ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែងរក​សព​ស្ត្រី​ម្នាក់​ត្រូវ​ជំនន់​ទឹកភ្លៀង​អូស​តាម​ទឹក ខណៈ​កំពុង​ឆ្លង​ព្រំដែន​មក​​កម្ពុជា

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត និង​ក្រុមការងារ…

ខេត្ត​ប៉ៃលិន​៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត និង​ក្រុមការងារ ចុះ​ពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ និង​ដឹកនាំ​កងកម្លាំង​ចម្រុះ​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​បន្ត​ស្វែងរក​សព​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ជំនន់​ទឹក​ភ្លៀង​ហូរ​អូស​យក​ទៅ​តាម​ទឹក ខណៈ​ពេល​រូប​គាត់ (​ស្ត្រី​រង​គ្រោះ​) និង​ពលករ​ខ្មែរ​ដទៃ​ទៀត​កំពុង​តែ​ព្យាយាម​ឆ្លង​អូរ​ព្រំដែន​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ ហើយ​រហូត​មក​ដល់​ពេល​នេះ សាកសព​ស្ត្រី​រង​គ្រោះ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​កម្លាំង​ចម្រុះ​ទាំងអស់ ត្រូវ​សហការ​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ និង​ភាគី​ថៃ ដើម្បី​ធ្វើការ​រុករក​សព​ស្ត្រី​រង​គ្រោះ​នៅ​តាម​បណ្តោយ​អូរ​ព្រំដែន​ឱ្យ​ឃើញ ដើម្បី​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​វិញ​។

លោក​អភិបាលខេត្ត បាន​លើក​ឡើង​ថា ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​តំបន់​ភ្នំ​ផ្នែក​ខាងលើ ដែល​បណ្តាល​ទឹកស្ទឹង​ប៉ៃលិន និង​តាម​អូរ​នានា​ក្នុង​ខេត្ត មាន​សភាព​ឡើង​ខុស​ប្រក្រតី​បង្ក​ទៅ​ជា​ជំនន់​ទឹកភ្លៀង ដូច្នេះ​បងប្អូន​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ប៉ៃលិន និង​អូរ​នានា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ។ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ត្រូវ​សហការ​ជា​មួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​សិក្សា​រក​ទីតាំង​រំដោះ​ទឹក​ចេញ បើសិនជា​ជំនន់​ទឹកភ្លៀង​មាន​ស្ថានភាព​មិនល្អ ព្រមទាំង​ធ្វើការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ នៅ​ត្រង់​ចំណុច​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឈម​នឹង​ស្រុក​ពោ​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ចំនួន​០៣​នាក់ ត្រូវជា​ម្តាយ ឪពុក កូន​នឹង​គ្នា ។

សូម​រំលឹក​ទៀត​ថា ក្នុង​នោះ​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត និង​បាត់​ខ្លួន​នោះ​មានឈ្មោះ សេង ស្រី​ម៉ៅ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយមាស ឃុំ​កណ្តុរ​ជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ចំណែក​ប្តី​ឈ្មោះ ឆោ ឆេ​ង អាយុ​៤១​ឆ្នាំ និង​កូនស្រី​ឈ្មោះ ឆេ​ង ដា​ណេ​ត អាយុ​១៥​ឆ្នាំ បាន​លួច​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​កម្ពុជា​វិញ តាម​ច្រក​ធម្មជាតិ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ​ស្ថាន​ភាព​ទឹក​កំពុង​ឡើង​ខ្លាំង ដោយសារ​តែ​ជំនន់​ទឹកភ្លៀង ក៏​ស្រាប់តែ​អូស​ស្ត្រី​រង​គ្រោះ​ហូរ​ទៅ​តាម​ទឹក​បាត់​តែ​ម្តង​ទៅ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​រក​សព​ជន​រង​គ្រោះ​មិន​ទាន់​ឃើញ​នៅ​ឡើង​ទេ ដោយសារ​ស្ថានភាព​អូរ​នៅ​ព្រំដែន​មានព្រៃ​ច្រើន និង​សម្បូរ​ទៅ​ដោយ​គ្រាប់​មីន​ទៀត​ផង ទើប​ធ្វើ​ឱ្យ​ក្រុមការងារ និង​កងកម្លាំង​ចម្រុះ​ពិបាក​ក្នុង​ការ​រុករក​សព​ជន​រង​គ្រោះ​។

សូម​រំលឹក​បន្ត​ទៀត​ថា ៖ ពលករ​ជាង​១០​នាក់​មក​ស្រុក​វិញ​ឆ្លង​ទឹកអូរ​កំពុង​ហូរ​ខ្លាំង បាត់​ខ្លួនម្នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ