ខេត្តកណ្តាល ៖ ជនសង្ស័យមុខសញ្ញាចែកចាយគ្រឿងញៀនពីរនាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល សហការជាមួយនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចាប់ខ្លួន ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក និងសំភារពាក់ព័ន្ធមួយចំនួនផងដែរ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១១ នៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។
ជនសង្ស័យដែលត្រូវប៉ូលិសឃាត់ខ្លួននោះម្នាក់ឈ្មោះសុខ សំបូរ អាយុ២៤ឆ្នាំ មុខរបរចិញ្ចឹមមាន់ មានស្រុកកំណើតភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះសៅ គង់ អាយុ៣៧ឆ្នាំ ជាជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រៅពីមុខរបរចិញ្ចឹមមាន់ និងធ្វើជាងជួសជុលម៉ូតូ ជនទាំងពីរនាក់នោះគឺជាមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មបំផុត ហើយពួកគេរកស៊ីរបរនេះតាំងពីយូរមកហើយ រហូតមកដល់ពេលនេះ ទើបប៉ូលិសស្រាវជ្រាវរកឃើញនិងធ្វើការចាប់ខ្លួនតែម្តង ។
ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចបានឆ្មក់ចូលចាប់ខ្លួនជនទាំងពីរនាក់នោះក្នុងខណៈពេលពួកគេកំពុងលក់ថ្នាំញៀននៅក្នុងផ្ទះ ហើយសមត្ថកិច្ចបានដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់តូចឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃ១គ្រឿង និងលុយបានមកពីការលក់ថ្នាំញៀនចំនួន៤៥ម៉ឺនរៀល ព្រមទាំងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ