ខេត្តព្រះសីហនុ ៖ កម្រនឹងមានណាស់ករណីជនបរទេសធ្វើចោរលួចម៉ូតូនៅស្រុកខ្មែរដែលពេលនេះជនជាតិរុស្សុីម្នាក់និងតួកម៉េនីស្ថានម្នាក់ជាប់សង្ស័យជាចោរលួចម៉ូតូ ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្ត ធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនពាក់ព័ន្ធពីបទលួចម៉ូតូ ។ ជនបរទេសទាំង២នាក់នេះ ទំនងដាច់យ៉ៃហើយទើបក្លាយជាចោរ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលបណ្ដឹងរាយការណ៍ពីឈ្មោះសំ រដ្ឋា ភេទស្រី អាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ ជាបុគ្គលិកដេប៉ូគិតប៊ុន ស្នាក់នៅផ្ទះជួលក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជុំវិញករណីចោរលួចម៉ូតូអស់២គ្រឿងម៉ាកអ៊ែរប្លេ៊ត ដែលគាត់ទុកនៅក្នុងរបងផ្ទះ កាលពីវេលាម៉ោងប្រហែល២រំលងអធ្រាត្រ
ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យព្រហ្មទណ្ឌឲ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ។ លុះរហូតដល់ម៉ោងប្រហែល២រសៀលថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលម្នាក់ឈ្មោះ Izmeuskii Ilia ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរុស្សុី គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅផ្ទះជួលក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើតេស្តទឹកនោមមានសារធាតុញៀន និងម្នាក់ទៀតឈ្មោះ MamebovRuslan ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិតួកម៉េនីស្ថាន គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅផ្ទះជួលក្នុងបុរីBS ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុជាអ្នកសមគំនិត ធ្វើតេស្តទឹកនោមមានសារធាតុញៀន ។
នៅចំពោះមុខសមត្ថកិច្ច ជនឈ្មោះ Izmeuskii Ilia ឆ្លើយសារភាពថា រូបគេបានមករស់នៅខេត្ដព្រះសីហនុតាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃនេះ ។ នៅវេលាម៉ោងប្រមាណ១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រូបគេបានជិះម៉ូតូម្នាក់ឯងដើរលេងក្នុងក្រុងព្រះសីហនុ ក៏ឃើញផ្ទះមួយទំនងអាចចូលលួចយកម៉ូតូបាន ក៏ឈប់ម៉ូតូចាក់សោទុកចោលនៅខាងក្រៅរបងផ្ទះនោះ ហើយដើរចូលទៅលួចយកម៉ូតូម៉ាកអ៊ែរប្លេ៊ត១គ្រឿង ដែលម្ចាស់ទុកនៅមុខបន្ទប់ក្នុងរបង រួចជិះចេញយក
ទៅទុកនៅផ្ទះរបស់ខ្លួននៅក្នុងបុរីBS ភូមិ៥សង្កាត់លេខ៤ ។ បន្ទាប់មក រូបគេហៅម៉ូតូកង់បីជិះត្រឡប់មកផ្ទះនោះវិញ ដើរចូលទៅលួចយកម៉ូតូ១គ្រឿងទៀត ហើយជិះយកទៅទុកនៅបន្ទប់ជួលរបស់ឈ្មោះ Mamebov Ruslan ស្ថិតនៅមុខសាលារៀនអូរ២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ។
បន្ទាប់ពីលួចបានម៉ូតូ២គ្រឿងហើយ រូបគេក៏ត្រឡប់មកយកម៉ូតូរបស់ខ្លួនវិញ ដែលទុកចោលនៅមុខផ្ទះខាងលើ ដើម្បីជិះទៅបន្ទប់ស្នាក់នៅក្នុងបុរីBS ។ រូបគេបានយកម៉ូតូដែលលួចនោះទៅបាញ់ថ្នាំពណ៌ស ដើម្បីបន្លំកុំឲ្យម្ចាស់ម៉ូតូស្គាល់និងត្រៀមលក់ចេញ ស្រាប់តែនៅវេលារសៀលថ្ងៃដដែល ក៏ត្រូវនគរបាលឃាត់ខ្លួន ទាំង២នាក់តែម្ដង ។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូអ៊ែរប្លេ៊ត៦គ្រឿង ក្នុងនោះមាន២គ្រឿងជាម៉ូតូដែលជននេះលួច ហើយសមត្ថកិច្ចបានប្រគល់ទៅឲ្យម្ចាស់វិញ ដើម្បីប្រើជាបណ្តោះអាសន្នតាមការស្នើសុំ ។ ចំណែកផ្លាកលេខម៉ូតូ១បន្ទះលេខ ភ្នំពេញ ១X-៦៩២៩ គ្រឿងបំលាស់ សម្ភារនិងឧបករណ៍ជួសជុលមួយចំនួន និងកញ្ឆាក្រៀម២ដុំតូច នាំមករក្សាទុកជាវត្ថុតាង ។ជនសង្ស័យទាំង២នាក់និងវត្ថុតាង រួមនឹងឧបករណ៍ចាប់យកជាច្រើនទៀត ត្រូវបានកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ៕
ចែករំលែកព័តមាននេះ