ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ផ្អកត្រីប្រៃ​នៅ​ឃុំ​ស្នឹង​ ចាប់​ផ្ដើម​មមារញឹក​ក្រោយ​រដូវ​ភ្ជុំបិណ្ឌ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អ្នក​ភូមិ​ច្រើន​នាក់ ដែល​មាន​ជំនាញ​ធ្វើ​ផ្អកត្រីប្រៃ​ដ៏​ល្បីល្បាញ​បន្ត​ច្រើន​ជំនាន់​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ ជា​ពិសេស​ អ្នក​រស់នៅ​ភូមិ​គរ និង​ភូមិ​សំរោង ដែល​​ជាទី​ប្រភព​នៃ​ប្រវត្តិ​ធ្វើ​ផ្អកត្រីប្រៃ ពេល​នេះ…

ខេត្តបាត់ដំបង​ ៖ អ្នក​ភូមិ​ច្រើន​នាក់ ដែល​មាន​ជំនាញ​ធ្វើ​ផ្អកត្រីប្រៃ​ដ៏​ល្បីល្បាញ​បន្ត​ច្រើន​ជំនាន់​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ ជា​ពិសេស​ អ្នក​រស់នៅ​ភូមិ​គរ និង​ភូមិ​សំរោង ដែល​​ជាទី​ប្រភព​នៃ​ប្រវត្តិ​ធ្វើ​ផ្អកត្រីប្រៃ ពេល​នេះ ​ពួក​គេ​បាន​និង​កំពុង​មមារញឹក​យ៉ាង​ខ្លាំង ក្នុង​ការ​ប្រើ​ឧ​បករ​ណ៍​«​សាប​»​ដាក់​យក​កូន​ត្រី ខណៈ​ជំនន់​ទឹកភ្លៀង​កំពុង​កើតឡើង ដែល​ជា​ឱ​កាស​មាសប្រាក់ ​សម្រាប់​អ្នក​ភូមិ​ដែល​មានមុខ​របរ​ធ្វើ​ត្រី​ប្រៃ ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​ទៅ​ជិត​មួ​យស​ប្ដា​ហ៍កន្លង​ទៅ​នេះ​។

ចាប់តាំងពី​ថ្ងៃ​ទី​២០ កញ្ញា រហូត​មក​ដល់​ពេល​នេះ ( ក្រោយ​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ) គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ​រស់នៅ​ភូមិ​គរ និង​ភូមិ​សំរោង ឃុំ​ស្នឹង បាន​នាំ​គ្នា​យ៉ាង​ប្រ​សេក​ប្រសាច ដោយ​ម្នាក់​ៗ​បាន​ភ្ជាប់​ជាមួយ​នូវ​ឧ​បករ​ណ៍​នេសាទ​ម្យ៉ាង​បែប​ប្រពៃណី ដែល​អ្នក​ភូមិ​ហៅ​ថា «​សាប​» បាន​នាំ​គ្នា​យក​ទៅ​ដាក់​ពង្រាយ​តាម​រង្វាស់​ដែល​មាន​ទឹកជំនន់​នៅ​តាម​វាលស្រែ ដើម្បី​ប្រមូល​កូន​ត្រី​យក​ទៅ​ធ្វើ​ផ្អកត្រីប្រៃ ដែល​ម្នាក់​ៗ​ប្រមូល​បាន​យ៉ាងតិច​ចន្លោះ​ពី​១០ ​ទៅ​២០​គ​.​ក​ក្នុង​មួយ​ថ្ងៃ​។

អ្នក​ភូមិ​បាន​និយាយ​ថា ក្រោយ​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​ ជំនន់​ទឹកភ្លៀង​ក៏​បាន​បែក​រាជ​តាម​វាលស្រែ ដែល​ជា​រដូវ​កាល​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់ឧ​បករ​ណ៍​ដាក់​យក​កូន​ត្រី ដើម្បី​ធ្វើ​«​ផ្អកត្រីប្រៃ​»​។ នេះ​គឺជា​មុខរបរ​បែប​ប្រពៃណី​បន្ត​ច្រើន​ជំនាន់​របស់​អ្នក​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ស្នឹង​ ។ អ្នក​ភូមិ​សំរោង​ម្នាក់​ដែល​កំពុង​កាន់​កញ្ច្រែង​លាង​កូន​ត្រី​បណ្ដើរ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​បណ្ដើរ​ថា​« រយៈពេល​២​ទៅ​៣​ថ្ងៃ​ហើយ ដែល​អ្នក​ភូមិ​បាន​នាំ​គ្នា​ដាក់​សាប​យក​កូន​ត្រី ធ្វើ​ផ្អកត្រីប្រៃ​។ ពេល​នេះ​កូន​ត្រី​កំពុង​ដាក់​ត្រូវ​សម្បើម​ណាស់​»​។

ដោយឡែក​ អ្នក​ភូមិ​ដទៃ​ទៀត ដែល​កំពុង​មមារញឹក​នឹង​ការ​លាង​កូន​ត្រី​នេះ ​នៅ​កន្លែង​រក​​ត្រី​ដែរ បាន​ប្រាប់​ថា ២​ទៅ​៣​ថ្ងៃ​កន្លង​ទៅ​នេះ ជំនន់​ទឹកភ្លៀង​បាន​បែក​ខ្លាំង​តាម​វាល​ស្រែ ជា​ហេតុ​នាំ​ឲ្យ​សំបូរ​កូន​ត្រី​។ គាត់​និយាយ​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​ដាក់​«​សាប​»​ត្រូវ​ខ្លាំង​ណាស់ ម្នាក់​ៗ​ប្រមូល​បាន​យ៉ាងតិច​ចន្លោះ​ពី​១០​ ទៅ​២០​គ​.​ក ក្នុង​មួយ​ថ្ងៃ​ៗ​។ ប៉ុន្តែ​មិន​ទៀងទាត់​ទេ ព្រោះ​កូន​ត្រី​ឡើង​មួយ​ឆាវ​ៗ ក៏​ស្ងប់​ទៅ​វិញ​។ ដូច្នេះ​ហើយ ​ទើប​អ្នក​ភូមិ​នាំ​គ្នា​សម្រុក​ដាក់​សាប​ខ្លាំង​ណាស់​។ ព្រោះ​ជា​រដូវ​កាលដែល​អ្នក​ភូមិ​ត្រូវ​មមាញឹករ​កកូន​ត្រី​ធ្វើ​ផ្អកត្រីប្រៃ តាម​ទម្លាប់​។

ជា​ទម្លាប់​អ្នក​ធ្វើ​ត្រី​ប្រៃ​តែង​ប្រើ​ឧ​បករ​ណ៍​នេសាទ​បែប​ប្រពៃណី​ហៅ​ថា «​សាប​» នេះ​ ដាក់​ប្រមូល​យក​កូន​ត្រី ធ្វើ​«​ផ្អកត្រីប្រៃ​»​នេះ ដោយ​ចាប់ផ្ដើម​តាំងពី​អំឡុង​ដើមខែ​កញ្ញា​រហូត​មក​ ។ ពោល ​គឺ​ចាប់ផ្ដើម​ប្រហែល​កន្លះ​ខែ មុន​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ដែល​និយម​ធ្វើ​ត្រី​ប្រៃ​នៅ​ក្នុង​ឃុំ​ស្នឹង ដែល​ជា​មុខរបរ​ត​ត្រកូល​បែប​ប្រពៃណី​ច្រើន​ជំនាន់​កន្លង​មកនេះ​។ ប៉ុន្តែ​ដោយសារ​តែ​ដើមរដូវ​វស្សា​នា​ឆ្នាំ​នេះ​គ្មាន​ភ្លៀង​​ធ្លាក់ ទើប​អ្នក​ភូមិ​ត្រូវ​ខកខាន​ក្នុង​ការ​រក​កូន​ត្រី​ធ្វើ​ត្រី​ប្រៃ​ ។ លុះ​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ មាន​ជំនន់​ទឹកភ្លៀង​បែក​តាម​វាលស្រែ សំបូរ​កូន​ត្រី​ឡើង​ខ្លាំង ទើប​អ្នក​ភូមិ​នាំ​គ្នា​ស្ទុះស្ទារ​យក​«​សាប​»​ទៅ​ដាក់​ព្រោងព្រាត​។

«​ផ្អកត្រីប្រៃ ​ឬ​ត្រី​ប្រៃ​» ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ស្នឹង បាន​ធ្វើ​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​មាន​ប្រវត្តិ​រាប់​សិប​ឆ្នាំ​និង​ច្រើន​ជំនាន់​ណាស់​មក​ហើយ ដែល​គេ​អាច​និយាយ​បាន​ថា ជា​«​មុខរបរ​បែប​ប្រពៃណី និង ជា​កេ​រ្តិ៍ដំណែល​ដែល​បន្សល់​ទុក​ពី​ចាស់​ៗ​ជំនាន់​មុន​របស់​អ្នក​ឃុំ​ស្នឹង​»​។ បើ​តាម​អ្នក​ភូមិ​ខ្លះ​បាន​និយាយ​ថា កាលពីដើម អ្នក​​ភូមិ​ធ្វើ​ត្រី​ប្រៃ​នេះ គឺ​សម្រាប់​តែ​ទុក​ទ​ទូល​ទាន​នៅ​ក្នុង​គ្រួសារ ឬ ចែករំលែក​ខ្លះ​ៗ​ទៅ​ឲ្យ​អ្នក​ក្បែ​ខាង​សម្រាប់​ទ​ទូល​ទាន​តែ​ប៉ុណ្ណោះ មិន​លក់ដូរ​ទេ​។ ប៉ុន្តែ​ទើបតែ​សម័យនេះ​ទេ ដែល​អ្នក​ភូមិ​ទូទៅ​នាំ​គ្នា​ធ្វើ​ត្រី​ប្រៃ លក់ដូរ​ច្រើន​ជាង​ទុក​ទ​ទូល​ទាន​ខ្លួនឯង​។

អ្នក​ផលិត​«​ផ្អកត្រីប្រៃ​ឬ​ត្រី​ប្រៃ​»​បច្ចុប្បន្ន​នេះ ហាក់​មិន​បាន​ចាំ​ជាក់លាក់​អំពី​ប្រវត្តិ នៃ​ការ​ចាប់ផ្ដើម​ទេ​។ អ្នក​ភូមិ​ខ្លះ​ដែល​ដឹង​ប្រវត្តិ​ព្រាវ​ៗ​បាន​និយាយ​ថា «​ត្រី​ប្រៃ​ស្នឹង​»​បាន​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​ចុង​ទស​វត្ស​ឆ្នាំ​៦០ ឬ នៅ​ដើម​ទស​វត្ស​ឆ្នាំ​៧០​។ ប៉ុន្តែ​«​ត្រី​ប្រៃ​ស្នឹង​»​នេះ ហាក់​មាន​ភាព​ល្បីល្បាញ​សុះសាយ​ខ្លាំង​បំផុត នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពេល​ដែល​អ្នកនិពន្ធ​នា​សម័យ​នោះ បាន​ចងក្រង​ជា​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​«​បាត់ដំបង​មាន​អ្វី​ឆ្ងាញ់​ទេ​»​ដែល​បកស្រាយ​អធិរាជ​សម្លេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត និង អ្នកស្រី រស់ សេរី​សុទ្ធា​។

ដោយសារ​តែ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​នេះ​ បាន​ពិ​ព័រណ៌នាត្រង់​ឃ្លោងឃ្លា​ខ្លះ ​អំពី​រស​ជាតិ​នៃ​ត្រី​ប្រៃ​ស្នឹង ​ស្ទើរ​ស្រក់ទឹកមាត់ គូប​ផ្សំ​នឹង​ទឹកដមនៃ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​កប់​ជ្រៅ​ក្នុង​បេះដូង​របស់​អធិរាជ​សម្លេង​មាស​ផង ទើប​ធ្វើ​ឲ្យ​«​ត្រី​ប្រៃ​ស្នឹង​»​នេះ ​នៅ​តែ​មានឈ្មោះ​បោះ​សម្លេង​ក្នុង​ប្រវត្តិសាស្ត្រ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ តាម​រយៈ នៃ​បទ​ចម្រៀង​នេះ ច្បាស់​ណាស់ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស ប្រាកដជា​ស្រក់ទឹកមាត់​ឃ្លាន​ «​ត្រី​ប្រៃ​ស្នឹង​» ​ភ្លាម នៅ​ពេល​ពួក​គេ​បាន​ស្ដាប់​បទ «​បាត់​ដំបង​មាន​អ្វី​ឆ្ងាញ់​ទេ​» ជា​ពិសេស​ ត្រង់​ឃ្លា «​ត្រី​ប្រៃ​ផ្ទាប់​អំពិល​ខ្ចី​»​តែ​ម្ដង​។

យើង​ក្រ​ឡេក​មក​មើល​អ្នក​ភូមិ​ស្នឹង ដែល​កំពុង​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ប្រមូល​កូន​ត្រី យក​មក​ធ្វើ​ត្រី​ប្រៃ​ឯណេះ​វិញ គឺ​ពួក​គេ​ហាក់​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ នៅ​តាម​វាលស្រែ ឬ នៅ​តាម​ដងព្រែក​នានា​។ ព្រោះ​នេះ ​ជា​រដូវ​កាល ឬជា​ឱកាស​ដែល​ពួក​គេ​រក​ចំណូល​បាន​គួរ​សម​ពីមុខ​របរ​ធ្វើ​ត្រី​ប្រៃ​នេះ ​។ អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ថា ពេលវេលា​នៃ​ការ​រក​កូន​ត្រី​ធ្វើ​ត្រី​ប្រៃ​លក់​នេះ មាន​រយៈពេល​ខ្លី​ណាស់ ដូច្នេះ ​អ្នក​ភូមិ​ត្រូវ​តែ​មមារញឹក​បន្តិច បើ​មិន​
អ​ញ្ចឹ​ង​​ទេ​ហូ​ស​ពេល​ហើយ ​។

បើ​និយាយ​អំពី​តំលៃ​ទីផ្សារ​ត្រី​ប្រៃ​វិញ អ្នក​ផលិត​ផ្ទាល់​បាន​និយាយ​ថា ការ​ចាប់ផ្ដើម​ដំបូង​បែប​នេះ ត្រី​ប្រៃ​អាច​លក់​បាន​ក្នុង​តំលៃ​១៥,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ នេះ​ជា​តំលៃ​ខ្ពស់​គួរសម តែ​អាច​ថយ​ចុះ​តំលៃ​បន្តិច​វិញ នៅ​ពេល​ត្រី​ប្រៃ​សំបូរ​ ។ ត្រី​ប្រៃ​ដែល​ផលិត​បាន​ភាគច្រើន​ ត្រូវ​ឈ្មួញកណ្ដាល​ប្រមូល​ទិញ​យក​ទាំងអស់​មិន​សេស​សស់​ទេ​។ ដោយ ឡែក​ ឈ្មួញកណ្ដាល​វិញបាន​និយាយ​ថា ពេល​ត្រី​ប្រៃ​ចាប់ផ្ដើម​មាន​ដំបូង​បែប​នេះ គឺ​លក់​បាន​ថ្លៃ​គួរសម ហើយ​អតិថិជន​ភាគច្រើន ​មក​ពី​តាម​បណ្ដា​ខេត្ត-រាជធានី​។

ពួក​គេ​តែង​ឈប់​រថយន្ត​សួរនាំ​រក​ទិញ​«​ត្រី​ប្រៃ​ស្នឹង​»​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​ត្រី​ប្រៃ​នេះ​។ ជា​ពិសេស​ នៅ​ពេល​មាន​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ធំ​ៗ ឬថ្ងៃ​ឈប់​សម្រាក​ដែល​ពួក​គេ​ធ្វើ​ដំណើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ តែ​ជា​រឿយ​ៗ​ក៏​មាន​អតិថិជន​កុម្ម​ង់​ទិញ​តាម​ទូរស័ព្ទ​មិនសូវ​សល់​ពេល​ដែរ​ ៕

អត្ថបទសរសេរ ដោយ