ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​កូ​កាស់​រុស្ស៊ី​ ៖ មេ​ដឹក​នាំ​ឧទ្ទាម​អ៊ិស្លាម​អាច​ត្រូវ​សម្លាប់

15 ឆ្នាំ មុន

ប្រភព​ប៉ូលិស​មូល​ដ្ឋាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៩ មីនា ថា ប្រមុខ​ឧទ្ទាម​អ៊ិស្លាម​នៅតំបន់​កូកាស់​រុស្ស៊ី​​ជន​ជាតិ​ឆេ​ឆេនី​ លោក​ដូ​គូ​ អ៊ូ​ម៉ា​រ៉ូវ អាច​ស្ថិត​ក្នុង​ចំណោម​ពួក​ឧទ្ទាម​​១៧​នាក់​ដែល​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៨ មីនា ក្នុងឱកាស​នៃ​ប្រតិ​បត្តិ​ការ​យោធា​មួយ​នៅ​រដ្ឋ​អ៊ីន​ហ្គូ​ជី​។ យោង​តាម​ព័ត៌​មាន​ទាំង​ឡាយ​ថា បណ្តា​សមា​ជិក​កង​អង្គ​រក្ស​របស់​លោកដូគូ​ អ៊ូ​ម៉ា​រ៉ូវ ត្រូវ​ស្លាប់​ក្នុង​ចំណោម​ពួក​ឧទ្ទាម​។ ប្រការ​នេះ​អាច​ឱ្យ​គេ​សន្មត់​ថា លោក​ដូគូ​ អ៊ូ​ម៉ា​រ៉ូវ ខ្លួន​ឯង​ក៏​ត្រូវ​ស្លាប់​ដែរ​។
វាសនា​របស់​លោក​ដូគូ អ៊ូ​ម៉ា​រ៉ូវ ដែល​ប្រកាស​ខ្លួន​ឯង​ថា ជា​ប្រមុខ​នៃ​អេមី​រ៉ាត​កូ​កាស់​ មួយ​តែង​ជា​កម្ម​វត្ថុ​នៃ​ពាក្យ​ចចាម​អារ៉ាម​នានា​។ ការ​ស្លាប់​របស់​លោក​ត្រូវ​បាន​ប្រកាស​ជាញឹក​ញាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តែ​ដោយ​ពុំ​មាន​ការ​អះ​អាង​របស់​ប្រភព​ផ្លូវ​ការ​ឡើយ​។
ក្នុង​សារ​វីដេ​អូ​លើក​ចុង​ក្រោយ​របស់​លោក​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​កន្លងមក​នេះ​តាម​អ៊ីន​ធើរ​ណេត​អ៊ិ​ស្លាម​ លោក​ដូ​គូ​ អ៊ូ​ម៉ា​រ៉ូវ បាន​ផ្តល់​ការ​គាំទ្រ​របស់​លោក​ចំពោះ​ចលនា​បះ​បោរ​ទាំង​ឡាយ​ក្នុង​ពិភព​អារ៉ាប់​។
អាជ្ញា​ធរ​រុស្ស៊ី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ មីនា កន្លង​មក​នេះ​ពី​ការ​កំទេច​មូល​ដ្ឋាន​មួយ​របស់​ពួក​ឧទ្ទាម​នៅ​អ៊ីន​ហ្គូ​ជី​ ក្រោយ​​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ប្រតិ​បត្តិ​ការ​តាម​ជើង​គោក​មួយ​មក​ ៕