រាជធានីភ្នំពេញ ៖ បុរសជាមេការសំណង់ម្នាក់ត្រូវក្មួយដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតក្រោយពីត្រូវជនមិនស្គាល់មុខពីរនាក់ក្លែងជាអ្នករត់ម៉ូតូឌុបបានធ្វើសកម្មភាពប្លន់យកលុយ និងកាប់មួយកាំបិតចំកញ្ចឹង.ក កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២៦ ជិតឈានចូលថ្ងៃទី២៧ មីនា នៅចំណុចស្ពានម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នេះជាហេតុការណ៍មិនធ្លាប់មានពីមុនមក ដែលចោរក្លែងខ្លួនជាអ្នករត់ម៉ូតូឌុបខុសពីមុន ដែលអ្នករត់ម៉ូតូឌុបតែងរងគ្រោះដោយសារចោរប្លន់ ឥឡូវអ្នករត់ម៉ូតូឌុបបែរជាប្លន់អ្នកជិះវិញ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះក្នុងអំពើប្លន់នៅចំណុចខាងលើត្រូវគេស្គាល់ឈ្មោះប៉ែន ពៅ អាយុ៤៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅបណ្តោះអាសន្នបុរីសន្តិភាព២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បុរសរងគ្រោះបានរៀបរាប់ឱ្យសមត្ថកិច្ចដឹងថា បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យដារលាន ខ្លួនក៏បានហៅម៉ូតូឌុបជិះពីបឹងកក់ ព្រមទាំងមានបុរសម្នាក់ទៀតរួមដំណើរទៅជាមួយដែរ គឺអង្គុយពីក្រោយខ្លួន តែជាមនុស្សមិនដែលស្គាល់គ្នានោះទេ ។ គោលបំណងរបស់លោក (បុរសរងគ្រោះ) ទៅផ្ទះនៅបុរីសន្តិភាព២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុះមកដល់ស្ពានម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ស្រាប់តែម៉ូតូឈប់ងក់… ភ្លាមៗនោះបុរសដែលអង្គុយខាងក្រោយបានលោតចុះ និងទាញកាំបិតបុ័ងតោដែលលាក់ទុកក្នុងអាវយកមកកាប់លើខ្លួនជាច្រើនកាំបិត ធ្វើឱ្យព្រលឹងចុងសក់ និងរត់វក់វី ដើម្បីព្យាយាមគេច ក៏ប៉ុន្តែគេចមិនរួចក៏ត្រូវជនដៃដល់កាប់មួយកាំបិតចំកញ្ចឹងកខាងឆ្វេងបណ្តាលឱ្យរបួស ។ ពួកចោរដែលក្លែងខ្លួនធ្វើជាអ្នករត់ម៉ូតូឌុបនិងអ្នករួមដំណើរម្នាក់នោះគឺជាបក្សពួកតែមួយបានប្លន់យកប្រាក់ចំនួន២៤៨ដុល្លារ ប្រាក់ខ្មែរចំនួន៧០ម៉ឺន រៀល និងទូរស័ព្ទមួយគ្រឿង នាំគ្នាគេចខ្លួនដោយសុវត្ថិភាព ។
ក្រោយពីក្រុមចោរចាកចេញទៅបាត់ ទើបបុរសរងគ្រោះហៅក្មួយឱ្យដឹកតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ គ្រូពេទ្យបានឱ្យដឹងថា បុរសរងគ្រោះរបួសមិនជាធ្ងន់ធ្ងរប៉ុន្មាននោះទេ ឥឡូវនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបានដាក់ពាក្យបណ្តឹងទៅនគរបាលខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវចាប់ជនដៃដល់យកមកផ្តន្ទាទោស ៕
ចែករំលែកព័តមាននេះ