ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ពិតជា​ដើរតួ​នាទី​សំខាន់​ជា​កម្លាំង​ច​លករ​ជំរុញ​ឱ្យ​មានការ​ប្រែក្លាយ​ពី​ចំណេះដឹង​អំពី​បរិស្ថាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យុវជន​ពិតជា​ដើរតួ​នាទី​សំខាន់​ជា​កម្លាំង​ច​លករ​ជំរុញ​ឱ្យ​មានការ​ប្រែក្លាយ​ពី​ចំណេះដឹង​អំពី​បរិស្ថាន​ដែល​ប្រជាពលរដ្ឋ មាន​ទៅ​ជា​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​បៃតង មាន​បរិស្ថាន​ស្អាត​មាន​ផាសុកភាព និង​សោភ័ណ​ភាព​សម្រាប់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។ នេះ​គឺជា​ការ​គូសបញ្ជាក់​របស់​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ​ ៖ យុវជន​ពិតជា​ដើរតួ​នាទី​សំខាន់​ជា​កម្លាំង​ច​លករ​ជំរុញ​ឱ្យ​មានការ​ប្រែក្លាយ​ពី​ចំណេះដឹង​អំពី​បរិស្ថាន​ដែល​ប្រជាពលរដ្ឋ មាន​ទៅ​ជា​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​បៃតង មាន​បរិស្ថាន​ស្អាត​មាន​ផាសុកភាព និង​សោភ័ណ​ភាព​សម្រាប់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។

នេះ​គឺជា​ការ​គូសបញ្ជាក់​របស់​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​បញ្ជ្រាប​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​មេត្រីភាព​បរិស្ថាន និង​កម្មវិធី​ផ្តល់​បណ្ណ​សរសើ​រ​មេត្រីភាព​បរិស្ថាន ជូន​ដល់​ក្រុមការងារ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ និង​មន្ទីរ​ពាក់ព័ន្ធ ដែល​មាន​ចូលរួម​អប់រំ ផ្សព្វផ្សាយ​អនាម័យ​បរិស្ថាន និង​ការ​គ្រប់គ្រង​សំរាម​នៅ​ឱកាស​បុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​កន្លង​ទៅ​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា​ ការ​ផ្តល់​បណ្ណ​សរសើរ​មេត្រី​បរិស្ថាន​នេះ គឺជា​ការ​ថ្លែងអំណរគុណ​ដល់​អ្នក​ស្ម័គ្រចិត្ត​ទាំងឡាយ ដែល​តែងតែបាន​ចូលរួម​សកម្មភាព​សម្អាត​អនាម័យ បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពិធីបុណ្យ​ជាតិ​ធំ​ៗ​ដូច​ជា​ពិធីបុណ្យ​អ៊ុំ​ទូក​ជាដើម និង​ក៏​ជា​ការ​ទទួលស្គាល់​ចំពោះ​ស្មារតី​នៃ​ការ​ទទួលខុសត្រូវ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ដែល​បាន​លះបង់​ពេលវេលា កម្លាំង កាយ​កម្លាំងចិត្ត​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន និង​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​បាន​ល្អ​ប្រសើរ​។

លោក​នេត្រ ភក្ត្រា បាន​បន្ត​ថា សកម្មភាព​ដែល​ក្រុម​យុវជន ស្ថាប័ន​និង​អង្គភាព​ផ្សេង​ៗ​បាន​រួម​គ្នា សម្អាត​អនាម័យ​បរិស្ថាន នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​ធំ​ៗ​គឺជា​ការ​ចូលរួម​អប់រំ​និង​ផ្សព្វផ្សាយ បណ្តុះ​ស្មារតី ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​សម្អាត​បរិស្ថាន​ទាំងអស់​គ្នា​។ «​ក្រសួងបរិស្ថាន​តែងតែ​លើកទឹកចិត្ត​និង​ផ្តល់​នូវ​សេចក្តី​គោរព​សរសើរ​ចំពោះ​រូបវន្តបុគ្គល​និង​នីតិបុគ្គល​ទាំងឡាយ​ដែល​បាន​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​បាន​ល្អ​ប្រសើរ និង​សូម​លើកទឹកចិត្ត​ដល់​ប្រជា ពលរដ្ឋ​ដទៃ​ទៀត សូម​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ពោល​គឺ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ទុក ដាក់​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​»​។

លោក​នេត្រ ភក្ត្រា បញ្ជាក់​យ៉ាង​ដូច្នេះ មុន​នឹង​បន្ថែម​ថា​ពល រដ្ឋ​គ្រប់​រូប​មាន​ភារកិច្ច​ចូលរួម​សម្អាត​បរិស្ថាន​ជុំវិញ​ខ្លួន និង​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ដែល​មាន ហើយ​ការ​លើកទឹកចិត្ត​ចំពោះ​អ្នក​ដែល​បាន​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ​គឺជា​ភាព​ចាំបាច់​ដើម្បី​ជំរុញ បំផុសស្មារតី​ស្រឡាញ់​បរិស្ថាន​ឱ្យ​កាន់តែ​ច្រើន​ទៀត​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​។

បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹង​របស់​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​លើ​បញ្ហា​បរិស្ថាន ប៉ុន្តែ​ការ​ចូលរួម​នៅ​មាន​កម្រិត​នៅឡើយ ហើយ​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ជំរុញ​ការ​ប្រែក្លាយ​ពី​ការ​យល់​ដឹង​ទៅ​ជា​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ឱ្យ​កាន់តែ​ច្រើន​ឡើង​។ ​

លោក​​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​សម្បូណ៌​ដោយ​បេតិកភណ្ឌ​វប្បធម៌ ធម្មជាតិ មាន​រមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ ជាតិ​ឱ្យមក​ទស្សនា​ហើយ​បរិស្ថាន​ស្ថាន ទេសភាព​ល្អ​ស្អាត​មិន​បំពុល​ដោយ​សំណល់​សំរាម សំណល់ ប្លា​ស្ទិ​ក និង​បរិស្ថាន​កខ្វក់ នឹង​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថែម​ទៀត​។ ដូច្នេះ​ចាំបាច់​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ប្រចាំ​។

ជាមួយ​គ្នា​នេះ លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​កសាង​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូ​ល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ក្នុង​ច​ក្ចុ​វិស័យ​បរិស្ថាន គឺ​កម្ពុជា ឆ្នាំ​២០៥០ គុណភាព​បរិស្ថាន និង​និ​រ​ត្តរ​ភាព​បរិស្ថាន​ត្រូវ​បាន​ធានា ហើយ​ប្រជាពលរដ្ឋ​នឹង​មាន ចំណេះដឹង​ខ្ពស់​និង​ចូលរួម​កាន់តែ​សកម្ម​ក្នុង​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​ស្រប​ទៅ​តាម​ការ វិ​វ​ឌ្ឍ​របស់​ប្រទេស​និង​ពិភពលោក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ