ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​ខ្សាច់​ជាប់​ផុង​​ស្ទះ​ចរា​ចរ​ណ៍តាំង​ពី​ព្រលឹម​​ទល់​រសៀល

15 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ រថយន្ត​ដឹក​​ស្រូវ​ ដំឡូង ​សណ្តែក រថយន្ត​ដឹក​អ្នក​ដំណើរ​​ និង​រថយន្ត​​ទេស​ចរណ៍​បាន​ស្ទះ​បន្ត​​កន្ទុយ​គ្នា​​យ៉ាង​វែង នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​១១ ​ស្ថិត​ក្នុ​ងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រៃ​ខ្សាយ «ក» ស្រុក​ពាមរក៍ នា​ព្រឹក​ថ្ងៃទី​៧ មីនា ​។ ​មូល​ហេតុ​​នៃ​​ការ​ស្ទះ​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​រថយន្ត​កាម៉ាស់​ដឹក​ខ្សាច់​​ដ៏​ធំ​មួយ​គ្រឿង​បាន​បើក​មក​ជាប់​​ផុង​​កង់​ក្រោយ​​នៅ​ចំណុច​​ខាង​លើ​ បន្ទាប់​មក​ក៏​មាន​រថយន្ត​ដឹក​ស្រូវ​ខ្នាត​​យក្ស​មួយ​គ្រឿង​ បើក​មក​​ដល់​ជៀស​ទៅ​ខាង​ឆ្វេង​ដៃ (ស្របទិស​​គ្នា) ​បំរុង​វាង​រថយន្ត​កាម៉ាស់​ដែល​ជាប់​ផុង​ ប៉ុន្តែ​​រថយន្ត​​ទៅ​មុខ​មិន​​​ទាន់​ផុត​​កង់​មុខ​ផង​​ក៏​ឈប់​​ទ្រឹង​មួយ​កន្លែង​ធ្វើ​ឱ្យ​ផ្លូវ​ទាំងមូល​ត្រូវ​បិទ​​ជិត​ដោយ​​​សារ​រថយន្ត​ទាំង​ពីរ​គ្រឿង​ សូម្បី​តែ​រ៉ឺម៉ក​និង​ម៉ូតូ​ កង់​ក៏​ទៅ​មិន​រួច​ទាំង​អស់​ ។

តាម​ប្រជាពល​រដ្ឋ​​រស់​នៅ​កន្លែង​កើត​ហេតុ​​បាន​ប្រាប់​ថា កាល​ពី​មួយ​ខែ​មុន​នេះ ត្រង់​កន្លែង​ជាប់ផុង​មុខ​ផ្ទះ​របស់​ពួកគាត់ គឺ​​ជា​ផ្លូវ​កៅ​ស៊ូ​ទេ (ផ្លូវ​ជាតិ​លេខ​១១) ប៉ុន្តែ​ដោយ​សារ​ក្រុម​អាជីវ​ករ​ដឹក​ស្រូវ​ ដឹក​ខ្សាច់​ ធ្ងន់ៗ​​ពេក​ធ្វើ​ឱ្យ​ផ្លូវ​​​នេះ​ខូច​​បែក​ប្រេះ ហើយ​ក៏​មាន​មនុស្ស​មួយ​ក្រុម​យក​គ្រឿង​ចក្រ​ពីរ​បី​មក​ឈូស​កើប​យក​កៅស៊ូ និង​ដី​ស្អុយ​​ចេញ​​ក្នុង​ចម្ងាយ​​ប្រមាណ​ជា​២០០​ម៉ែត្រ ។ បន្ទាប់​ពី​ឈូស​កើប​​យក​ដី​ស្អុយ​ និង​កៅស៊ូ​​ចេញ​អស់​​​ ក៏​ទុក​ផ្លូវ​នេះ​ចោល​ដោយ​មិ​ន​បាន​ចាក់​ថ្ម ឬ​កៅស៊ូ​ឱ្យ​​ទៅ​ជា​ផ្លូវ​ស្អាត​ល្អ​វិញ​ទេ ។ ​លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៦ មីនា ក៏​មាន​ភ្លៀង​ធ្លាក់​មួ​យ​មេ​ជ្រាប​​ទឹក​ចូល​ទៅ​ក្នុង​ដី​ផ្លូវ​ធ្វើ​ឱ្យ​ដី​ជ្រាយ​ ពេល​មាន​រថយន្ត​ម៉ូតូ​បើក​មក​ធ្វើ​ឱ្យ​បែក​ជា​​ល្បាប់​​ និង​ផុង​​​ដោយ​កន្លែង ​ហើយ​នៅ​ម៉ោង​១១​យប់ ថ្ងៃ​ដដែល​ពេល​​រថយន្ត​​កាម៉ាស់​ខាង​លើ​ដឹក​ធ្ងន់​ពេក​​មក​ជួប​​នឹង​​ថ្នល់​​ដែល​កំពុង​ជ្រាយ​ស្រាប់​ក៏​ធ្វើ​ឱ្យ​ផុង​​​ជាប់​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ​រហូត​ដល់​ម៉ោង​ជិត​៥​ភ្លឺ ក៏​មាន​រថយន្ត​ដឹក​ស្រូវ​ខ្នាត​យក្ស​មួយ​គ្រឿង បើក​​មក​ជាប់​ក្បែរ​គ្នា​​ទៀត​ ធ្វើ​ឱ្យ​​ផ្លូវ​​ទាំង​មូល​ត្រូវ​បិទ​​​ជាប់​មិន​អាច​ធ្វើ​ចរា​ចរណ៍​​បាន​ទាំង​អស់ ហើយ​មក​​ដល់​ម៉ោង​​៧​ព្រឹក​​​ ទើប​មាន​គ្រឿង​ចក្រ​របស់​​មន្ទីរ​សាធា​រណ​ការ​ និង​ដឹក​​ជញ្ជូន​​ខេត្ត​២​ទៅ៣​គ្រឿង​​មក​ជួយ​អន្តរា​គមន៍​​ និង​អូស​ទាញ​​រថយន្ត​ដែល​ជាប់​​​ម្តង​​មួយៗ​ ដោយ​​​ចំណាយ​ពេល​ម្តង​ៗ​រាប់​​ម៉ោង ព្រោះ​​រថយន្ត​ខ្សាច់ និងរថយន្ត​​ដឹក​ស្រូវ​សុទ្ធ​​តែ​​ខ្នាត​យក្ស​​ដែល​ផ្ទុក​​ទំងន់​​ចាប់​ពី​៥០​តោន​ទៅ​៦០​តោន ។ ​ចំណែក​ឯ​រថយន្ត​តូចៗ​ ម៉ូតូ​ កង់​​ រ៉ឺម៉ក ត្រូវ​ចំណាយ​​ពេល​ជាង​១​ម៉ោង ទើប​ឆ្លង​​ផុត​ផ្លូវ​ដ៏​លំបាក​នេះ​ដែល​មាន​ចំងាយ​តែ​ប្រមាណ​​ជា​២០០​ម៉ែត្រ​ប៉ុណ្ណោះ ។ ​

នៅ​ព្រឹក​ថ្ងៃ​​ទី​៧ មីនា ដែល​ជា​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​​​ផង​នោះ មន្ត្រី​រាជ​ការ​ទាំង​អស់​​ដែល​ត្រូវ​​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ក្រុង​ព្រៃ​វែង ​ត្រូវ​ខាត​ពេល​វេលា​ធ្វើ​​ការ​យ៉ាង​​តិច​២​ម៉ោង ដោយ​សារ​​ស្ទះ​ចរា​ចរណ៍​។ ចំណែក​​សិស្សានុ​សិស្ស​​វិទ្យា​ល័យ​​ពាមរក៍ ត្រូវ​ខាត​ពេល​សិក្សា​ជិត​១​ម៉ោង លោក​គ្រូ​ អ្នក​គ្រូ​ខាត​ពេល​បង្រៀន​សិស្ស​ជិត​១​ម៉ោង​​ដែរ ឯ​អាជីវ​ករ​​នានា​ក៏​ត្រូវ​ខក​ខាន​ពេល​វេលា​ប្រគល់​ទំនិញ​ឱ្យ​អតិថិ​ជន។​​ កត្តា​ទាំង​អស់​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ត្អួញ​​ត្អែរ​ និង​រិះ​គន់​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ទៅ​លើ​មន្ទីរ​សាធា​រណ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​ ដែល​គ្រាន់​តែ​ផ្លូវ​​ប្រវែង​ប្រមាណ​ជាង​២០០​ម៉ែត្រ​សោះ​ ឈូស​កើប​ហើយ​ទុក​ចោល​មិន​ព្រម​ធ្វើ​ឱ្យ​​​ហើយ​បង្ក​​ឱ្យ​​​លំបាក​ដល់​​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​ប្រជា​ពល​រដ្ឋ មន្ត្រី​រាជ​ការ ​និង​សិស្សានុ​សិស្ស ។ ករណី​នេះ​​លោក​សឹម តេង អនុ​ប្រធាន​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ខេត្ត​​មាន​ប្រសាសន៍​ថា ផ្លូវ​ជាតិ​លេខ​១១ នេះ​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​​ជួស​ជុល​ឡើង​វិញ​របស់​ក្រសួង​ដែល​​បាន​ដាក់​​ឱ្យ​ក្រុម​ហ៊ុន​​ឯក​ជន​ដេញ​ថ្លៃ​ធ្វើ គឺ​ពុំ​មែន​ជាការ​ទទួល​ខុស​ត្រូវ​​របស់​មន្ទីរ​នោះ​ទេ៕