ខេត្តឧត្តរមានជ័យ ៖ បុរសជាឪពុកចុងម្នាក់ឈ្មោះថោង វណ្ណៈ អាយុ៤៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីកូនស្រីដែលទើបមានអាយុ១៤ឆ្នាំ ដាក់ពាក្យប្តឹងចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈលើរូបនាងចំនួន៤លើក បានសម្រេច២លើក មិនបានសម្រេច២លើក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ មីនា ២០១១ នៅក្រុងសំរោង។
លោកវរសេនីយ៍ត្រី នួន អេត អធិការក្រុងសំរោង បានឱ្យកោះសន្តិភាពដឹងថា ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ឪពុកចុងរបស់នាងថា បានចាប់រំលោភសេពសន្ថវៈលើរូបនាងចំនួន៤លើកបានសម្រេច២លើក មិនបានសម្រេច២លើក ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួចមក លោកបានបញ្ជាឱ្យកម្លាំងប៉ូលិសក្រុងចុះទៅឃាត់ខ្លួនជនសង្ស័យជាឪពុកចុងនោះនាំយកមកអធិការដ្ឋានក្រុងសំរោងដើម្បីធ្វើការសាកសួរ ។
លោកវរសេនីយ៍ត្រីបានបន្តទៀតថា ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងត្រូវឪពុកចុងចិត្តតិរច្ឆានរូបនេះចាប់រំលោភនៅនឹងផ្ទះចំនួន២លើក ខណៈពេលម្តាយរបស់នាងមិននៅ តែមិនបានសម្រេចទេ ហើយរូបនាងក៏មិនបានចាំថ្ងៃខែដែរ។ បន្ទាប់មករូបនាងត្រូវឪពុកចុងដដែលនេះចាប់រំលោភបានសម្រេចចំនួន២លើក ដែលលើកទី១នៅក្នុងព្រៃចំការ លើកទី២នៅក្នុងផ្ទះដែលម្ចាស់គេទុកចោល ទើបរូបនាងសម្រេចចិត្តដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនឪពុកចុងរូបនេះយកទៅផ្តន្ទាទោសតាមច្បាប់ ហើយរឿងដាក់ពាក្យបណ្តឹងនេះ សូម្បីតែម្តាយរបស់នាងក៏នាងមិនឱ្យដឹងដែរ។
ជនសង្ស័យឈ្មោះថោង វណ្ណៈ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីចុងប្រាកដមែន តែនាងមិនបានខូចខាតផ្លូវភេទទេ ដោយសារខ្លួនចាប់រំលោភមិនបានស៊ីជំរៅឡើយ។ ទោះបីជាបែបណាក៏ដោយ យោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងយោងទៅតាមចម្លើយសារភាពពីជនសង្ស័យជាឪពុកចុងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ហើយត្រូវតុលាការសម្រេចឃុំខ្លួនបុរសនេះដាក់ពន្ធនាគារខេត្តសៀមរាបបណ្តោះអាសន្ន រង់ចាំសវនាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ