ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​លោក​កា​ដា​ហ្វី​វាយ​រុញ​ច្រាន​ពួក​បះ​បោរ​លី​ប៊ី​វិញ

15 ឆ្នាំ មុន

កង​ទ័ព​រដ្ឋា​ភិ​បាល​លី​ប៊ី​កាល​ពី​ថ្ងៃ​ទី​២៩ មីនា បាន​វាយ​រុញ​ច្រាន​កង​កម្លាំង​ពួក​បះ​បោរ​ដែល​លើក​មក​កាន់​ទី​តាំង​របស់​លោក​កា​ដា​ហ្វី​គឺ​ទី​ក្រុង SYRTE ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​​ទី​ក្រុង​ទ្រីប៉ូលី​។ ការ​វាយ​បក​ឱ្យ​ដក​ថយ​ក្រោយ​វិញ​នេះរបស់​ពួក​បះ​បោរ​ធ្វើ​ឡើង​ ខណៈ​​ពេល​មាន​កិច្ច​ប្រជុំ​អន្តរ​ជាតិ​មួយ​នៅ​ក្រុង​ឡុងដ៏​ ស្តី​ពី​អនា​គត​របស់​លី​ប៊ី​ និង​មធ្យោ​បាយ​​ទាំង​ឡាយ​ដើម្បី​ឱ្យ​លោក​កា​ដា​ហ្វី​ ព្រម​ចាក​ចេញ​ពី​អំណាច​។
ទោះ​បី​ជា​មាន​ការ​ជួយ​ទ្រ​ទ្រង់​តាម​រយៈ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អន្តរ​ជាតិ​ ដែល​បាន​បញ្ឈប់​ការ​វាយ​បក​របស់​កង​ទ័ព​លោក​កា​ដា​ហ្វី​​ក្នុង​ពេល​ដែល​កង​ទ័ព​នេះ​ប្រុង​វាយ​ដណ្តើម​កាន់​កាប់​ទី​ក្រុង​បេន​ហ្គា​ហ្ស៊ី​ទី​តាំង​បង្អែក​របស់​ពួក​ប្រឆាំង​នៅ​ភាគ​ខាង​កើត​ប្រទេស​ ក៏​កង​ទ័ព​បះ​បោរ​​ហាក់​ដូច​ជា​ពុំ​ទាន់​មាន​ប្រៀប​ខ្លាំង​ និង​ការ​ចាត់​តាំង​ប្រយុទ្ធ​ដូច​កង​កម្លាំង​រដ្ឋា​ភិ​បាល​នៅ​ឡើយ​។​
បន្ទាប់​ពី​រុល​ទៅ​ដល់​ទី​ក្រុង​ណូ​ហ្វី​ លី​យ៉ា​ កាល​ពី​ថ្ងៃ​ទី​២៨ មីនា​​ ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​​ពី​ទី​ក្រុង​ SYRTE កង​កម្លាំង​បះ​បោរ​ត្រូវ​វាយ​រុញ​ច្រាន​យ៉ាង​រប៉ាត់​រប៉ាយ​បំផុត​ កាល​ពី​ថ្ងៃ​ទី​២៩ មីនា រហូត​ដល់​ទី​ក្រុង BEN JAOUAD ចម្ងាយ​៤០​គីឡូ​ម៉ែត្រ​កាន់​តែ​ឆ្ងាយ​ទៅ​ភាគ​ខាង​កើត​រួច​ត្រូវ​វាយ​បណ្តេញ​ចេញ​ពី​ទី​នោះ​ទៀត​។ ពុំ​មាន​ការ​​វាយ​ប្រហារ​​ណា​មួយ​របស់​កង​កម្លាំង​ចំរុះ​អន្តរ​ជាតិ​​ជួយ​ដល់​ពួក​បះ​បោរ​ឡើយ​ក្នុង​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​​ម៉ោង​នៅ BEN JAOUAD ។
ទី​ក្រុង​ SYRTE ជា​ទី​ក្រុង​មួយ​មាន​ប្រជា​ជន​១០០.០០០​​នាក់​គ្រប់​គ្រង​ដោយ​ពួកកុល​​សម្ព័ន្ធ​​របស់​លោក​កា​ដា​ហ្វី​។ ការ​ប្រយុទ្ធ​គ្នា​​ក្នុង​តំបន់​មាន​​ប្រជា​​ជន​ច្រើន​បែប​នេះ​ជា​ការ​លំបាក​សំរាប់​ពួក​​បះ​បោរ​ក​៏​ដូច​ជា​សំរាប់​អូតង់​។ កិច្ច​ការ​ពារ​ប្រជា​ជន​ស៊ី​វិល គឺ​ជា​ទិស​ដៅ​សំខាន់​កំណត់​ដោយ​ដំណោះ​ស្រាយ​​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ដែល​អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង​។
ម្យ៉ាង​ទៀត​កង​ទ័ព​រដ្ឋា​ភិ​បាល​នា​ថ្ងៃ​ទី​២៩ មីនា បន្ត​ឡោម​ព័ទ្ធ​ទី​ក្រុង​​ MISRATA ជា​ទី​ក្រុង​ចុង​ក្រោយ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ភាគ​ខាង​លិច​ប្រទេស​ និង​ជា​ទី​ក្រុង​ធំ​បំផុត​ទី​៣​របស់​ប្រទេស​។
ចំណែក​កង​ម៉ារីន​អាមេរិក​ប្រកាស​ថា ខ្លួន​បាន​វាយ​ប្រហារ​​នាវា​ទាំង​​ឡាយ​របស់​កង​ឆ្មាំ​​ឆ្នេរ​សមុទ្រ​លី​ប៊ី​ដែល​បាញ់​លើ​បណ្តា​​នាវា​ដឹក​ទំនិញ​ក្នុង​កំពង់​ផែ​។
បារាំង​ត្រៀម​ផ្តល់​ជំនួយ​យោធា​ដល់​ពួក​ឧទ្ទាម​
ក្រុង​ប៉ា​រីស​និយាយ​ថា ត្រៀម​ពិភាក្សា​ជា​មួយ​បណ្តា​សម្ព័ន្ធ​មិត្ត​អំពី​ជំនួយ​យោធា​ឱ្យ​ដល់​ពួក​ឧទ្ទាម​លី​ប៊ី​ជា​លទ្ធ​ភាព​មួយ​គ្រោង​ផង​ដែរ​ដោយ​ក្រុង​​វ៉ា​ស៊ីនតោន ។ នៅ​លើ​ទី​លាន​​មាន​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​២​លើក​ត្រូវ​បាន​ស្តាប់ឮ​កាល​ពី​ថ្ងៃ​ទី​២៩ មីនា នៅ​ទី​ក្រុង​ទ្រី​ប៉ូលី​។
លោក ALAIN JUPPE រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​ថ្លែង​នា​ថ្ងៃ​ទី​២៩ មីនា ថា បារាំង​ត្រៀម​ពិភាក្សា​ជាមួយ​​ពួក​សម្ព័ន្ធ​​មិត្ត​អំពី​ជំនួយ​យោធា​ដល់​​ពួក​បះ​បោរ​លីប៊ី​ ក៏​ប៉ុន្តែ​​លោក​ពុំបាន​​បញ្ជាក់​ពី​ប្រភេទ​នៃ​ជំនួយ​ទាំង​នេះ​​ឡើយ។
រី​ឯ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អ.ស.ប​ លោក​ស្រី ស៊ូ​សាន រ៉ៃ​ គូស​បញ្ជាក់​ថា សហ​រដ្ឋ​អាមេរិក​ពុំ​បដិ​សេធ​ឡើយ​នូ​វ​ការ​​ផ្តល់​ជំនួយ​យោ​ធា​ដល់​ពួក​បះ​បោរ​លី​ប៊ី​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ផ្តួល​រំលំ​លោក​កា​ដា​ហ្វី​។
ប្រមុខ​អូតង់​ចង់​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោ​បាយ​​
អគ្គ​លេខា​ធិការ​អូ​តង់​ លោក ANDERS FOGH RASMUSSEN ដែល​ពុំ​អាច​ព្យាករណ៍​បាន​ពី​រយៈ​ពេល​នៃ​ប្រតិ​បត្តិ​​ការ​នៅ​លី​ប៊ី​វាយ​តម្លៃ​កាល​ពី​ថ្ងៃ​ទី​២៩ មីនា ថា ដំណោះ​ស្រាយ​យោធា​តែ​មួយ​មុខ​គត់​នឹង​ពុំ​អាច​ដោះ​ស្រាយ​វិបត្តិ​លី​ប៊ី​បាន​ឡើយ​។ បន្ទាប់​ពី​សន្និ​សីទ​នៅ​ទី​ក្រុង​ឡុងដ៏​ស្តី​ពី​លី​ប៊ី​ លោក​បាន​ស្នើ​ដល់​គ្រប់​ភាគី​ដែល​ទាក់​ទិន​ឱ្យ​ស្វែង​រក​ដោយ​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​ដំណោះ​ស្រាយ​នយោ​បាយ​មួយ​ចំពោះ​ជម្លោះ​។ លោក​បន្ត​ថា ខ្ញុំ​សង្ឃឹម​យ៉ាង​ច្បាស់​ថា យើង​នឹង​រក​ឃើញ​ក្នុង​ពេល​ឆាប់ៗ​នូវ​ដំណោះ​ស្រាយ​នយោ​បាយ​មួយនៃ​បញ្ហា​នៅ​លី​ប៊ី​។ ច្បាស់​ណាស់​ថា ដំណោះ​ស្រាយ​យោធា​មួយ​មុខគត់​នឹង​ពុំ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ឡើយ​។
អគ្គ​លេខា​ធិការ​អូ​តង់​បន្ត​ថា យើង​ទៅ​កាន់​ទី​នោះ​ដើម្បី​ការ​ពារ​ជន​ស៊ីវិល​ពី​ការ​វាយ​ប្រហារ​​នានា ក៏​ប៉ុន្តែ​ដំណើរ​ការ​នយោ​បាយ​គឺ​ចាំ​បាច់​ដើម្បី​​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​ស្ថិត​ស្ថេរ​មួយ​ ហើយ​ខ្ញុំ​ស្នើ​ដល់​គ្រប់​ភាគី​ដែល​​ទាក់​ទិន​ឱ្យ​ស្វែង​រក​ដំណោះ​ស្រាយ​នយោ​បាយ​បែប​នោះ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​។
លោក RASMUSSEN បាន​បដិ​សេធ​ការ​រិះ​គន់​ទាំង​ឡាយ​របស់​ប្រមុខ​ការ​ទូត​រុស្ស៊ី​ លោក​ស័រ​ហ្គេយ​ ឡាវ​រ៉ូវ ដែល​និយាយ​ថា បេសកកម្ម​របស់​ពួក​លោក​ខាង​លិច​ គឺ​ជា​អន្តរា​គមន៍​​ដោយ​ផ្ទាល់​ក្នុង​សង្គ្រាម​ស៊ី​វិល​មួយ​ដែល​ហួស​ពី​ដំណោះ​ស្រាយ​១៩៧៣​របស់​អ.ស.ប​។
បណ្តា​អ្នក​ទទួ​ល​ខុស​ត្រូវ​ខាង​យោធា​និយាយ​ថា អូតង់​គ្រោង​រយៈ​ពេល​ប្រមាណ​ជា​៣​ខែ​សំរាប់​ប្រតិ​បត្តិ​ការ​នៅលី​ប៊ី​ ក៏​ប៉ុន្តែ​អ្វីៗ​ផ្អែក​លើ​សេចក្តី​សំរេច​ចិត្ត​របស់​អ.ស.ប​។
បេសកកម្ម​នៅ​លី​ប៊ី​មន្ទីរ​ប៉ង់​តា​ហ្គោន​ចំណាយ​ប្រាក់​៥៥០​​លាន​ដុល្លារ​ហើយ​
បណ្តាអ្នក​ទទួល​ខុស​ត្រូវ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ឱ្យ​ដឹង​ថា ប្រតិ​បត្តិ​ការ​យោធា​នៅ​លី​ប៊ី​រហូត​មក​ទល់​ពេល​នេះ​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​ចំណាយ​ប្រាក់​អស់​ដល់​៥៥០​លាន​ដុល្លារ​ហើយ​ ពិសេស​ការ​ចំណាយ​លើ​គ្រាប់​បែក​ និង​មី​ស៊ីល​។​ នោះ​ជា​តួ​លេខ​ផ្លូវ​ការ​លើក​ដំបូង​របស់​អាមេរិក​តាំង​ពី​ចាប់​ផ្តើម​ធ្វើ​អន្តរា​គមន៍​មក​។ ទឹកប្រាក់​ទាំង​នោះ​​ប្រមាណ​៦០%​ចំណាយ​សំរាប់​គ្រាប់​រំសេវ​។ គិត​មក​ដល់​ថ្ងៃ​ទី​២៨ មីនា កង​ទ័ព​អាមេរិក​បាន​បាញ់​មី​ស៊ីល​ TOMA​-HAWK ចំនួន​១៩២​គ្រាប់​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ពី​១​លាន​ទៅ​១,៥​លាន​ដុល្លារ​ក្នុង​មួយ​គ្រាប់​។ យន្ត​ហោះ​ចម្បាំង​អាមេរិក​ចេញ​ធ្វើ​ប្រតិ​បត្តិ​ការ​៩៨៣​លើក ក្នុង​នោះ​៣៧០​លើក​បំពេញ​បេសកកម្ម​ទម្លាក់​គ្រាប់​បែក​ ហើយ​ការ​ហោះ​ហើរ​ឯ​ទៀត​ គឺ​ដើម្បី​សង្កេត​ការណ៍​ ឬ​ផ្គត់​ផ្គង់​ខាង​ភស្តុ​ភារ​ ៕