ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​មួយ​សម្រេច​ប្តូរ​ឈ្មោះ​សាលា​យុវជន​ខ្លួន យក​តាម​ឈ្មោះ Cristiano Ronaldo

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្លិប​បាល់ទាត់ Sporting CP នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ បាន​សម្រេច​ប្តូរ​ឈ្មោះ​សាលា​យុវជន​ថ្នាល់​របស់​ពួក​គេ​ជា​ផ្លូវការ​ពី «Sporting CP’s Academy»…

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្លិប​បាល់ទាត់ Sporting CP នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ បាន​សម្រេច​ប្តូរ​ឈ្មោះ​សាលា​យុវជន​ថ្នាល់​របស់​ពួក​គេ​ជា​ផ្លូវការ​ពី «Sporting CP’s Academy» ទៅ​ជា «Academia Cristiano Ronaldo»​។

ការ​សម្រេច​ប្តូរ​ឈ្មោះ​បែប​នេះ គឺ​ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស​សម្រាប់​ភាព​ល្បីល្បាញ​បំផុត​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​បំផុត​នៅ​លើ​ពិភពលោក ដែល​ធ្លាប់​​លេង​ឱ្យ​ក្លិប Manchester United, Real Madrid និង​បច្ចុប្បន្ន​កំពុង​បន្ត​អាជីព​ជាមួយក្លិប​សេះបង្កង់ Juventus នៅប្រទេស​អ៊ី​តា​លី​។

សូម​រំលឹក​ជូន​ថា Cristiano Ronaldo បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​យុវជន​ថ្នាល់​របស់ Sporting CP នៅ​ក្នុង​ឆ្នាំ ១៩៩៧ មុន​ពេល​ក្លាយជា​កីឡាករ​អាជីព​របស់​ក្លិប​នេះ ជាមួយ​ក្រុម​ឈុត​ធំ​នៅ​ក្នុង​ឆ្នាំ ២០០២ និងបាន​សម្រេចការ​ផ្ទេរ​ទៅចូលរួមជាមួយ Manchester United នៅ​ក្នុង​ឆ្នាំ ២០០៣ និង Real Madrid នៅ​ក្នុង​ឆ្នាំ ២០០៩ មុន​ផ្លាស់​មក​កាន់ Juventus នៅ​ក្នុង​ឆ្នាំ ២០១៨ រហូត​មកទល់​ពេល​បច្ចុប្បន្ន​។

ក្នុង​អាជីព​របស់​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៣៥​ឆ្នាំ​រូប​នេះ រូបគេបាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​រាប់​មិន​អស់ទាំងផ្ទាល់ខ្លួន, ​ជាមួយ​ក្លិប និង​​ក្រុម​ជម្រើសជាតិ ដោយ​ក្នុង​រួម​មាន​ពានរង្វាន់​កំពូល​ៗ​ដូច​ជា ៖ Euro, Nations League, Premier League, La Liga, Serie A និង Champions League ផង​ដែរ​។

Cristiano Ronaldo បច្ចុប្បន្ន​គឺជា​កីឡាករ​អឺរ៉ុប​តែ​ម្នាក់​គត់លើលោក ដែល​អាច​ស៊ុត​បញ្ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ដល់ ១០០​គ្រាប់ ពោល​គឺ​ចំនួន ១០១​គ្រាប់ និង​ជា​កីឡាករ​ទី​២ នៅ​លើ​ពិភពលោក ដែល​ឈ្នះ​ពានរង្វាន់ FIFA Ballon d’Or ចំនួន ៥​លើក ខណៈ​ដែល​កីឡាករ Lionel Messi ឈ្នះ ៦​លើក​៕ (ប្រភព​ពី Sporting CP)