធៀបជាមួយនឹងកីឡាករកូតូ ។ ការប្រកួតនៅខែមីនានេះ គេសង្ឃឹមថាម៉ាយ៉ូហ្គានឹងវាយសម្រុកយ៉ាងខ្លាំងក្លាទៅលើកូតូ។ តែទោះជាយ៉ាងណាក្តី នៅលើសង្វៀនប្រកួតអ្វីៗទាំងអស់អាចផ្លាស់ប្តូរគ្រប់ពេល គេមិនអាចទាយទុកមុនបានឡើយ ។ សម្រាប់កីឡាករម៉ាយ៉ូហ្គាគេហាក់ដូចជាបានដឹងមុនថាគេពិតជាឈ្នះការប្រកួតលើកនេះ ហើយថែមទាំងឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ទៀតផង ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺកីឡាកររូបនេះមិនត្រឹមតែមានបំណងផ្តួលកូតូនោះទេ តែថែមទាំងចង់សាកកម្លាំងដៃជាមួយស្តេចប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវទៀតផង ។ ម៉ាយ៉ូហ្គាគិតថា ប៉ាក់គីអាវពិតជាផ្តល់ឱកាសឲ្យខ្លួនបានប្រកួតជាមួយ។ ការមានសង្ឃឹមបែបនេះក៏ព្រោះតែគេគិតថា ការផ្តួលកូតូឲ្យសន្លប់ធ្វើឲ្យរូបគេមានប្រជាប្រិយភាពគ្រប់គ្រាន់។ នៅក្នុងបទសម្ភាស ម៉ាយ៉ូហ្គាថែមទាំងទាយថាសេន ម៉ូស្ល៊ីនឹងឈ្នះប៉ាក់គីអាវប្រកួតថ្ងៃទី៧ខែឧសភាទៀតផង។ អ្វីដែលញ៉ាំងឲ្យកីឡាករររូបនេះទាយបែបនេះព្រោះគេយល់ថា ម៉ូស្ល៊ីមានកម្លាំងខ្លាំង មានកណ្តាប់ដៃវាយចេញរហ័សហើយធ្ងន់រួមទាំងបទពិសោធន៍យ៉ាងក្រាស់ក្រែលផងនោះ ៕
ចែករំលែកព័តមាននេះ