រាជធានីភ្នំពេញ ៖ មេខ្លោងជួញដូរ ចែកចាយគ្រឿងញៀនធំមួយឈ្មោះហុង អេនឌី និងបក្សពួក២នាក់ទៀតត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានតំណាងព្រះរាជអាជ្ញារាជធានី ដឹកនាំដោយលោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានី ព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៨ កុម្ភៈ ២០១១ នៅផ្ទះដីឡូត៍គ្មានលេខមួយកន្លែង ក្រុមទី៤ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ប្រមូលបានសារធាតុផ្សំផលិតគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ជាច្រើន ហើយនៅព្រឹកនេះទៀត គឺថ្ងៃទី១ មីនា សមត្ថកិច្ចកំពុងបន្តការឆែកនៅផ្ទះខាងលើដដែល ។
ជនឈ្មោះហុង អេនឌី នេះជាមុខសញ្ញាចាស់ ត្រូវបានសមត្ថកិច្ចតាមដានជាយូរមកហើយ និងធ្លាប់ចាប់ខ្លួនពីបទជួញដូរ ចែកចាយគ្រឿងញៀននេះម្តងផងដែរ កាលពីជាង១ឆ្នាំមុន ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែគេរួចចេញពីគុកគ្រលើម រហូតដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់បានម្តងទៀត ទើបដឹងថា ជាមុខដដែលៗនិងស្គាល់ឈ្មោះថា ហុង អេនឌី ។ ចាប់ខ្លួនលើកនេះគឺមានបក្សពួក២នាក់ទៀត ប៉ុន្តែមិនទាន់ត្រូវបានប៉ូលិសឱ្យដឹងពីអត្តសញ្ញាណនៅឡើយទេ រង់ចាំឆែកឆេរ និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកគេជាបន្តទៀតសិន ។
លោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបជនជួញដូរគ្រឿងញៀនយប់មិញនេះ (ម៉ោងជាង១១យប់ថ្ងៃទី២៨ កុម្ភៈ) គឺសមត្ថកិច្ចរឹបអូសបានសារធាតុផ្សំផលិតគ្រឿងញៀនយ៉ាងច្រើនផងដែរ រួមមាន ១-ឃ្យូដូប៉េឌ្រីន៩ថង់ ស្មើនឹង៦គីឡូក្រាម ២-ហ៊ីដ្រូក្លរីដ៥០កេស ស្មើនឹង១.០២៥ដបតូច ៣-សូឌីយ៉ូម៥កេស ស្មើនឹង៦២ដប ៤-ស៊ុលគ្ល័រ១៣១កេស ស្មើនឹង១.៣១៦ដប ៥-កាំភ្លើងខ្លីម៉ាកប្រាហា១ដើម…ក្រៅពីសារធាតុផ្សំទាំងនេះ នៅមានឧបករណ៍ផលិត និងប្រើប្រាស់ជាច្រើនទៀតត្រូវយកទៅរក្សាទុកដើម្បីធ្វើជាភស្តុតាង…ចំណែកមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនរបស់ជនសង្គមងងឹតត្រូវបានរឹបអូសផង ដែរ មានរថយន្តប្រភេទទួរីស១២កៅអី ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង មែរសឺដេសពណ៌ស ស៊េរីទំនើប១គ្រឿង ។
ខណៈពេលនេះសមត្ថកិច្ចចម្រុះកំពុងឆែកឆេរផ្ទះលួចលាក់ផលិតគ្រឿងញៀន នៅទីតាំងខាងលើជាបន្តទៀតហើយ ដោយមានលោកកួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកហ៊ី ណារិន អធិការខណ្ឌមានជ័យ ចូលរួមត្រួតពិនិត្យផងដែរ ។ ព្រោះយប់មិញនេះសមត្ថកិច្ចពិបាកពិនិត្យមើលសម្ភារ…។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព .
ចែករំលែកព័តមាននេះ