ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​ប្រកាស​​លាលែង​ បើ​ធ្វើ​រឿង​១​ជូន​ជាតិ​មិន​​បាន


រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​រក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​​៣២​ ឆ្នាំ​២០២៣​ ជូន​ជាតិ​មិន​បាន​ទេ លោក​សុខចិត្ត​ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង ។ លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​អាណត្តិ​​ទី​២​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០២០ ក្រោម​​វត្តមាន​របស់​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​មន្ត្រី​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​ជា​ច្រើន​រូប​ទៀត​។

លោកនាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា បាន​មាន​ប្រសាសន៍​ថា ការងារ​កីឡា​គឺជា​ការងារ​ដែល​យើង​ទាំងអស់​គ្នា​ស្រឡាញ់​ចូល​ចិត្ត​មិន​មាន​អ្នក​ចាប់បង្ខំ​នោះ​ទេ គឺ​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា​ដោយ​លះបង់​ទាំង​ពេលវេលា កម្លាំង​កាយ​ចិត្ត​ព្រមទាំង​ធនធាន​ផង​ដែរ ។ ជា​គោលការណ៍​យើង​មិនមែន​មក​ធ្វើ​ដើម្បី​ប្រាក់​ចំណេញ​ឬ​ដើម្បី​មុខមាត់​នោះ​ទេ តែ​បើសិនជា​យើង​ទាំងអស់​គ្នា​ធ្វើ​វា​ដើម្បី​ប្រាក់​ចំណេញ​គឺ​មិន​រីក​ចម្រើន​នោះ​ទេ ។

លោក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ផ្ទៃក្នុង​ផង​ដែរ​គឺ​ត្រូវ​រួមចិត្តរួមគំនិត​គ្នា​ធ្វើការ ជា​ពិសេស​គណៈកម្មការ​ចំនួន​៣​ដែល​ទើបតែ​អនុម័ត​ទទួលស្គាល់​នៅ​ក្នុង​ពេល​នេះ​តែ​ម្ដង លោក​មិន​ចង់​ឃើញ​នូវ​ភាព​អសកម្ម​ណាមួយ​នោះ​ទេ កុំឱ្យ​គេ​ថា​មាន​តែ​មុខតែ​មិន​មាន​សាច់​ការណ៍​នោះ ។

លោក​បាន​ព្រមាន​ទុកជា​មុន​ថា លោក​នឹង​ដក​ចេញ​ភ្លាម​ៗ​តែ​ម្ដង​ហើយ​រក​អ្នក​ដែល​មាន​សមត្ថ​ភាព​ដាក់​ជំនួស​វិញ សូ​ម្បី​តែ​គ្រូបង្វឹក​ក៏​ដូច​គ្នា​ដែរ ។ ចំណែក​រូប​លោក​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​ពេល​នេះ​កំពុង​តែ​នៅ​ពាក់កណ្ដាល​ផ្លូវ ចង់​ដើរ​ចេញ​ក៏​មិនកើត លោក​បាន​សន្យា​ថា នឹង​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ ។ សព្វ​ថ្ងៃនេះ​មាន​គេ​ចាំ​ជួយ​ច្រើន​ណាស់​សុទ្ធតែ​អ្នកមាន​លុយ​គ្រាក់​ៗ​តែ​ម្ដង​។

ប៉ុន្តែ​ឱ្យ​គេ​ជួយ​យ៉ាងម៉េច​បើ​សហព័ន្ធ​មិន​មាន​សកម្មភាព​អ្វី​ឱ្យ​លេចធ្លោ​ផង​ហ្នឹង ។ លោក​បញ្ជាក់​ថា វិស័យ​កីឡា​បាញ់កាំភ្លើង​គឺ​មាន​លក្ខណៈ​ពិសេស​ជាង​កីឡា​ដទៃ​គឺ​ត្រូវ​តែ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ គោរព​ច្បាប់ គោរព​បទបញ្ជា​សុវត្ថិភាព​ខ្ពស់​ដើម្បី​ជៀសវាង​កុំឱ្យ​មាន​បញ្ហា​។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ចំនួន​៣​ឡើង​នា​ពេល​នេះ ដើម្បី​ជួយ​ទៅ​ដល់​សហព័ន្ធ ហើយ​គណៈកម្មការ​នេះ​ទៀត​ត្រូវ​ទទួល​ការងារ​ច្រើន​។ ព្រោះ​អី​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​កីឡា​ស៊ី​ហ្គេ​ម​ត្រៀម​ដាក់​ចូល​ក្នុង​កម្មវិធី​ប្រកួត​ជា​ផ្លូវការ​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​កីឡា​ត្រៀម​បម្រុង​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

លោក​ថា ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក៏​ដូច​ជា​គណៈ​កម្មាធិការ​ជាតិ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លោក​ឯកភាព​ទាំងស្រុង​ក្នុង​ការ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ទាំង​៣​នេះ​ឡើង​។​ប៉ុន្តែ​លោក​​សំណូមពរ​ដល់​គណៈកម្មការ​ទាំង​៣​នេះ​សូម​ធ្វើ​កិច្ចការ​ឱ្យ​ស្របគ្នា​ទៅ​នឹង​និន្នាការ​គោល​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម ដែល​បាន​ដាក់​ចេញពីរ​ចំណុច ។ ចំណុច​ទី​១​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ស៊ី​ហ្គេ​ម​ជា​ក្រុម ។ បាន​ន័យ​ថា ត្រូវ​ប្រមែប្រមូល​ឱ្យ​បានជា​ក្រុម​ជម្រើសជាតិ​ដែល​មាន​សមត្ថភាព​ខ្ពស់ ជា​ពិសេស​គ្រូ​ក៏​ដូច​គ្នា​ត្រូវ​មានគុណ​វុ​ឌ្ឍ​ខ្ពស់ មានបទពិសោធន៍​យូរ​ឆ្នាំ​ដែល​អន្តរជាតិ​ទទួលស្គាល់ ដើម្បី​បង្វឹក​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ព្រោះ​អី​នៅ​ឆ្នាំ​ក្រោយ​CAMSOC​មាន​ថវិការ​ជួយ​បន្ថែម​ដល់​គ្រូ​បរទេស​ចាប់ពី​៣​ពាន់​ទៅ​ដល់​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។

ដូច្នេះ​គណៈកម្មការ​ទាំង​៣​ហ្នឹង​ត្រូវ​ទ្រទ្រង់​ក្រុម​មួយ​ហ្នឹង​សំខាន់​ជាងគេ​ឱ្យ​ក្លាយជា​ក្រុម
Shoothing SEA Games 32th 2023 ហើយ​ត្រូវ​បង្កើត​ឱ្យ​បាន​ឆាប់​បំផុត​យ៉ាង​យូរ​នៅ​ដើមឆ្នាំ​២០២១ ។ ចំណុច​ទី​២​គឺ​ការងារ​រដ្ឋបាល​នៅ​មាន​ចំណុចខ្សោយ​ក្នុង​ការ​ទំនាក់ទំនង​ក្រៅប្រទេស និង​កិច្ចការ​ប្រជុំ​នៅ​ក្នុង​សហព័ន្ធ ដោយសារ​តែ​បន្តិចទៀត​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​ដាក់​កំហិត​ឱ្យ​មាន​របប​ប្រជុំ​រៀង​រាល់​៣​ខែ​ម្ដង​ដែល​ដឹកនាំ​ដោយ​ប្រធាន​សហព័ន្ធ​។ ដោយសារ​តែ​សព្វ​ថ្ងៃនេះ​មិនសូវ​មាន​កិច្ចប្រជុំ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ការងារ​មានការ​ឆក​ល្វែង ។

គួរ​រំលឹក​ផង​ដែរ​ថា សមាជិក​ប្រតិបត្តិ​សហ​ព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​អាណត្តិ​ទី​២ ឆ្នាំ​២០២០​នេះ​មាន​សមាជិក​ចំនួន​១៩​រូប ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា និង​អនុប្រធាន​ចំនួន​៥​រូប​ទៀត​រួម​មានៈ​លោក​ឧត្តមសេនីយ៍​ចាប ភក្ដី លោក​វ៉ា​ត់ ចំរើន លោក​ឧត្តម​សេនីយ៍​ធា​ម ប៊ុ​ន​ហេង លោក​សុខ ខេ​ម​រិ​ន និង​លោកស្រី​ឧត្តមសេនីយ៍ ស៊ុំ សុខា​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ