ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាតុអាកាស​ប្រែប្រួល​ប៉ុន្មានថ្ងៃ​នេះ មិន​ពាក់ព័ន្ធ​​នឹង​ការ​ឆេះ​មជ្ឈមណ្ឌល​​នុយក្លេ​អ៊ែរ​​នៅប្រទេស​ជប៉ុនទេ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋកម្ពុជា​ទាំង​​ក្នុង​​រាជធានីភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត នានា បាន​​កើត​ក្តី​​មន្ទិល និង​ព្រួយបារម្ភ​​​ពីគ្រោះ​ថ្នាក់​​សុខភាព​យ៉ាង​ខ្លាំង ខណៈ​​​បរិយាកាស​​ក្នុង​ប្រទេស​​ប៉ុន្មានថ្ងៃ​នេះ ​មានការប្រែប្រួល​ពីក្តៅ​​មក​ត្រជាក់ ព្រមទាំង​​សង្ស័យ​ថា ​ទទួលរង​​ឥទ្ធិពល​​ពីការ​ផ្ទុះ​រេ​អាក់ទ័រនៃមជ​្ឈមណ្ឌល​​​នុយក្លេ​អ៊ែរ​​បង្ក​ឱ្យ​សាយភាយ​​វិទ្យុ​សកម្ម​បំផ្លាញ​​ជីវិត​មនុស្ស ​ប៉ុន្តែ​​មន្ត្រី​ជំនាញក្រសួង​ធនធានទឹក និង​ឧតុ​និយម​ បាន​ច្រានចោល​​ចំពោះការ​​ទទួល​រង​​​នូវ​ឥទ្ធិ​ពល​​​វិទ្យុសកម្ម​នេះ ដោយលើកឡើង​ថា បើ​និយាយ​​​ពី​របប​​​ខ្យល់​​សម្រាប់​​ប្រទេស​កម្ពុជា​​វិញ ​គឺមិន​អាច​ទទួល​វិទ្យុ​សកម្ម​នេះទេ ​ហើយការ​ប្រែ​ប្រួល​អាកាស​ធាតុ​​​មកជា​ត្រជាក់​​​ និងធ្លាក់​ភ្លៀងប៉ុន្មាន​ថ្ងៃ​នេះ គឺ​​បណ្តាល​​មកពី​ជ្រលង​សម្ពាធ​​ខ្ពស់​រំកិល​មក​ប៉ះ​​​ជ្រលង​​សម្ពាធ​ទាបតែប៉ុណ្ណោះ ។​

លោក​​ចាន់ យុត្ថា នាយ​ក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​មាន​ប្រសាសន៍​​​ឱ្យ​ដឹង​នា​ព្រឹកថ្ងៃទី​១៨ មីនា ​២០១១ ថា ​ស្ថានភាពធាតុអាកាស​​ពីថ្ងៃទី​​១៣ ដល់​​ទី​១៧ មីនា ២០១១ ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ទទួល​​​នូវចន្លោះ​ឥទ្ធិពល​​ពីជ្រល​ង​សម្ពាធ​​ខ្ពស់​ប្រទេសចិន ​និង​កម្រិត​​សម្ពាធ​​ទាប​ពីភាគ​ខាង​ក្រោម​​សមុទ្រ​​ចិន​ខាង​ត្បូង បង្ក​ឱ្យ​​ផ្ទៃមេឃ​​​ស្រទំ​នា​ពេលព្រឹក​ និង​មានភ្លៀង​ផ្គរ​​កក់ខែ​ច្រើន​​ថ្ងៃ​​នៅតាមបណ្តា​ខេត្ត​មួយចំនួន និង​រាជធានី​ភ្នំពេញ ​ក្នុងនោះ​សីតុណ្ហ​ភាព​​​អប្បបរមា​មានការ​ធ្លាក់​ចុះ​​​ជាង​​ធម្មតា​បន្តិច ។ ចាប់ពី​​ថ្ងៃទី​២០ មីនា ​ត​ទៅ​ សីតុណ្ហ​ភាព​​នឹង​កើនឡើង​​វិញ តែ​​ភ្លៀង​​​កក់​ខែ​​នឹងនៅតែ​បន្ត​មាន​​ជា​ហូរហែ​​តាមបណ្តា​ខេត្ត​​​មួយ​ចំនួន ជា​ពិសេស​​​ខេត្ត​​នៅភាគទំនាប​កណ្តាល​ និង​វាល​​​ទំនាប​ភាគ​​ពាយ័ព្យ​​ រួមនឹង​តំបន់​មាត់សមុទ្រ ទៀត​ផង ។​

កំណត់​សម្គាល់ ស្ថានភាព​​ធាតុ​អាកាស​​ខាង​លើ​ពុំ​មាន​ពាក់ព័ន្ធ​ ឬកើតឡើង​​ដោយសារ​ព្រឹត្តិ​ការណ៍​​នៃ​ការ​ផ្ទុះរោង​ចក្រ​បរមាណូ​​នៅជប៉ុន​នោះ​ទេ ។ ​ស្ថានភាព​ធាតុអាកាស​​កន្លង​​មក​​នេះវាជា​​​ការ​ប្រែប្រួល​​​តាមធម្មជាតិ​ ដោយគ្រាន់តែ​​​ថា វា​កើតឡើង​​គាប់ជួន​ទៅនឹង​ព្រឹត្តិការណ៍​​​នៅ​ប្រទេស​ជប៉ុន​​​តែប៉ុណ្ណោះ​ ។​

លោកចាន់ យុត្ថា ​បានពន្យល់​ថា ​​ប្រជា​ពល​រដ្ឋ​​មានការព្រួយបារម្ភ​​​ពីសារ​ធាតុ​​​វិទ្យុ​សកម្ម​​​សាយ​ភាយ​​តាមខ្យល់​​បក់​មក​ពី​ប្រទេសជប៉ុនចូល​កម្ពុជា​​…​​ត្រង់នេះ​​យើង​​សូមបញ្ជាក់​ថា ​ចាប់ពីខែ​មីនានេះទៅ ប្រទេស​កម្ពុជាមិនទទួល​​​របបខ្យល់​​​មូសុងភាគ​​ឦសាន​ឡើយ ​ដែល​របប​ខ្យល់​មូសុង​​ភាគ​ឦសាន​​នោះ គឺធ្វើ​​ដំណើរ​ចេញ​ពី​តំបន់​​ស៊ី​បេរី ​ប្រទេស​រុស្ស៊ី ​ចូល​មក​​តំបន់ទីបេ​ប្រទេស​ចិន ​និងបន្តចូល​​កម្ពុជា និង​ប្រទេស​ជិត​ខាង​​​…​ដូច្នេះ​ប្រសិនបើ​​អ៊ីចឹងមែន គឺ​ប្រទេស​កម្ពុជាអាច​ទទួល​​រងនូវ​ឥទ្ធិពល​​វិទ្យុស​កម្ម​​​នុយ​ក្លេអ៊ែរ​​ពីប្រទេស​​​ជប៉ុន​ខ្លះៗ​ហើយ ប៉ុន្តែ​​របបខ្យល់​​បែបនេះ ​វាកើត​​មាន​មក​ក្នុង​ប្រទេស​កម្ពុជា តែ​អំឡុង​ខែ​វិច្ឆិកា-ធ្នូ និង​មករា ប៉ុណ្ណោះ​ ។ ​ផ្ទុយ​ទៅវិញ ​​សម្រាប់​ខែ​មីនា​នេះ​ ប្រទេស​កម្ពុជា​កំពុងទទួល​របបខ្យល់​​ពី​តំបន់​ត្រូពិក​ មិនពាក់ព័ន្ធ​​ប្រទេស​ជប៉ុន​​ទេ ហើយ​​របប​ខ្យល់​ពី​តំបន់​ត្រូពិក​នេះ បាន​បក់​មក​កាន់​ប្រទេស​កម្ពុជា ​ដោយ​មិន​​បាននាំ​​យក​មក​ជាមួយ​​នូវសារធាតុ​វិទ្យុ​សកម្ម​ពីការ​​សាយ​ភាយ​រោងចក្រ​​​នុយក្លេ​អ៊ែរ​​​ហ្វូគូស៊ីម៉ា​នោះឡើយ​។​

គួរ​រំលឹក​ថា ​គ្រោះ​រញ្ជួយដី​​ដ៏ខ្លាំង​​ក្លា​មួយ​កម្រិត​​៨,៩រីស្ទ័រ បានកើតឡើង​​នៅទីក្រុង​​សេន​ដៃ ភាគឦ​សាន ​ប្រទេស​ជប៉ុន ​កាលពីថ្ងៃទី​​១១ មីនា ​២០១១ ​ចម្ងាយ​​ជាង​​២៥០​គីឡូម៉ែត្រ ​ពីទីក្រុង​​តូក្យូ​ បង្ក​ឱ្យ​មាន​​រលកយក្សស៊ូណាមី ​កម្ពស់ជាង​​១០ម៉ែត្រ ​វាយប្រហារ​​បំផ្លាញ​​ហេដ្ឋា​រចនាសម្ព័ន្ធ​​ ទ្រព្យ​សម្បត្តិ ​​អគារ​ទីក្រុង និង​ឆេះ​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​ហ្វូគូ​ស៊ីម៉ា ​កំពុង​​សាយ​ភាយ​​​វិទ្យុ​សកម្ម​ធ្វើ​ឱ្យ​​មានការ​ព្រួយបារម្ភ​​យ៉ាង​ខ្លាំង ។ ​មនុស្ស​​រាប់​ពាន់​​នាក់​បាន​ស​្លាប់ និង​​ជាង​​១ម៉ឺន​​នាក់​បានបាត់ខ្លួន ហើយ​ចំនួន​​១៤០.០០០​នាក់ ដែលរ​ស់នៅ​ក្នុង​តំបន់​ក្បែរ​​គ្រោះ​​​មហន្តរាយ​​ត្រូវអាជ្ញាធរ​​តម្រូវ​ឱ្យ​រស់​នៅ​​តែ​ក្នុងផ្ទះ ដើម្បី​ការពារ​វិទ្យុស​កម្ម​​បំផ្លាញ​ជីវិត​​…​ចំណែក​​​ទីក្រុង​តូក្យូ​​​ដែលមានពលរដ្ឋ​​​ប្រមាណ​​​៣០​លាន​​នាក់ ក៏​ត្រូវ​​អាជ្ញាធរ​​​តម្រូវ​ឱ្យ​ប្រុង​ប្រយ័ត្ន​​ផងដែរ ៕