ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ​១០​នាក់ ឆ្មក់​វាយ​កំទេច​រថយន្ត​២​គ្រឿង​របស់​ក្រុម​អ្នក​សារព័ត៌មាន

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​របស់​អ្នក​សារព័ត៌មាន​មួយ​គ្រឿង ម៉ាក​កាម​រី ត្រូវ​បាន​មនុស្ស​មួយ​ក្រុម មាន​គ្នា​ជិត​១០​នាក់ ប្រដាប់​ដោយ​ព្រនង់ ពូថៅ នាំ​គ្នា​មក​វាយ​កំទេច បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​ដំណំ…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​របស់​អ្នក​សារព័ត៌មាន​មួយ​គ្រឿង ម៉ាក​កាម​រី ត្រូវ​បាន​មនុស្ស​មួយ​ក្រុម មាន​គ្នា​ជិត​១០​នាក់ ប្រដាប់​ដោយ​ព្រនង់ ពូថៅ នាំ​គ្នា​មក​វាយ​កំទេច បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​ដំណំ និង​រង​របួស ក្នុង​ចេតនា​ធ្វើឃាត ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ២០២០ នៅ​ផ្លូវ​ច្រកចូល​ទៅ​បឹង​ជ្រោង ត្រង់​ចំណុច​ភូមិ​ដូង​ទី​២ ឃុំ​ត្រ​មូង​ស្រុក​មេមត់ ។

តាម​ប្រភព​អ្នក​រង​គ្រោះជា​ក្រុម​សារព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​បង្ក ត្រូវ​បាន​គេ​សង្ស័យ​ជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ បាន​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​បើក​រត់គេច​បាត់​ស្រមោល ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​តាម​រក​ផង​ដែរ ។

អ្នក​រង​គ្រោះ បាន​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ ពីរ​ទៅ​បី​ថ្ងៃមុន មាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ធ្វើ​ដំណើរ​ចេញពី​ស្រុក​ស្នួល ខេត្តក្រចេះ កាត់​តាម​ផ្លូវជាតិ​លេខ​៧ ឆ្ពោះ​ចូល​មក​ស្រុក​មេមត់ ចៃដន្យ​រថយន្ត​នោះ​បែក​កង់ ហើយ​ក៏​បាន​ចូល​ចត នៅ​ចំណតរថយន្ត​ស្រុក​មេមត់ ។ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន ជា​ជន​រង​គ្រោះ បានឃើញ​ក៏​រាយការណ៍ ឲ្យ​កម្លាំង​អាវុធហត្ថ​ស្រុក​មេមត់ ចេញ​ប្រតិបត្តិការ មក​បង្ក្រាប​និង​បាន​រឹបអូស យក​ទៅ​ដាក់​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ ។

ក្រុម​អ្នក​សារព័ត៌មាន​ដែល​រង​គ្រោះ បាន​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​កម្លាំង​អាវុធហត្ថ បាន​បង្ក្រាប​ឈើ​សសរ​គ្រឿងផ្ទះ មួយ​រថយន្ត​នោះ ក្រុម​ឈ្មួញ​បាន​ប្រ​លយ​ពាក្យ​ថា មិន​អី​នោះ​ទេ យ៉ាង​យូរ​រថយន្ត​អ្នក​ព័ត៌មាន ដែល​រាយការណ៍​នេះ ក៏​នឹង​ត្រូវ​ជួប​បញ្ហា​… ។​បន្ទាប់​មក រំលង​បាន ពីរ​ទៅ​បី​ថ្ងៃ ក្រុម​អ្នក​រង​គ្រោះ​បាន​បើករថយន្ត​មក​ឈប់​នៅ​ត្រង់​ចំណុច​កើតហេតុ ផ្លូវ​ចូល​ទៅ​ច្រក​បឹង​ជ្រោង ដើម្បី​តាម​ឃ្លាំមើល​បទល្មើស​ព្រៃឈើ ក្នុង​វេលា​យប់​កណ្ដាល​អា​ធ្រា​ត ថ្ងៃ​ទី​២៧ កញ្ញា ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា តែ​មាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង បើក​តម្រង់​មក​រក​រថយន្ត​អ្នក​សារព័ត៌មាន​ចំនួន​២​គ្រឿង ដែល​មាន​គ្នា​ចំនួន​៤​នាក់ ក្នុង​ពេល​នោះ​ក្រុម​ជន​ដៃដល់ នៅ​លើ​រថយន្ត​សាំ​យ៉ុ​ង បាន​ចុះ​មក​ដោយ​មិន​បាន​និយាយ​អ្វី​នោះ​ទេ គឺ​បាន​យក​ពូថៅ និង​ទ្រនង់ មក​វាយ​កំទេច​លើ​រថយន្ត​ម៉ាក​កាម​រី​របស់​អ្នក​សារព័ត៌មាន បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​ដំណំ ចំនួន​២​គ្រឿង និង​បាន​បង្ក​របួស​ថែម​ទៀត ដែល​ករណី​នេះ ជា​ចេតនា​ប៉ង​ធ្វើឃាត​មួយ ដែល​គេ​សង្ស័យ​ថា អាច​ជា​ក្រុម​ឈ្មួញ ដែល​ត្រូវ​បង្ក្រាប​ឈើ​ថ្មី​ៗ​នេះ ព្រោះ​ខឹង​រាយការណ៍​ទៅ​អាវុធហត្ថ​ឲ្យ​ចាប់​ឈើ​របស់​គេ ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ នៅ​ចំណុច​កន្លង់​ស៊ុត ក្នុងភូមិ​ដូង​ទី​២ ឃុំ​ត្រ​មូង មាន​ករណី​វាយ​បំផ្លិចបំផ្លាញ​រថយន្ត ដែល​បាន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម មិន​ស្គាល់​អត្តសញ្ញាណ ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​ខៀវ បាន​ធ្វើ​សកម្មភាព បើក​មក​ឈប់​នៅ​ក្បែរ​នឹង​ចុះ​ពីលើ​រថយន្ត ប្រដាប់​ដោយ​ព្រនង់ ដុំ​ឈើ ពូថៅ នាំ​គ្នា​វាយ​លើ​រថយន្ត​អ្នក​រង​គ្រោះ ឈ្មោះ ម៉ុ​ខ សា​រ៉ែ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​សារព័ត៌មាន​ចក្រភព​ព័ត៌មាន មាន​តួនាទី​ជា​និពន្ធ​នាយករង ប្រចាំការ​នៅ​ខេត្តក្រចេះ សព្វថ្ងៃ​រស់នៅ​ភូមិ​សម្បទាន​សា​កុ​ដ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បណ្ដាល​រង​ការ​ខូចខាត បែក​កញ្ចក់​រថយន្ត​ខាង​មុខ ផ្នែក​ខាងក្រោយ​ខាងឆ្វេង និង​ខាងស្ដាំ​ទាំងអស់ ។ ក្រោយ​បង្ក​រួច ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​នាំ​គ្នា​ប្រញាប់ប្រញាល់ ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់​អស់ ។

គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា​នេះ ក្រុម​ជន​ដៃដល់ ដែល​គេ​សង្ស័យ​ជា​ឈ្មួញ​រកស៊ី​ឈើ មិន​ទាន់​ត្រូវ​បាន​វែកមុខ​នៅឡើយ​ទេ ។ ជាមួយ​នោះ ក្រុម​អ្នក​សារព័ត៌មាន​ទាំង​៤​នាក់ បាន​ដាក់​ពាក្យបណ្ដឹង និង​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​វែកមុខ​ក្រុម​ជន​ដៃដល់​ទាំងនោះ ដើម្បី​ចាត់ការ​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ