ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ភ័យ​ស្ទើរ​សល់​ព្រលឹង​ពេល​​​​ឃើញ​គ្រាប់​មីន​​​ក្បែរ​សរសរ​ផ្ទះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ម្នាក់​ភ័យ​ស្ទើរ​សល់​ព្រលឹង នៅ​ពេល​គាត់​ប្រទះ​ឃើញ​គ្រាប់​មីន​មួយ​គ្រាប់​ជា​ប្រភេទ​មីន​ប្រឆាំង​មនុស្ស ដែល​ផុស​ចេញពី​ក្នុង​ដី​នៅ​ក្បែរ​ស​សរ​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា នេះ ​ស្ថិត​ក្នុងភូមិ​ចំការ​ចេក ឃុំ​ស៊ុ​ង…

ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ម្នាក់​ភ័យ​ស្ទើរ​សល់​ព្រលឹង នៅ​ពេល​គាត់​ប្រទះ​ឃើញ​គ្រាប់​មីន​មួយ​គ្រាប់​ជា​ប្រភេទ​មីន​ប្រឆាំង​មនុស្ស ដែល​ផុស​ចេញពី​ក្នុង​ដី​នៅ​ក្បែរ​ស​សរ​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា នេះ ​ស្ថិត​ក្នុងភូមិ​ចំការ​ចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ឈ្មោះ ហម ដេ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ ដែល​នៅ​ក្បែរ​ចំហៀង​ផ្ទះ​របស់​គាត់​។ គ្រាប់​មីន​នោះ​ជា​ប្រភេទ​មីន​ប្រឆាំង​មនុស្ស ដែល​គេ​ស្គាល់​ជា​គ្រាប់​មីន​សញ្ញា​លេខ​(+) ផលិត​នៅ​អតីត​សហភាព​សូ​វៀត​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ​លេច​ចេញពី​ក្នុង​ដី​ព្រាល​ៗ ក្រោយ​ពេល​ត្រូវ​ទឹកភ្លៀង លុះ​ឆ្កឹះ​មើល​ទើប​ដឹង​ថា វា​ជា​គ្រាប់​មីន ធ្វើ​ឱ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​សល់​ព្រលឹង​។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​កោះសន្តិភាព​ថា ម្ចាស់ផ្ទះ​ពិតជា​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ​ផុស​ចេញពី​ក្នុង​ដី​ក្បែរ​ផ្ទះ​គាត់​មែន​។ លោក​ថា គ្រាប់​មីន​នោះ​ទំនង​កប់​ក្នុង​ដី​ច្រើន​ឆ្នាំ​ហើយ លុះ​ត្រូវ​ភ្លៀង​ជោកជាំ​រាប់​ឆ្នាំ​កន្លង​មក​ទើប​ធ្វើ​ឱ្យ​វា​ផុស​ឡើង​។ ប៉ុន្តែ​សំណាងល្អ​ដែល​គ្រាប់​មីន​នោះ​ខូចគុណភាព បើ​មិន​ដូច្នេះ​ទេ មីន​នោះ​អាច​ផ្ទុះ​យូរហើយ ព្រោះ​ម្ចាស់ផ្ទះ​ដើរ​ជាន់​រាល់ថ្ងៃ​។ លោក​ម៉ែ​ន រី​ម បាន​បញ្ជាក់​ថា គ្រាប់​មីន​ជា​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ច្រើន​ឆ្នាំ​ហើយ ដែល​អ្នកស្រុក​សំឡូត​តែង​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់​។

ប៉ុន្តែ​យ៉ាង​ទោះជាយ៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយ​ការ​ណ៍ទៅ​មន្ត្រី​ស៊ី​ម៉ាក ដើម្បី​ជួយ​អន្តរា​គម​ន៍​យក​គ្រាប់​មីន​នោះ​ចេញពី​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ដែរ​។ នេះ​ចាត់ទុកជា​សំណាងល្អ​បំផុត ដោយសារ​តែ​គ្រាប់​មីន​នោះ​ខូចគុណភាព បើ​មិន​ដូច្នេះ​ទេ​ម្ចាស់ផ្ទះ​ប្រាកដជា​ជួប​គ្រោះ​ធ្ងន់ធ្ងរ​ជា​មិន​ខាន​៕ ​

អត្ថបទសរសេរ ដោយ