ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC U-23 កម្ពុជា​-​ថៃ​ក្លាយជា​ការ​ស្ទាបស្ទង់​ពិសេស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍ AFC U-23 ប្រចាំឆ្នាំ​២០១៦ នឹង​ដំណើរការ ខណៈ​ដែល​ការ​ប្រកួត​បើក​ឆាក​របស់​កម្ពុជា គឺ​ប៉ះ​ជាមួយ​ក្រុម​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​តែ​ម្ដង

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍ AFC U-23 ប្រចាំឆ្នាំ​២០១៦ នឹង​ដំណើរការ ខណៈ​ដែល​ការ​ប្រកួត​បើក​ឆាក​របស់​កម្ពុជា គឺ​ប៉ះ​ជាមួយ​ក្រុម​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​តែ​ម្ដង ហើយ​ក៏​ជា​ការ​ប្រកួត​មួយ​ដែល​ស្ថិត​ក្នុង​សភាព​ដ៏​តានតឹង​ផង​ដែរ ។ នេះ​ជា​ការ​ស្ទាបស្ទង់​កម្លាំង និង​សំណាង​ដ៏​ធំ​មួយ​របស់​ក្រុមបាល់ទាត់​ឈុត​តូច​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា មុន​ក្រុម​ឈុត​ធំ​បើក​យុទ្ធនាការ​ប្រកួត​ជម្រុះ World Cup បន្ត​ក្នុង​ពេល​ដ៏​ខ្លី ។

ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ក្នុង​ក្របខ័ណ្ឌ AFC U-23 ខាងលើ​នេះ ក្រុម​ប្រទេស​កម្ពុជា​ហាក់​មិនសូវ​មានសំណាង​ទាល់តែ​សោះ ដោយសារ​តែ​ការ​ចាប់ឆ្នោត​ចែក​ពូ​ល​ប៉ះ​ចំ​ក្រុម​ប្រទេស​ដែល​សុទ្ធតែ​មានការ​រីក​ចម្រើន​លើ​វិស័យ​បាល់ទាត់​នាំមុខ​ជាង​ខ្លួន ។ ក្រុម​ដែល​កម្ពុជា​ត្រូវ​ប្រឈម​គឺ​ក្រុម​ថៃ​, កូរ៉េ​ខាងជើង និង​ហ្វ៊ី​លី​ពី​ន ។ ក្នុង​ចំណោម​ក្រុម​ទាំង​៣ កម្ពុជា​មើល​មិនឃើញ​ពី​ជំហរ​ស៊ី​ផុយ​ទៅ​លើ​ក្រុម​ណាមួយ​បាន​ឡើយ ខណៈ​កង​ប្រយុទ្ធ U-23 របស់​គូបដិបក្ខ ក៏​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​មាន​កម្រិត​ឈាន​ដល់​ស្ដង់ដា​ប្រកួត​ជា​អន្តរជាតិ​គួរ​ឲ្យ​បារម្ភ ។ ក្រុម​ប្រទេស​ទាំងនេះ នឹង​បើក​ព្រឹត្តិការណ៍​ប្រកួត​គ្នា​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ដោយនៅ​ថ្ងៃ​សុក្រ​ទី​២៧ មីនា ខានស្អែក ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​តែ​ម្ដង នៅ​វេលា​ម៉ោង​៧​យប់ ។ ការ​ប៉ះ​គ្នា​ជាមួយ​ថៃ គឺជា​រឿង​ដែល​តានតឹង​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​ប្រភេទ​អាយុ​ក្រោម​២៣​ឆ្នាំ​នេះ ។

ក្នុង​ព្រឹ​តិ្ត​ការណ៍​ជម្រុះ​នេះ កម្ពុជា​ហាក់​ចាញ់​ប្រៀប​ថៃ​៣​ចំណុច​តែ​ម្ដង គឺ​សមត្ថភាព ចាញ់​ច្រាប​ទឹកដី និង​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​ផ្ទាល់​តែ​ម្ដង​។ គាប់​ជួន​ក្រុម​ថៃ ជា​ប្រទេស​ជិតខាង​មួយ​ដែល​វិស័យ​បាល់ទាត់​មានការ​រីក​ចម្រើន និង​មានការ​គាំទ្រ​ខ្លាំងក្លា​ពី​សំណាក់​ពលរដ្ឋ​ក្នុង​ប្រទេស គឺ​រឹតតែ​ធ្វើ​ឱ្យ​សំឡេង​ហ៊ោកញ្ជ្រៀវ​របស់​ជនជាតិ​ថៃ នឹង​ក្លាយជា​សំឡេង​សន្ធាប់​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ចាញ់​ច្រាប​ផង​ក៏​មិនដឹង ។ នេះ​ជា​ចំណុច​ដែល​ក្រុម​កម្ពុជា​ត្រូវ​បារម្ភ​បំផុត​បន្ថែម​ពីលើ​សមត្ថភាព​ក្នុង​ការ​យកឈ្នះ​ដោយ​ពិបាក​ដែល​ត្រូវ​គេ​មើលឃើញ​ថា ពិបាកទៅ​រួច​ជាមួយ​ក្រុម​ថៃ ។ ការ​ប៉ះ​គ្នា​លើក​នេះ ក្រុម​កីឡាករ​ថៃ​បាន​ព្យាករ​នៅ​លើ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​របស់​ខ្លួន​ថា នឹង​ឈ្នះ​កម្ពុជា​ដោយ​មិន​ពិបាក ដោយ​សង្ឃឹមថានឹង​បាន​៣​ពិន្ទុ​មុន​ទៅ​ប៉ះ​ក្រុម​ប្រទេស​ហ្វ៊ី​លី​ពី​ន​ក្នុង​ជំហាន​បន្ត​ទៀត​ផង ។ សារព័ត៌មាន​របស់​ថៃ​ជា​ច្រើន​សុទ្ធតែ​លើក​ឡើង​ថា ក្នុង​ចំណោម​ក្រុម​ទាំង​៤ ថៃ​នឹង​ឈរ​ក្នុង​ចំណាត់ថ្នាក់​កំពូល បើ​ទោះជា​ត្រូវ​ប្រឈម​ជាមួយនឹង​ក្រុម​កូរ៉េ​ខាងជើង និង​ហ្វ៊ី​លី​ពី​ន​ដែល​ជា​ក្រុម​ខ្លាំង ។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃ​នេះ ក្រុម​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ត្រៀម​ទុក​ខ្លាំង​ដើម្បី​ឲ្យ​ការ​ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា​ការ​ប្រកួត​ជាមួយ​ក្រុម​សិង្ហ​បុរី​កន្លង​មក​។ ផ្អែក​លើ​លទ្ធផល​ឈ្នះ​ក្រុម U-23 សិង្ហ​បុរី​ក្នុង​លទ្ធផល​៣ ទល់​នឹង​១ កាលពី​ជុំ​ទី​១ និង​២​ស្មើ​ជាមួយ​ក្រុម U-22 របស់​សិង្ហ​បុរី​ដដែល កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ ក្រុម​កម្ពុជា​ហាក់​មាន​សង្ឃឹម​ច្រើន​ថា អាច​ទប់ទល់​ជាមួយ​ក្រុម​ថៃ​បាន បើ​ទោះជា​នៅ​ក្រៅ​ទឹកដី និង​ជា​ក្រុម​មួយ​ដែល​កម្ពុជា​ត្រូវ​ប្រយ័ត្ន​បំផុត ។ ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​ក្លាយជា​ការ​កាត់ក្ដី​ដ៏​ប្រសើរ​បំផុត​ដើម្បី​រំលេច​ក្ដី​សង្ឃឹម​ឆ្ពោះទៅ​កាន់​វគ្គ​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ ។ នោះ​គឺ​ដោយសារ​ធនធាន​មួយ​ចំនួន​នៅ​ក្នុង​ឈុត​ធំ​ដែល​ជា​ប្រភេទ​ក្រុម​ជម្រើសជាតិ មាន​កីឡាករ​ក្នុង​ឈុត U-23 នេះ​ច្រើន​គួរសម ។ ប្រសិនបើ​ការ​ប៉ះ​ថៃ កម្ពុជា​អាច​ទប់​ត្រឹម​ស្មើ​នោះ​មាន​ន័យ​ថា កម្ពុជា​នឹង​មាន​ជំហាន​សង្ឃឹម​បើ​ទោះ​មិន​ច្រើន​នៅឡើយ​សម្រាប់​តំណែង​លេខ​១ ក្នុង​ពូ​ល​ឆ្ពោះទៅ​កាន់​វគ្គ​បន្ត​របស់​ព្រឹត្តិការណ៍ AFC U-23 ឆ្នាំ​២០១៦ ទាំងមូល ។

យ៉ាងណា​ក៏​ដោយ ក្រុមបាល់ទាត់​កម្ពុជា​ទាំង​ប្រភេទ​ឈុត​ធំ និង​ប្រភេទ​ឈុត​ក្រោម​អាយុ​២៣​ឆ្នាំ មិនមែន​ជា​ក្រុម​ទន់ខ្សោយ និង​អសមត្ថភាព​ដូច​កាលពី​អតីត​កាលនោះ​ទេ បន្ទាប់​ពី​វិស័យ​បាល់ទាត់​របស់​កម្ពុជា​ចាប់ផ្ដើម​រើប​ឡើង​វិញ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ។ ជាក់ស្ដែង​ការ​ប្រកួត​ឈ្នះ​ក្រុម​យុវជន​របស់​ប្រទេស​សិង្ហ​បុរី និង​ការ​ប្រកួត​ឈ្នះ​ក្រុម​ម៉ា​កាវ​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​ជម្រុះ​វគ្គ​បឋម​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​មុន​នេះ មិនមែន​ជា​រឿង​ចៃដន្យ​របស់​ក្រុម​កម្ពុជា​នោះ​ទេ គឺ​មាន​ន័យ​ថា កីឡាករ​កម្ពុជា​ពិតជា​បាន​កើនឡើង​នូវ​សមត្ថភាព និង​បច្ចេកទេស​ពេញលេញ​ក្នុង​កម្រិត​អន្តរជាតិ ។ ដូច្នេះ​ហើយ​ទើប​ការ​ប៉ះ​ជាមួយ​ក្រុម​ថៃ​លើក​នេះ នឹង​ក្លាយជា​ការ​ស្ទង់​កម្លាំង​មួយ​ដ៏​សំខាន់​ដើម្បី​ដឹង​ថា កម្ពុជា​កើនឡើង​កម្រិត​ណា ?

មហាជន​ភាគច្រើន បាន​ងាក​មក​ឃ្លាំមើល​ចំពោះ​ព្រឹត្តិការណ៍​មួយ​នេះ​កាន់តែ​ច្រើន បើ​ធៀប​នឹង​រយៈកាល​កន្លង​ទៅ ដែល​ក្រុម​កម្ពុជា​ទៅ​ប៉ះ​ក្រុម​ណា គឺ​ពិតជា​ចាញ់​ងើបមុខ​មិន​រួច​នោះ ។ អ្នកខ្លះ​បាន​ទាំង​ព្យាករណ៍​ថា ក្រុម U-23 របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​ថៃ​ខកចិត្ត​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ថ្ងៃ​ដំបូង​នោះ​ទៀត​ផង បើ​ទោះជា​ក្រុម​របស់​ថៃ គឺជា​ក្រុម​ខ្លាំង​ក្នុង​តំបន់​ដែល​មាន​សន្ទុះ​ឈាន​ឡើង​ទាំង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម U-23 គួរ​ឲ្យ​កត់សម្គាល់ ។ ជើង​ទី​២ សម្រាប់​ការ​ប្រកួត​នេះ នឹង​ធ្វើ​នៅ​ក្នុង​ទីក្រុង​បាងកក​ដដែល នៅ​ថ្ងៃ​ទី​២៩ មីនា ដោយ​កម្ពុជា​នឹង​ប៉ះ​ជាមួយ​ក្រុម​កូរ៉េ​ខាងជើង​នៅ​វេលា​ម៉ោង​៧​យប់ និង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ចុង​ក្រោយ​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ មីនា ប៉ះ​ជាមួយ​ក្រុម​ហ្វ៊ី​លី​ពី​ន ។

ក្រុមបាល់ទាត់​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន​៤៣​ប្រទេស​ក្នុង​ទ្វីបអាស៊ី ត្រូវ​បាន​បែងចែក​ជា​១០​ពូ​ល ដោយ​ពូ​ល​A, B និង C មាន​ចំនួន​៥​ប្រទេស​ឬ​៥​ក្រុម​ក្នុង​មួយ​ពូ​ល និង​ពី​ពូ​ល​D ដល់ J មាន​៤​ក្រុម​ក្នុង​មួយ​ពូ​ល ។ ចំពោះ​ការ​ប្រកួត​ជម្រុះ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ដែល​គណៈកម្មការ​រៀបចំ​បាន​ជ្រើសរើស​រួច​ជា​ស្រេច ។ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការ​ប្រកួត​ដ៏​ធំ​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី​របស់​ព្រឹត្តិការណ៍ World Cup នោះ​ផង​ដែរ ទើប​ការ​ប្រកួត​នេះ​នឹង​ក្លាយជា​ការ​ស្ទាបស្ទង់​កម្លាំង​យ៉ាង​ពិសេស​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ក្នុង​ពេល​ខាង​មុខ ។ អ្វី​ដែល​កម្ពុជា​រំពឹង​ទុក គឺ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ដែល​ពិតជា​ធ្វើ​ឲ្យ​ក្រុមបាល់ទាត់​កម្ពុជា​ប្រែប្រួល​សមត្ថភាព ៕