ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​សុវត្ថិភាព​មាន​ទីផ្សារ​កាន់តែ​ខ្លាំង ខណៈ​ពលរដ្ឋ​កាន់តែ​ច្រើន​នៃ​គ្រោះថ្នាក់​បន្លែ​មាន​គីមី​ខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​បន្លែ​សុវត្ថិភាព​របស់​ប្រជា​កសិករ​កាន់តែ​មាន​ហាងឆេង​និង​តម្រូវការ​ខ្ពស់ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ផង និង​ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​បន្លែ​សុវត្ថិភាព និង​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​បន្លែ​មាន​សារធាតុ​គីមី ដែល​លក់​លើ​ទីផ្សារ​កម្ពុជា ។ ស្រប​ពេល​តម្រូវការ​ទីផ្សារ​នៃ​បន្លែ​សុវត្ថិភាព​នេះ​កាន់តែ​ច្រើន​នោះ…

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​បន្លែ​សុវត្ថិភាព​របស់​ប្រជា​កសិករ​កាន់តែ​មាន​ហាងឆេង​និង​តម្រូវការ​ខ្ពស់ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ផង និង​ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​បន្លែ​សុវត្ថិភាព និង​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​បន្លែ​មាន​សារធាតុ​គីមី ដែល​លក់​លើ​ទីផ្សារ​កម្ពុជា ។

ស្រប​ពេល​តម្រូវការ​ទីផ្សារ​នៃ​បន្លែ​សុវត្ថិភាព​នេះ​កាន់តែ​ច្រើន​នោះ កសិករ​ក៏​បាន​ពង្រីក​ការ​ដាំ​ដុះ បន្ថែម​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ហើយ​ក៏​ទទួល​បាន​ចំណូល​បន្ថែម​ពីរ​បរ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​នេះ​ដែរ ។

បើ​តាម​អ្នកស្រី សួន សុ​ឃៃ ម្ចាស់​ផ្សារ​កសិផល​ធម្មជាតិ J Green បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​តម្រូវការ​នៃ​បន្លែ​សុវត្ថិភាព នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាន់តែ​មាន​ច្រើន​ឡើង​ៗ ពីព្រោះ​ពលរដ្ឋ​ជា​ច្រើន​ក៏​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​និង​បាន​គាំទ្រ​បន្លែ​សុវត្ថិភាព​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ ក៏​ប៉ុន្តែ​យ៉ាងណា​ក្ដី បន្លែ​សុវត្ថិភាព​ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​បន្លែ នាំ​ចូល​ឬ​បន្លែ​ដែល​ដាំ​ដុះ​ដោយ​ប្រើ​ជីគីមី ។

អ្នកស្រី​បន្ត​ថា ចាប់​តាំង​កម្ពុជា​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ​១៩ ឃើញ​ថា​បន្លែ​សុវត្ថិភាព​របស់​កសិករ​កម្ពុជា ដែល​សហការ​ជាមួយ​ផ្សារ​កសិផល​ធម្មជាតិ J Green ហាក់​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន ដែល​ទាមទារ​អោយ​ផ្សារ​កសិផល​ធម្មជាតិ ត្រូវ​ជំរុញ​អោយ​កសិករ​បង្កើន​ការ​ដាំ​ដុះ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​អោយ​គ្រប់​ទៅ​នឹង​តម្រូវការ ។ អ្នកស្រី បាន​និយាយ​ថា « តាម​ពិត​ទៅ កសិករ​មួយ​ចំនួន​ធំ​កាលពីមុន​មិន​ចេះ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ទេ ក៏​ប៉ុន្តែ​បន្ទាប់​ពី​មាន​ក្រុមការងារ​បច្ចេកទេស​ណែនាំ​អោយ​អនុវត្តន៍​សាកល្បង​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ក៏​ឃើញ​បាន​ផល​ល្អ ប្រសើរ ហើយ​កសិករ​ក៏​ចាប់ផ្ដើម​ងាក​មក​ដាំ​បន្លែ​សុវត្ថិភាព ពីព្រោះ​វា​មាន​ទីផ្សារ​ស្រាប់​ដោយ​មិន​ភ័យ​ព្រួយ​ពី​បញ្ហា​ទីផ្សារ​ទៀត​ឡើយ » ។

លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​នេះ ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ទៀត​ដែល​គិត​ថា បន្លែ​ដែល​ដាំ​ដុះ​តាម​បច្ចេកទេស​ធម្មតា​ឬ​ហៅ​ថា​បន្លែ​សុវត្ថិភាព​នេះ មាន​តម្លៃ​ខ្ពស់​បើ​ធៀប​នឹង​បន្លែ​នៅ​តាម​ផ្សារ​ធម្មតា តែ​តាម​ពិត​ទៅ​បើ​ប្រៀប​គ្នា​ឃើញ​ថា​បន្លែ​សុវត្ថិភាព​ថ្លែង​តិចតួច​ប៉ុណ្ណោះ ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា​គួរតែ​ងាក​មក​ទទួលទាន​បន្លែ​សុវត្ថិភាព ដើម្បី​សុខភាព​ផង និង​ជួយ​គាំទ្រ​ដល់​កសិករ​ក្នុងស្រុក​ផង ។

លោក​ឃុ​ត សុខា ម្ចាស់​កសិដ្ឋាន​ដំណាំ​ប៉េងប៉ោះ​មួយ​កន្លែង​នៅ​ស្រុក​ពួក​ខេត្តសៀមរាប​បានអោយ​ដឹង​ថា ការ​រក​ទីផ្សារ​សម្រាប់​បន្លែ​សុវត្ថិភាព នៅ​ខេត្តសៀមរាប គឺ​មិន​ពិបាក​ទេ ជាក់ស្ដែង​ដំណាំ​ប៉េងប៉ោះ​ដែល​ដាំ​ដុះ​ដោយ​បច្ចេកទេស​សុវត្ថិភាព និង​មិន​ប្រើ​គីមី គឺ​មានការ​ទទួល​ចាំ​ទិញ​ពី​ម្ចាស់​សណ្ឋាគារ ពី​ផ្សារ​ទំនើប និង​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​មូលដ្ឋាន​នោះ​ជា​ច្រើន ។ លោក​បាន​ថា « រៀងរាល់ថ្ងៃ​យើង​បេះ ប៉េងប៉ោះ​ទៅ​អោយ​ដៃគូ​របស់​យើង​ដូច​ជា​សណ្ឋាគារ​ខ្លះ តាម​ផ្សារ​ទំនើប​នានា​ក្នុង​ខេត្តសៀមរាប ហើយ​ក៏​មាន​អ្នក​មក​ទិញ​យក​ទៅ​ហូប​តាម​ផ្ទះ​ជា​ច្រើន​ដែរ ។ និយាយ​រួម​ទៅ​បន្លែ​ដែល​យើង​ដាំ ដោយ​មិន​ប្រើ​គីមី គឺ​មាន​ប៉ុន្មាន​គេ​រង់ចាំ​ទិញ​ទាំងអស់​មិន​ពិបាក​លក់​នោះ​ទេ » ។

លោក​បន្ត​ថា ការ​ដាំ​ដុះ​ដំបូង​ៗ​ពិបាក​បន្តិច​ព្រោះថា​ការ​ដាំ​បន្លែ​សុវត្ថិភាព​មិន​ស្រួល​ដូច​ដាំ​ដាក់​ជីគីមី និង​ប្រើ​ថ្នាំ​គីមី​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​បាន​ផល​គឺ​រង់ចាំ​ប្រមូល​លុយ​ជាក់ស្ដែង​ប៉េងប៉ោះ​មួយ​គីឡូក្រាម​លក់​បោះ​ដុំ​បាន​៥​ដុល្លារ​ឬ​២​ម៉ឺន​រៀល​ក៏​ប៉ុន្តែ​បើ​លក់រាយ​អាច​បាន​៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។

យោង​តាម​របាយការណ៍ និង​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បានអោយ​ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា ក្នុង​រយៈពេល​ថ្មី​ៗ​នេះ មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ ដែល​នឹង​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា មាន​ភាព​ប្រសើរ​ផង​ដែរ ក្នុង​នោះ​កាលពី​ADB ព្យាករណ៍​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ដល់​-៥,៥​ភាគរយ ក៏​ប៉ុន្តែ​ថ្មី​ៗ​នេះ​ក៏​បាន​ព្យាករណ៍​ឡើង​វិញ​ថា​នឹង​ធ្លាក់​ចុះ​ត្រឹមតែ -៤​ភាគរយ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ