ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ជ្រើសរើស​បាន​កីឡាករ​6​រូប​សម្រាប់​ត្រៀម​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​សិង្ហ​បុរី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​រក​ឃើញ​កីឡាករ​៦​រូប​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ត្រៀម​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​រក​ឃើញ​កីឡាករ​៦​រូប​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ត្រៀម​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ។

លោក​ជាម សុភា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានឱ្យ​ដឹង​ថា កីឡាករ​ជម្រើសជាតិ​ទាំង​៦​រូប​នេះ​ត្រូវ​បាន​សហព័ន្ធ​ធ្វើ​លិខិតស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​រួច​ហើយ បុ​៉​ន្តែ​សេចក្តីសម្រេច​នៅ​មិន​ទាន់​ធ្លាក់​មក​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា អ្នក​ទាំង​៦​រូប​នេះ​ប្រហែលជា​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ​។ តាម​ការ​ឱ្យ​ដឹង​បន្ថែម សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​៦​រូប និង​ប្រតិភូ​ដឹកនាំ​២​រូប​ទៀត ដែល​សរុប​ទាំងអស់​៨​រូប ក្នុង​នោះ​ថ្នាក់ដឹកនាំ​មាន​លោក ជាម សុភា​, លោក​ដែង ទិ​ត្យរ​ស្មី ចំណែក​កីឡាករ​មាន ទាវ យុ​៉​ង​វណ្ណៈ​, ងួ​ន កា​ណូ​រ៉ា​, ទេព ចាន់​ម៉ា​រ៉ា​, យ៉ា​ន កុសល​, ចេ​ង ភា​រុំ និង អេ​ង ភារ​ម្យ ។

លោក​ជាម សុភា បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា មុន​នឹង​បញ្ជូន​កីឡាករ​ណា​ម្នាក់​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​រក​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចៀសវាង​នូវ​ពាក្យ​ថា បក្ខពួក​និយម ។ ជាក់ស្តែង​កីឡាករ​ទាំង​៦​រូប​នេះ​មុន​នឹង​សហព័ន្ធ​សម្រេចចិត្ត​ដាក់​សំណើ​ទៅ​ក្រសួង​អប់រំ សុទ្ធតែ​បាន​ធ្វើការ​ជ្រើសរើស​យ៉ាង​ត្រឹមត្រូវ​តាម​រយៈ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ។ សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​នេះ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​មាន​ជំនឿ​ចិត្ត​យ៉ាងច្រើន​ក្នុង​ការ​យកឈ្នះ​លើ​ប្រទេស​មួយ​ចំនួន​ដូច​ជា មី​យ៉ា​ន់​ម៉ា ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​ជាដើម ។

បុ​៉​ន្តែ​សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​ដូច​ជា វៀតណាម ថៃ ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី សុទ្ធតែ​ជា​ប្រទេស​ខ្លាំង​មិន​អាច​ប្រៀបផ្ទឹម​ជាមួយ​គេ​បាន​ឡើយ ។ ទោះជា​យ៉ាងណា រៀង​រាល់​លើក មុន​នឹង​បញ្ជូន​កីឡាករ​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ណាមួយ សហព័ន្ធ​តែង​បញ្ជូន​ក្រុម​កីឡាករ​ទាំងនោះ​ឱ្យទៅ​ហ្វឹកហាត់​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ ។ បុ​៉​ន្តែ​ឆ្នាំ​នេះ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ណាមួយ​នៅឡើយ​នោះ​ទេ ។ តាម​គម្រោង​ប្រហែលជា​ត្រូវ​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី គ្រាន់តែ​មិន​នៅ​ពុំ​ទាន់​ដល់​ពេល រង់ចាំ​ដល់​កៀក​ថ្ងៃ​ប្រកួត​ទើប​បញ្ជូន​ទៅ ហើយ​នៅ​ថ្ងៃ​បញ្ចប់​ទើប​បញ្ជូន​បន្ត​ឱ្យទៅ​ប្រកួត​ស៊ី​ហ្គេ​ម​តែ​ម្តង ៕