ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្ដាយ ឬអាណាព្យាបាលខ្លះ កំពុងមានមោទនភាពជ្រុលនិយម ក្នុងការជំរុញកូនឱ្យរៀនផ្លោះថ្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ ឪពុកម្ដាយឬអ្នកអាណាព្យាបាលសិស្ស មួយចំនួនកំពុងមានមោទនភាពជ្រុលនិយមនឹងរឿងជំរុញឱ្យកូនរបស់ខ្លួនរៀនផ្លោះថ្នាក់ ។ ជួនកាលកូនកំពុងរៀនថ្នាក់ទី១០ ស្រាប់តែពួកគាត់ឱ្យកូនផ្លោះទៅរៀនថ្នាក់ទី១២ នេះជាការលើកឡើងរបស់លោក លោកឧកញ៉ាវេជ្ជបណ្ឌិត…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ ឪពុកម្ដាយឬអ្នកអាណាព្យាបាលសិស្ស មួយចំនួនកំពុងមានមោទនភាពជ្រុលនិយមនឹងរឿងជំរុញឱ្យកូនរបស់ខ្លួនរៀនផ្លោះថ្នាក់ ។ ជួនកាលកូនកំពុងរៀនថ្នាក់ទី១០ ស្រាប់តែពួកគាត់ឱ្យកូនផ្លោះទៅរៀនថ្នាក់ទី១២ នេះជាការលើកឡើងរបស់លោក លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នាថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education បានបន្តថា «ខ្ញុំហ៊ាននិយាយថា ទោះបីជាកូនពួកគាត់រៀនពូកែក៏ដោយ នៅពេលពួកគេរៀនផ្លោះថ្នាក់បែបនេះ ប្រាកដជាប៉ះពាល់ដល់ការសិក្សាមិនខានទេ ដ្បិតអីការរៀនផ្លោះថ្នាក់នៅស្រុកខ្មែរយើងខុសពីការរៀនផ្លោះថ្នាក់នៅស្រុកគេ។ ខ្ញុំជឿថា ឪពុកម្ដាយមួយចំនួនជំរុញឱ្យកូនរៀនផ្លោះថ្នាក់ គឺដើម្បីឱ្យកូនរៀនឆាប់ចប់តែប៉ុណ្ណោះ»។

លោកឧកញ៉ាវេជ្ជបណ្ឌិតបានថ្លែងបន្តថា បើជំរុញកូនឱ្យរៀនផ្លោះថ្នាក់ដើម្បីរៀនឆាប់ចប់បែបនេះ តើកូនលោកអ្នកមានចំណេះដឹងទូលំទូលាយក្នុងខ្លួនឬអត់? តើអាយុរបស់ពួកគេត្រឹមត្រូវតាមច្បាប់ក្រសួងអប់រំកំណត់ដែរឬទេ? តើការគិត វិភាគ ត្រិះរិះ ពិចារណា និងការថ្លឹងថ្លែងរបស់ពួកគេមានភាពចាស់ទុំឬអត់? គឺអត់ទេ! ព្រោះនៅស្រុកខ្មែរយើងបើរៀនផ្លោះថ្នាក់គឺផ្លោះហើយ ពោលសិស្សអត់អានសៀវភៅ ឬស្វ័យសិក្សានូវមុខវិជ្ជាដែលខ្លួនផ្លោះនោះទេ។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា «ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យសិស្សរៀនផ្លោះថ្នាក់នោះបាត់បង់ពេលវេលា រៀនមិនទាន់គេ និងបាក់ទឹកចិត្តលែងចង់រៀនសូត្រក៏មានដែរ។ ថ្ងៃក្រោយ នៅពេលចេញរកស៊ីឬធ្វើការងារអ្វីមួយ ពួកគេពិបាកជោគជ័យខ្លាំងណាស់ វាប្រៀបដូចជាការយកស្វាយខ្ចីទៅបន្ទំអ៊ីចឹង វាពុំទុំល្អឡើយ។ ស្រុកគេសិស្សរៀនផ្លោះថ្នាក់គ្មានការប៉ះពាល់ដល់ការសិក្សារៀនសូត្រឡើយ ព្រោះមុននឹងអនុញ្ញាតឱ្យសិស្សម្នាក់ណារៀនផ្លោះថ្នាក់ គឺគេធ្វើតេស្ដ IQ សិស្សនោះជាមុនសិន»។

បើធ្វើតេស្ដទៅឃើញថាសិស្សនោះឆ្លាត ឬមានទេពកោសល្យពីធម្មជាតិពិតមែន ទើបគេអនុញ្ញាតឱ្យសិស្សនោះរៀនផ្លោះថ្នាក់។ ការរៀនផ្លោះថ្នាក់នៅស្រុកគេមិនដូចស្រុកខ្មែរយើងទេ។ ពោល នៅស្រុកគេដ្បិតថារៀនផ្លោះថ្នាក់ពិតមែន តែគេតម្រូវឱ្យសិស្សអានសៀវភៅកម្រិតថ្នាក់ដែលគេផ្លោះនោះគ្រប់មុខវិជ្ជាទាំងអស់ ពុំមែនរំលងថ្នាក់រំលងសៀវភៅដូចនៅស្រុកខ្មែរយើងទេ។

លោកឧកញ៉ាវេជ្ជបណ្ឌិតបានលើកជាឧទាហរណ៍ថា នៅស្រុកគេនិស្សិតទូទៅរៀនថ្នាក់បរិញ្ញាបត្រ ៤ឆ្នាំ បានចប់ ប៉ុន្តែនិស្សិតដែលរៀនផ្លោះថ្នាក់នោះ គាត់រៀនតែមួយឆ្នាំចប់។ សៀវភៅមួយមុខវិជ្ជា គាត់អានត្រឹមតែ១ម៉ោង ឬ២ម៉ោងចប់ ហើយគាត់អាចយល់ អាចចងចាំ និងអាចចាប់មេរៀនបានទាំងអស់ ជាពិសេសគាត់អាចប្រឡងបាននិទ្ទេសល្អជាងគេទៀតផងដែរ។ ជួនកាលគេមិនមែនផ្លោះថ្នាក់ទៀត ពោលគឺគេផ្លោះតែមុខវិជ្ជាដែលគេរៀនចាប់បានយ៉ាងលឿនតែប៉ុណ្ណោះ។ ម៉្លោះហើយទើបក្មេងស្រុកគេខ្លះអាយុត្រឹម៩ឆ្នាំចូលរៀនដល់មហាវិទ្យាល័យ ហើយអាយុ១៨ឆ្នាំរៀនចប់ក្លាយជាពេទ្យ។ ចុះខ្មែរយើងធ្វើដូចគេចឹងបានទេ? គឺមិនបានទេ ព្រោះយើងមិនទាន់មានអ្វីវាស់ស្ទង់ភាពឆ្លាតវៃរបស់សិស្សនៅឡើយទេ។ យើងមិនអាចគ្រាន់តែឃើញកូនរៀនលេចធ្លោជាងគេបន្តិចហើយគិតថាកូនពូកែ ឆ្លាតវៃ ឬមានទេពកោសល្យពីធម្មជាតិឡើយ។ គឺជួនកាលកូនយើងរៀនលេចធ្លោជាងគេក្នុងថ្នាក់ ដោយសារតែយើងមានលទ្ធភាពឱ្យគេទៅរៀនគួរបន្ថែម បូករួមប្រព័ន្ធអប់រំក្នុងសាលានោះខ្សោយ ហើយកូនយើងរៀនក្នុងចំណោមសិស្សខ្សោយជាងខ្លួនក៏អាចថាបាន។

ក្មេងខ្លះរៀនចេះមុខវិជ្ជាណាមួយច្បាស់ ហើយងប់នឹងរៀនសូត្រពិតមែន ប៉ុន្តែគេមិនមានចំណេះដឹងទូលំទូលាយទេ ព្រោះគេអានសៀវភៅឬឯកសារបានតិចតួចប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើកូនរៀនពូកែ យើងឱ្យគាត់រៀនមុខវិជ្ជានោះតិចម៉ោងបានហើយ ហើយជំរុញឱ្យគាត់យកពេលខ្លះទៅរៀនភាសាអង់គ្លេស ឬមុខវិជ្ជាអ្វីផ្សេង ពិសេសត្រូវជំរុញឱ្យគេអានសៀវភៅ ឬឯកសារឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

លោកឧកញ៉ាវេជ្ជបណ្ឌិត ក៏បានទទូចដូចនេះថា «ខ្ញុំសូមទទូចម្ដងទៀតថា ដោយសារប្រព័ន្ធអប់រំស្រុកខ្មែរយើងមិនទាន់មានស្ដង់ដារអន្តរជាតិ ហើយយើងក៏មិនទាន់មានអ្វីវាស់ស្ទង់សមត្ថភាពសិស្ស ដូច្នេះយើងមិនអាចសន្មតថាកូនយើងរៀនឆ្លាត ឬរៀនពូកែបានឡើយ។ ម្ល៉ោះហើយ ប្រសិនបើយើងចេះតែជំរុញឱ្យកូនរៀនផ្លោះថ្នាក់ វានឹងធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់កូន គឺប៉ះពាល់ទាំងផ្នែកបញ្ញាញាណ ទាំងផ្នែកចំណេះដឹងទូទៅ និងទាំងផ្នែកផ្លូវចិត្តផងដែរ»៕

អត្ថបទសរសេរ ដោយ