ខេត្តបាត់ដំបង ៖ អ្នកជិះម៉ូតូចំនួន២នាក់បានបាត់បង់ជីវិតព្រមគ្នានៅនឹងកន្លែងកើតហេតុ ដោយជនរងគ្រោះទាំង២ស្ថិតនៅលើម៉ូតូជាប់នឹងតួគោយន្តតែម្តង ចំណែកម្ចាស់គោយន្តវិញបាក់ជើងម្ខាង ខណៈពេលដែលជិះម៉ូតូទៅបុកគោយន្តកន្ត្រៃដឹកស្រូវពេញទំហឹង ស្របពេលដែលគោយន្តកំពុងបើកបត់ឆ្វេង ហើយខ្វះការប្រុងប្រយ័ត្ន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៧B ត្រង់ចំណុចភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ។
អធិការស្រុកបវេល លោក សុខ សារិន បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងគោយន្តកន្ត្រៃជាមួយអ្នកជិះម៉ូតូ។ លោកបានប្រាប់ថា អ្នកជិះម៉ូតូឌុបគ្នា២នាក់បានបុកជាមួយគោយន្តកន្ត្រៃ ខណៈពេលគោយន្តនេះកំពុងព្យាយាមបត់ឆ្វេង ដើម្បីឆ្លងថ្នល់ទៅម្ខាងទៀត ទើបត្រូវអ្នកជិះម៉ូតូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងតែម្ដង។
បើតាមរបាយការណ៍របស់លោក សុខ សារិន បានឱ្យដឹងថា អ្នកបើកបរគោយន្តដឹកស្រូវឈ្មោះ យ៉ាម រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល បានរបួសបាក់ជើងម្ខាង រីឯជនរងគ្រោះ២នាក់ដែលជិះម៉ូតូ មានម្នាក់ឈ្មោះ រឿន សារឿត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ និងម្នាក់ទៀតឈ្មោះ ខន ស្រីពេជ្រ ភេទស្រី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ជនរងគ្រោះទាំង២នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុព្រមគ្នាតែម្តង។
តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនកើតហេតុ មានគោយន្តដឹកស្រូវបានធ្វើដំណើរមកពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចកើតហេតុ គេឃើញគោយន្តនេះបានបត់ឆ្វេងក្នុងគោលបំណងយកស្រូវទៅលក់នៅថ្នល់ម្ខាង ។
សាក្សីបានបញ្ជាក់ថា ស្របពេលគោយន្តព្យាយាមបត់ឆ្វេង គេក៏ឃើញជនរងគ្រោះបានជិះម៉ូតូក្នុងល្បឿនលឿនគួសមមកពីខាងលិច ហើយភ្លាមៗនោះក៏បុកចំគោយន្តពេញទំហឹងតែម្ដង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់បាត់បង់ជីវិតយ៉ាងរន្ធត់នៅលើម៉ូតូជាប់នឹងតួគោយន្ត ចំណែកម្ចាស់គោយន្តវិញបាក់ជើងម្ខាង។
អធិការស្រុកបវេល លោក សុខ សារិន បានធ្វើការសន្និដ្ឋានបឋមថា បើតាមការពិនិត្យជាក់ស្ដែងលើករណីនេះ កំហុសភាគច្រើនគឺបង្កឡើងដោយភាគីអ្នកបើកគោយន្តដែលមានការធ្វេសប្រហែសខណៈពេលបើកបត់ប្ដូរទិសដៅ។
ទោះបីយ៉ាងណា ពេលនេះមធ្យោបាយធ្វើដំណើរបស់ភាគីទាំង២ ត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី រីឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិទៅទទូលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
ចែករំលែកព័តមាននេះ